39 C
Phnom Penh

ក្រុម​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​ជិត​៣​លាន​ដុល្លារ​ដើម្បី​ផលិត​ខ្សែភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ឧកញ៉ា​មួយ​ចំនួន​ដែល​បាន​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឧបត្ថម្ភ​ទឹកប្រាក់​ជិត ៣​លាន​ដុល្លារ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ផលិត​ខ្សែភាពយន្ត​រឿង​ប្រវត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី «កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី»។

បើ​តាម​បញ្ជី​ឈ្មោះ​សប្បុរសជន​ឧបត្ថម្ភ​ប្រាក់​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​ចុះហត្ថលេខា​អ្នក​រៀបចំ​ដោយ​មេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង បង្ហាញ​ឈ្មោះ​បុគ្គល​ចំនួន ២៣​នាក់​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ឧកញ៉ា។

ក្នុង​បញ្ជី​ឈ្មោះ​នោះ ពួកគេ​បាន​បរិច្ចាគ​ទឹកប្រាក់​ចាប់ពី ៥​ម៉ឺន​ដុល្លារ (៥០០០០​ដុល្លារ) រហូត​ដល់ ៦០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ ក្នុង​នោះ​លោក គិត ម៉េង ផ្ដល់​ប្រាក់ ៦០​ម៉ឺន​ដុល្លារ ហើយ​លោក លី យ៉ុងផាត់ ៥០​ម៉ឺន​ដុល្លារ ព្រមទាំង​ឧកញ៉ា លី សុខថៃ ចំនួន ៣០​ម៉ឺន​ដុល្លារ និង​ឧកញ៉ា ឃុន សៀ ចំនួន ២០​ម៉ឺន​ដុល្លារ ខណៈ​លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​ចំនួន ៥​ម៉ឺន​ដុល្លារ។

ចំណែក​ឧកញ៉ា​មួយ​ចំនួន​ទៀត​ក៏​បរិច្ចាគ​ម្នាក់ៗ​ចំនួន ៥​ម៉ឺន​ដុល្លារ ខណៈ​ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ​ជា​ស្រាបៀ ៥០០០​កេស​ស្មើ​នឹង​ប្រាក់ ៣០​ម៉ឺន​ដុល្លារ។

យ៉ាងណា ឧកញ៉ា​ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ខាងលើ សុទ្ធសឹងតែ​ជា​អ្នក​ដែល​បាន​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រៅពី​ក្រុម​ឧកញ៉ា​នៅ​ក្នុង​បញ្ជី​សប្បុរសជន​ឧបត្ថម្ភ​ប្រាក់​ផលិត​ខ្សែភាពយន្ត «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ក៏​បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ដែរ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អភិបាល​សាលា​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាដើម។

មេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ផលិត​ខ្សែភាពយន្ត​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​អំពី​ប្រវត្តិ​តស៊ូ​របស់​លោក ហ៊ុន សែន ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែង​ថា ការ​បរិច្ចាគ​ប្រាក់​របស់​ក្រុម​ឧកញ៉ា​ទាំងនេះ ធ្វើឡើង​ដើម្បី​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍ លុប​បឹងបួ ទន្លេ ឬ​ដី​សាធារណៈ ដើម្បី​ការពារ​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន​របស់​ពួកគេ​តែប៉ុណ្ណោះ។

លោក​ថា តាមរយៈ​ការ​បរិច្ចាគ​ប្រាក់​ទាំងនេះ ក៏​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​ដោយ​សុចរិត​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុម​ឧកញ៉ា​ទាំងនោះ​បាន។ ការ​បរិច្ចាគ​ប្រាក់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ដូចនេះ ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី ឬ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ។

ទាក់ទង​នឹង​រឿង​ពុករលួយ​ដោយឡែក​មួយ​ទៀត​កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) លោក ស ខេង បាន​ទម្លាយ​រឿង​ពុករលួយ​របស់​រដ្ឋមន្ត្រី​មួយ​រូប​ដោយ​មិន​បញ្ចេញ​ឈ្មោះ ពាក់ព័ន្ធ​គម្រោង​ធ្វើ​ផ្លូវ ខណៈ​រដ្ឋមន្ត្រី​រូប​នោះ​ចោទ​ក្រសួង​មហាផ្ទៃ​ថា​ព្យាយាម​ប្រមូល​អំណាច។

លោក​បញ្ជាក់​ថា គម្រោង​ធ្វើ​ផ្លូវ​មួយ​ចាយ​អស់​តែ ៤០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋមន្ត្រី​រូប​នោះ​បាន​ដាក់​ការ​ចំណាយ​រហូត​ដល់ ១​លាន​ដុល្លារ។

បើ​តាម​សន្ទស្សន៍​រក​ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០២១ ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ គេ​បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន ១៨០ នៅ​លើ​ពិភពលោក​រឿង​ពុករលួយ។ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​កម្រិត​ពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាជិក​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស