29.6 C
Phnom Penh

អំពើពុករលួយ​នៅ​កម្ពុជា​ឆ្នាំ​២០២២​ធ្លាក់​ចុះ​៧​ចំណាត់ថ្នាក់​ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​អាក្រក់​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ដឹង​ថា ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ បាន​ធ្លាក់​ចុះ ៧​ចំណាត់ថ្នាក់ គឺ​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន ១៨០ លើ​ពិភពលោក។ កាលពី​ឆ្នាំ​២០២១ កន្លងទៅ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ នៃ​បណ្តា​ប្រទេស​ចំនួន​១៨០។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​ធ្វើ​បទបង្ហាញ​នៅ​ថ្ងៃ​អង្គារ ទី​៣១ មករា នេះ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២៤ លើ​ពិន្ទុ​អតិបរមា ១០០ ខណៈ​ឆ្នាំ​នេះ​ពិន្ទុ​របស់​កម្ពុជា​បាន​កើន​ឡើង ១​ពិន្ទុ និង​បាន​រំកិល​មក​ឈរ​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណាត់ថ្នាក់​ជា​សកល​ដែល​មាន​ប្រទេស និង​ដែនដី​ចំនួន​១៨០។

លោក​បន្ត​ថា ទោះបី​ចំណាត់ថ្នាក់​អំពើពុករលួយ​កម្ពុជា​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២១ ក៏ដោយ ប៉ុន្តែ​អំពើពុករលួយ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ដដែល។

លោក ប៉ិច ពិសី យល់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​អំពើពុករលួយ​នៅតែ​ធ្ងន់ធ្ងរ ដោយសារ​បញ្ហា​ធំៗ​មិន​ត្រូវ​បាន​ដោះស្រាយ ដូច្នេះ​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​មាន​ប្រសិទ្ធភាព​នោះ រដ្ឋាភិបាល​ត្រូវតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​ជួប​ប្រជុំ ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​វិញ ខណៈ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០១៧ បន្ទាប់ពី​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នោះ។

លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​បន្ត​ខិតខំ​កាត់បន្ថយ​អំពើពុករលួយ​តាមរយៈ​ការ​ផ្ដន្ទាទោស​ជនល្មើស​ដោយ​គ្មាន​ការ​លើកលែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស