32.5 C
Phnom Penh

លោក រ៉ុង ឈុន ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​របស់​លោក ដោយសារតែ​គណបក្ស​នេះ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​លំដាប់​ទី​២ បន្ទាប់ពី​គណបក្ស​កាន់​អំណាច។ ដូច្នេះ លោក​អាច​ប្រើ​ឥទ្ធិពល​របស់​លោក​បូក​ជាមួយ​អ្វី​ដែល​គណបក្ស​ភ្លើង​ទៀន​មាន ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ។

លោក រ៉ុង ឈុន លើកឡើង​ថា លោក​មិន​អាច​រង់ចាំ​ការ​រស់​ឡើងវិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​ទេ ព្រោះថា​ប្រសិនបើ​គណបក្ស​ប្រឆាំង​នេះ​អាច​រស់​ឡើងវិញ​នៅ​ក្រោយ​ការ​បោះឆ្នោត នោះ​មាន​ន័យ​ថា ពេលវេលា​នៃ​ការ​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា គឺ​ត្រូវ​ខាត​ពេល​អស់ ៥​ឆ្នាំ​បន្ត​ទៀត ដូច្នេះ​អ្នក​ដែល​រង់ចាំ​ការ​រស់​ឡើងវិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​បន្ត​រង់ចាំ​ទៀត​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បើ​ទោះបីជា គ.ជ.ប មិន​មាន​ភាព​អព្យាក្រឹត​ក៏ដោយ ឱ្យ​តែ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ គណបក្ស​ភ្លើង​ទៀន​នឹង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នេះ​ជាមិនខាន ព្រោះ​វត្តមាន​របស់​លោក​ក្នុង​គណបក្ស​ភ្លើង​ទៀន គឺជា​ផ្នែក​មួយ​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ រួម​ផ្សំ​នឹង​បក្ស​នេះ​ក៏​មាន​សមាជិក​គាំទ្រ​ច្រើន​ស្រាប់​ទៅ​ហើយ​នោះ។

លោក រ៉ុង ឈុន គឺជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មុន​ពេល​លោក​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប៉ុន្តែ​លោក​បាន​លាលែង​តំណែង​នេះ​វិញ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ឆ្នាំ​២០១៧។

សព្វថ្ងៃ​នេះ លោក រ៉ុង ឈុន បាន​ដើរ​តួនាទី​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ដើម្បី​ដឹកនាំ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​របស់​កម្មករ​យ៉ាង​សកម្ម ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ​និយោជិត​នៅ​កម្ពុជា។

ជុំវិញ​សកម្មភាព​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន ៣​លើក​រួច​មក​ហើយ ក្នុង​នោះ៖

  • កាលពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ ព្រោះតែ​រិះគន់​អំពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​កម្ពុជា-វៀតណាម។
  • នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៤ លោក​ក៏​ត្រូវ​ចាប់​ខ្លួន​ម្តង​ទៀត ដោយសារតែ​ដឹកនាំ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ។
  • រហូត​ដល់​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២០ លោក រ៉ុង ឈុន ក៏​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ទៀត ក្រោយពី​លោក​បាន​ចេញ​ថ្លែងការណ៍​ពី​ការ​បាត់​ដី​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​លោក​ត្រូវ​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដាក់​ឱ្យ​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ​នៅឡើយ​រហូត​មក​ទល់​ពេលនេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មករា នេះ​ថា វា​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​លោក​មាន​ការ​បារម្ភ​ថា នៅ​ពេលនេះ​លោក រ៉ុង ឈុន កំពុង​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នៅឡើយ ដូច្នេះ​លោក​មាន​ការ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​របស់​លោក​ក្នុង​កិច្ចការ​នេះ​សម្រាប់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​នូវ​លំហ​សេរីភាព​នយោបាយ​ដល់​ពលរដ្ឋ​គ្រប់​រូប ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ដូច​រដ្ឋធម្មនុញ្ញ​បាន​ចែង ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា​ការ​បើក​ឱកាស​នូវ​ការ​បង្រួបបង្រួម​សាមគ្គី​ជាតិ​ឡើងវិញ​ផង​ដែរ។

លោក គីមសួរ ភីរិទ្ធ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន សាទរ​ចំពោះ​ជំហរ​របស់​លោក រ៉ុង ឈុន អតីត​អ្នក​តស៊ូ​ដើម្បី​សេរីភាព​រូប​នេះ​សម្រេច​ចិត្ត​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ព្រោះ​គាត់​ក្លាហាន​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​គ្រូបង្រៀន ក៏ដូចជា​កម្មករ​ក្នុង​ពេល​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស