30.8 C
Phnom Penh

រុស្ស៊ី​ប្ដូរ​មេទ័ព​ដឹកនាំ​សង្គ្រាម​នៅ​អ៊ុយក្រែន​ញឹកញាប់​នាំ​ឱ្យ​មាន​ការ​គិត​ថា​មហាអំណាច​នេះ​ទំនង​នឹង​បន្ត​ប្ដូរ​មេទ័ព​ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ដែល​មហាអំណាច​យោធា​លំដាប់​ទី​ពីរ​ពិភពលោក​លើក​ទ័ព​ជាង ២៥​ម៉ឺន​នាក់​លុកលុយ​ប្រទេស​អ៊ុយក្រែន មាន​រយៈពេល​ជាង ៣២០​ថ្ងៃ​ហើយ។ សង្គ្រាម​ជិត ១១​ខែ​នេះ រុស្ស៊ី​បាន​ជួប​រឿង​បរាជ័យ ឬ​បាក់​ទ័ព​ទាំង​ទ្រង់ទ្រាយ​តូច និង​ធំ​មិន​តិច​ជាង ១០​ដង​នោះ​ទេ។

គេ​នៅ​ចាំ​បាន​ថា ការ​ដែល​មហាអំណាច​រុស្ស៊ី​បាក់​ទ័ព​ទ្រង់ទ្រាយ​ធំ​មាន​ចំនួន ៣​លើក ដែល​ទ័ព​អ៊ុយក្រែន​វាយ​ដេញ​រត់​ចោល​សព្វាវុធ រថក្រោះ រថពាសដែក និង​កាំភ្លើង​ធំ។

ការ​បាក់​ទ័ព​ដ៏​អាម៉ាស់​ទាំង ៣​លើក​នោះ ទ័ព​រុស្ស៊ី​រត់​ចោល​សព្វាវុធ​ធុន​ធ្ងន់​របស់​ខ្លួន​មាន​នៅ​ភាគ​ខាងជើង​រដ្ឋធានី​គៀវ កាលពី​ដើម​ខែ​មិថុនា។ ចំពោះ​ការ​បាក់​ទ័ព​លើក​ទី​២ ដ៏​អាម៉ាស់​បំផុត​នៅ​តំបន់​ខាគៀវ នៅ​ចុង​ខែ​កញ្ញា ដែល​ពេល​នោះ រុស្ស៊ី​រត់​ចោល​រថក្រោះ រថពាសដែក ប្រព័ន្ធ​កាំភ្លើង​ធំ និង​ប្រព័ន្ធ​រ៉ុក្កែត​ដល់​ទៅ ១២៥​គ្រឿង។

វីដេអូ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Sun បាន​បញ្ចាំង​រូបភាព​ទ័ព​រុស្ស៊ី​ស្លាប់​នៅ​តាម​ដងផ្លូវ និង​ខ្មោច​រថក្រោះ​រថពាសដែក​នៅ​ពាសពេញ​សមរភូមិ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក នៅ​អំឡុង​ដើម​ខែ​វិច្ឆិកា រុស្ស៊ី​បាក់​ទ័ព​ដ៏​ធំ​មួយ​ទៀត​នៅ​ក្នុង​តំបន់​ខឺសុន ភាគ​ខាងត្បូង​ប្រទេស ហើយ​ការ​បាក់​ទ័ព​លើក​នេះ​នាំ​ឱ្យ​កងទ័ព​អ៊ុយក្រែន វាយ​រំដោះ​បាន​ក្រុង​ខឺសុន មក​ដល់​សព្វថ្ងៃ​នេះ ហើយ​ការ​រត់​ចោល​សព្វាវុធ​លើក​ទី​៣ នេះ​មាន​ចំនួន​តិចតួច ព្រោះ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​យល់ព្រម​ឱ្យ​មាន​ជម្លៀស​សព្វាវុធ​ឱ្យ​បាន​មុន​ទ័ព​អ៊ុយក្រែន​មក​ដល់។

មេ​ទ័ព​ម្នាក់​ដែល​លោក ពូទីន សង្ឃឹម​ខ្លាំង​ជាងគេ​ក្នុង​ការ​វាយ​យក​ទឹកដី​បាន​ពី​ទ័ព​អ៊ុយក្រែន​មក​វិញ គឺ​ឧត្តមសេនីយ៍ ស៊ែរហ្កី ស៊ូរ៉ូវីគីន ដែល​ទើប​ចាត់តាំង​ឲ្យ​កាន់​តំណែង​មួយ​នេះ​ក្នុង​ខែ​តុលា ឆ្នាំ​២០២២ ក៏​ត្រូវ​បាន​លោក ពូទីន ទម្លាក់​មុខនាទី និង​ភារកិច្ច​ជំនួស​មក​វិញ​ដោយ​ឧត្តមសេនីយ៍ វ៉ាឡេរី ហ្កេរ៉ាស៊ីម៉ូវ ដែល​បុរស​រូប​នេះ​គឺជា​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ។

ការ​ដោះដូរ​មេបញ្ជាការ​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន ពេលនេះ បាន​ធ្វើ​ឡើង​ចំ​ពេល​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ជា​ប្រទេស​ជិតខាង​បាន​ចូល​ជិត ១​ឆ្នាំ និង​ចំ​ពេល​ដែល​កងទ័ព​រុស្ស៊ី​ត្រូវ​បាន​អ្នកជំនាញ​យោធា​មើល​ឃើញ​ថា​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​រក​ការ​បាក់​ទ័ព​ទ្រង់ទ្រាយ​ធំ​ថែម​ទៀត​ក្រោម​ការ​វាយលុក​យ៉ាង​ខ្លាំង​ពី​កងទ័ព​អ៊ុយក្រែន។

ឧត្តមសេនីយ៍ វ៉ាឡេរី ហ្កេរ៉ាស៊ីម៉ូវ ជា​មេបញ្ជាការ​កងទ័ព​ជាតិ​របស់​រុស្ស៊ី​តាំងពី​ជាង ១០​ឆ្នាំ។ បច្ចុប្បន្ន លោក​មាន​អាយុ ៦៧​ឆ្នាំ។ ឧត្តមសេនីយ៍ ហ្កេរ៉ាស៊ីម៉ូវ បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គ្រាម និង​មាន​កេរ្តិ៍ឈ្មោះ​ខាង​ការ​ប្រើ​កម្លាំង​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​នៅ​តំបន់​ឆេឆេនី ឆ្នាំ​១៩៩៩ និង​នៅ​ប្រទេស​ស៊ីរី។

ប៉ុន្តែ ទោះ​ជា​យ៉ាងណា ភាព​សាហាវ និង​កោងកាច​នៅតែ​មិន​ដល់​ឧត្តមសេនីយ៍ ស៊ែរហ្កី ស៊ូរ៉ូវីគីន ដែល​គេ​ដាក់​រហស្សនាម​ថា​ឃាតករ​ដៃ​ឆៅ ដែល​បុរស​នេះ​ហើយ​បញ្ជា​ទ័ព​អាកាស​បាញ់​មិន​រើស​ទីតាំង​នោះ​ទេ​នៅ​ក្នុង​សង្គ្រាម​នៅ​ក្នុង​ទឹកដី​ប្រទេស​ស៊ីរី ទោះ​ជា​ទៅ​លើ​តំបន់​ជនស៊ីវិល​ក៏ដោយ។ ឧត្តមសេនីយ៍ ស៊ែរហ្កី ស៊ូរ៉ូវីគីន គឺជា​មេ​បញ្ជា​កងទ័ព​អាកាស​រុស្ស៊ី ដឹកនាំ​ទ័ព​អាកាស​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី។

និយាយ​អំពី​សមត្ថភាព​របស់​ឧត្តមសេនីយ៍ ស៊ែរហ្កី ស៊ូរ៉ូវីគីន ដូចជា​មិន​អន់​ពេក​នោះ​ទេ បើ​ធៀប​នឹង​ឧត្តមសេនីយ៍ ហ្កេរ៉ាស៊ីម៉ូវ។

អ្វី​ដែល​គេ​នៅ​ចាំ គឺ​លោក ស៊ែរហ្កី ស៊ូរ៉ូវីគីន បាន​ត្អូញ​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ ហ្សេហ្គេ សេស្គូ ថា មូលហេតុ​ដែល​ទ័ព​រុស្ស៊ី​បាក់​ទ័ព​នៅ​ទីក្រុង​ខឺសុន គឺ​ការ​បាក់​ស្បាត​នៅ​ពេល​ឮ​ថា​គ្រាប់​រ៉ុក្កែត HIMARS របស់​សហរដ្ឋ​អាមេរិក​ធ្លាក់​ក្បែរ​ខ្សែ​ត្រៀម​របស់​ពួកគេ បាន​បង្ខំ​ទ័ព​ទាំងនោះ​រត់​ចោល​ខ្សែ​ត្រៀម ហើយ​រត់​រក​ទី​សុវត្ថិភាព​ជាជាង​ក្រាញ​ប្រយុទ្ធ។

ទោះជា​បែបនេះ​ក្ដី វិមាន​ក្រឹមឡាំង​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដក​លោក ស៊ែរហ្កី ស៊ូរ៉ូវីគីន ចេញពី​មេបញ្ជាការ​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន នោះ​ទេ។

អ្វី​ដែល​អ្នកជំនាញ​យោធា​មើល​ឃើញ​នោះ គឺ​មេទ័ព​ថ្មី​ឧត្តមសេនីយ៍ វ៉ាឡេរី ហ្កេរ៉ាស៊ីម៉ូវ គ្រាន់តែ​មក​ទទួល​ភារកិច្ច​ដ៏​លំបាក ឬ​ផុង​ខ្លួន​ជំនួស​ឧត្តមសេនីយ៍ ស៊ែរហ្កី ស៊ូរ៉ូវីគីន ដែល​ដឹកនាំ​ការ​ប្រយុទ្ធ​រហូត​បាក់​ទ័ព​ជាង ១០​លើក​មក​ហើយ​នោះ​ទេ ហើយ​ការ​បាក់​ទ័ព​អាច​នឹង​មាន​បន្ត​ទៀត។

រឿង​នេះ ទីបំផុត​លោក ពូទីន នឹង​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ ហ្សេហ្គេ សេស្គូ ដឹកនាំ​ការ​ប្រយុទ្ធ​ផ្ទាល់​ជំនួស​លោក វ៉ាឡេរី ហ្កេរ៉ាស៊ីម៉ូវ ខណៈ​មហាអំណាច​រុស្ស៊ី​ទំនង​មិន​អាច​រក​ពេល​ឈ្នះ​សង្គ្រាម​បាន​ឡើយ។ ការ​ដែល​អ្នកជំនាញ​យល់​ឃើញ​ដូចនេះ ព្រោះ​ថា​អ៊ុយក្រែន​នឹង​មិន​ខ្វះ​សព្វាវុធ និង​គ្រាប់​កាំភ្លើង​ដើម្បី​ប្រយុទ្ធ​នោះ​ទេ ដោយសារតែ​ក្រុម​បស្ចិម​ប្រទេស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក នៅតែ​បន្ត​សន្យា​បញ្ជូន​សព្វាវុធ និង​គ្រាប់រំសេវ​ទៅ​ឱ្យ​អ៊ុយក្រែន រហូត​រុស្ស៊ី​សុំ​បិទ​បញ្ចប់​សង្គ្រាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស