30 C
Phnom Penh

លោក កឹម សុខា ថា​តែងតែ​ប្រាថ្នា​ចង់​បាន​ការ​សន្ទនា​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បី​ផល​ប្រយោជន៍​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ និង​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ លោក កឹម សុខា អះអាង​ថា លោក​តែងតែ​ប្រាថ្នា​ចង់​បាន​ការ​សន្ទនា​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ផល​ប្រយោជន៍​ជាតិ។

លោក កឹម សុខា បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​មករា ថា​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង លោក Jacques PELLET នៅ​ក្នុង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ លោក​បាន​ផ្លាស់ប្ដូរ​ព័ត៌មាន ទស្សនៈ និង​គោលជំហរ​ជុំវិញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-បារាំង ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។

លោក​អះអាង​ថា គោលជំហរ​របស់​លោក​ជាទូទៅ លោក​តែងតែ​ទទួល​ស្វាគមន៍​ជួប​ពិភាក្សា​ការងារ និង​ទំនាក់ទំនង​ជាមួយ​តំណាង​អង្គការ​សហប្រជាជាតិ តំណាង​ប្រទេស ឬ​អ្នក​ការទូត​នានា​ដែល​ជា​មិត្ត​របស់​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​ថា​ជា​ប្រទេស​លោក​សេរី ឬ​កុម្មុយនីស្ត ឬ​អព្យាក្រឹត​ឡើយ ដើម្បី​ផល​ប្រយោជន៍​ខ្មែរ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ គឺ​មិនមែន​ជា​ការ​គប់គិត​គ្នា​ដោយ​សម្ងាត់​ដែល​នាំ​ឱ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​កម្ពុជា​ឡើយ។

លោក​អះអាង​ថា លោក​នៅតែ​យល់ឃើញ​ថា ការ​សន្ទនា​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ គឺ​រឹតតែ​សំខាន់​បំផុត​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

ចំណែក​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ថា ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​បារាំង លោក Jacques PELLET ជាមួយ​លោក កឹម សុខា នៅ​ស្ថានទូត​បារាំង ដើម្បី​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​បច្ចុប្បន្នភាព​ផ្សេងៗ ជាពិសេស​ពី​សារសំខាន់​នៃ​ការ​ពង្រីក​លំហ​នយោបាយ និង​ពលរដ្ឋ ក៏ដូចជា​សារសំខាន់​នៃ​ពហុបក្ស។

កាលពី​ថ្ងៃទី​១០ ខែ​មករា ដដែល លោក កឹម សុខា ក៏​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ។ ក្នុង​ជំនួប​ជាង ២​ម៉ោង​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​កាលពី​ចុង​ឆ្នាំ​២០២២ កន្លងទៅ និង​សម្រាប់​ឆ្នាំ​ថ្មី​២០២៣ ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ព្រមទាំង​អំពី​ដំណើរការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

លោក កឹម សុខា ថា​ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក​តែងតែ​លើកឡើង​អំពី​ចេតនា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា និង​ពហុភាគី​ក្នុង​តំបន់ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ជាពិសេស​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ឈរ​លើ​គុណតម្លៃ​ដែល​មាន ដូចជា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​ជាដើម។

អ្នក​នយោបាយ​ចាស់​វស្សា លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជាង ៥​ឆ្នាំ​មក​ហើយ។ សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​បិទ​បញ្ចប់​នីតិវិធី​នៃ​ការ​សួរ​ដេញដោល​លើ​អង្គ​សេចក្តី​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ លើ​សំណុំរឿង​ដែល​ចោទប្រកាន់​លោក កឹម សុខា ពី​បទ «គប់គិត​ជាមួយ​បរទេស​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល» និង​កំណត់​ឱ្យ​ភាគី​ក្នុង​រឿងក្ដី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​លាយលក្ខណ៍​អក្សរ និង​ទាញ​ហេតុផល​ផ្ទាល់មាត់​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។

ក្រោយ​បញ្ចប់​សេចក្តី​សន្និដ្ឋាន​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​សម្រេច​ភ្លាមៗ​ថា សាលក្រម​នៃ​រឿងក្ដី​ព្រហ្មទណ្ឌ​មួយ​នេះ​នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស