33.2 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​បំផ្លាញ​ស្ថាបត្យកម្ម​ដូនតា​អាច​ជា​ការ​ចង់​បំបាត់​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល និង​បក្ស​ក្រៅ​រដ្ឋាភិបាល​លើកឡើង​ថា ការ​បំផ្លាញ​ស្ថាបត្យកម្ម​បុរាណ​មួយ​ទៀត​ថ្មីៗ​នេះ​នៅ​ក្នុង​វត្ត​បទុមវតី អាច​ជា​ការ​ចង់​បំបាត់​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ ខណៈ​កុដិ​បុរាណ​ដែល​សាងសង់​តាំងពី​ឆ្នាំ​១៩៣០ នៅ​វត្ត​ឧណ្ណាលោម ទើប​ត្រូវ​បាន​វាយ​កម្ទេច​ចោល​នា​ពេល​ថ្មីៗ​នេះ។

ការ​លើកឡើង​ពី​អ្នក​ឃ្លាំមើល និង​បក្ស​ក្រៅ​រដ្ឋាភិបាល បន្ទាប់ពី​ចេតិយ​បុរាណ​ដែល​កសាង​នៅ​ឆ្នាំ​១៩០០ ស្ថិត​ក្នុង​វត្ត​បទុមវតី ត្រូវ​បាន​វាយ​កម្ទេច​ក្រោម​ហេតុផល​ថា​ច្រឡំ។ ក្រោយពី​មាន​ការ​វាយ​កម្ទេច​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នក​ឃ្លាំមើល ព្រមទាំង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​សម្ដែង​ប្រតិកម្ម។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទទូច​ទៅ​ព្រះសង្ឃ និង​កូន​ខ្មែរ​ទាំងអស់ ឲ្យ​នាំគ្នា​គិត​ពី​មូលហេតុ​ដែល​គេ​នាំគ្នា​បំផ្លាញ​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​បែប​នេះ។ លោក​យល់​ថា​ការ​បំផ្លាញ​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ​នេះ អាច​ជា​ការ​ចង់​បំបាត់​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ​ឬ​យ៉ាង​ណា។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា តម្លៃ​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ​ពិតជា​ពិបាក​ជួសជុល និង​ថែរក្សា​ណាស់ បាន​ត្រូវ​វាយ​កម្ទេច​ចោល​នោះ។

លោក​បន្ត​ថា ពី​មុន​វាយ​កុដិ​បុរាណ (១៩៣០) សង់​ចេតិយ​នៅ​វត្ត​ឧណ្ណាលោម​អស់​ហើយ មក​វាយ​ចេតិយ​បុរាណ (១៩០០) នៅ​វត្ត​បទុមវតី។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ថែរក្សា ជាពិសេស​ចេតិយ​នៅ​លើ​កំពូល​ភ្នំ​ឧដុង្គ​ផង។ ហេតុ​ដូចម្តេច​ក៏​មិន​អំពាវនាវ​ឲ្យ​ផ្ដន្ទាទោស​ជន​បំផ្លាញ​វត្ថុ​បុរាណ?

ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​ថា បើ​ខុស​ម្តង​នោះ​វា​អាច​ទទួល​បាន ដោយ​យល់​ថា​ជា​មេរៀន ប៉ុន្តែ​ប្រសិនបើ​ខុស​រឿង​ដដែល​ម្តង​ហើយ​ម្តង​ទៀត លោក​ថា​វា​ពិត​ជា​មាន​រឿង​មិន​ធម្មតា​ឡើយ។

លោក​បញ្ជាក់​ថា ករណី​នេះ​អាច​មាន​អ្វី​នៅ​ពីក្រោយ​ឆាក ដែល​រដ្ឋ​ត្រូវ​ទទួល​បន្ទុក​ពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់ចត់​ឡើងវិញ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ក៏​បាន​លើកឡើង​ដែរ​ថា ក្រសួង​ធម្មការ និង​សាសនា គួរ​តែ​ណែនាំ​ដល់​មន្ត្រី​សង្ឃ​ដឹកនាំ​វត្ត​នៅ​ទូទាំង​ប្រទេស ឲ្យ​យល់​ពី​ការ​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ។

លោក​បន្ត​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​សង្ឃ​ធ្វើ​ការ​សម្រេច​ខុស ហើយ​គ្មាន​ទោស គឺជា​ការ​លើក​ទឹកចិត្ត​ឲ្យ​មន្ត្រី​សង្ឃ​ផ្សេងៗ​ទៀត​ហ៊ាន​ធ្វើ​តាម​ដោយ​គ្មាន​ការ​ភ័យខ្លាច ជាពិសេស​សង្ឃ​លាក់​ខ្លួន​ពួន​សម្ងំ​ក្នុង​ព្រះពុទ្ធ​សាសនា ដើម្បី​បំភ័ន្ត​ភ្នែក​ពុទ្ធសាសនិកជន​ខ្មែរ។

ករណី​នេះ លោក សេក សុជាតិ ថា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គួរ​តែ​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា គ្រប់គ្រង​សម្បត្តិ​បេតិកភណ្ឌ​ដែល​បាន​កសាង​ឡើង​មាន​វ័យ​ចំណាស់​ទាំងអស់​ឲ្យ​បាន​គង់វង្ស។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា ក្រសួង​មាន​ការ​សោកស្ដាយ​ដោយសារ​កុដិ​ដែល​កសាង​នៅ​អំឡុង​ឆ្នាំ​១៩៣០ ត្រូវ​បាន​វាយ​កម្ទេច​ចោល ខណៈ​ដែល​កុដិ​ទាំងនេះ​បាន​ចុះបញ្ជី​ក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៧។

អ្នក​ឃ្លាំមើល​ក៏​យល់​ថា ទង្វើ​បែប​នេះ​អាច​ហៅថា​ខ្មែរ​បំផ្លាញ​ខ្លួនឯង ឬ​មាន​អ្នក​ជំរុញ​ឲ្យ​បំបាត់​ភស្តុតាង។

ប្រភព​ដដែល​ថា ការ​រុះរើ និង​វាយ​កម្ទេច​កុដិ​ចាស់​ចោល​ដោយ​ពុំ​បាន​សិក្សា​ពិគ្រោះ និង​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គឺជា​ទង្វើ​ដែល​ផ្ទុយ​ពី​ច្បាប់ ព្រមទាំង​សារាចរ​រាជរដ្ឋាភិបាល​ដែល​ជា​ឯកសារ​គតិយុត្តិ​ផង​ដែរ។

កុដិ​ដែល​ក្រសួង​ចាត់ទុក​ជា​បេតិកភណ្ឌ​របស់​ជាតិ​ចំនួន​បី ត្រូវ​បាន​វាយ​កម្ទេច​ដើម្បី​យក​ទីតាំង​ធ្វើ​ជា​ចេតិយ​សម្រាប់​សម្ដេច​សង្ឃ​រាជាធិបតី ទេព វង្ស និង​សម្រាប់​ដាក់​ធាតុ​ពលរដ្ឋ​ទូទៅ។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ចាត់ទុក​ការ​វាយ​កម្ទេច​កុដិ​ដែល​មាន​អាយុកាល​ជិត​មួយ​សតវត្សរ៍​នេះ ថា​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​ជា​ធរមាន។

សំណួរ​ត្រង់​ថា អ្នក​ណា​អាច​ផ្ដន្ទាទោស​សម្តេច​សង្ឃរាជ ទេព វង្ស?

យោង​តាម​ក្រមព្រហ្មទណ្ឌ​មាត្រា ៥១០ ចែង​ថា អំពើ​ដែល​ធ្វើ​ឡើង​ដោយ​ចេតនា​ក្នុង​ការ​បំផ្លាញ​បណ្ដាល​ឲ្យ​ទ្រុឌទ្រោម និង​ខូចខាត​ដល់​បូជនីយដ្ឋាន​សក្ការបូជា​ចំពោះ​ព្រះពុទ្ធ​សាសនា ឬ​បូជនីយវត្ថុ​ក្នុង​សាសនា​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ដល់ ១០​លាន​រៀល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស