39.4 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​រចនាបថ​មេដាយ​ស៊ីហ្គេម​បង្កប់​ខ្លឹមសារ​លើក​តម្កើង​បុគ្គល​ជាជាង​មុខមាត់​ប្រទេស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង រិះគន់​ថា រចនាបថ​មេដាយ​ដែល​ជា​ពានរង្វាន់​សម្រាប់​ផ្តល់​ជូន​អត្តពលិក​ឆ្នើម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ បង្កប់​ខ្លឹមសារ​ពី​ការ​លើក​តម្កើង​បុគ្គល​ជា​មេដឹកនាំ ជាជាង​ការ​បង្ហាញ​ពី​ការ​លើក​តម្កើង​កិត្តិយស និង​មុខមាត់​របស់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា មេដាយ​ដែល​ផលិត​ឡើង​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០២៣ នេះ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ គួរតែ​ឆ្លាក់​ឱ្យ​មាន​រចនាបថ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ព្រោះ​រចនាបថ​នេះ​គឺ​បង្ហាញ​នូវ​មហា​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង​នា​សម័យ​អង្គរ ដែល​ខ្មែរ​ធ្លាប់​ជា​មហា​អាណាចក្រ​ដ៏​អស្ចារ្យ​កាលពី​អតីតកាល។

លោក មាជ សុវណ្ណារ៉ា រិះគន់​ថា ការ​រំលេច​នូវ​ស្តូប​វិមាន​ឈ្នះ​ឈ្នះ ពហុកីឡាដ្ឋាន​មរតក​តេជោ ដែល​តំណាង​នូវ​ការ​អភិវឌ្ឍ​ជាតិ​នៃ​មិត្តភាព​ដែកថែប​កម្ពុជា-ចិន មិនមែន​ជា​រូប​តំណាង​ជាតិ​របស់​ខ្មែរ​នោះ​ទេ គ្រាន់តែ​ជា​សមិទ្ធផល​ដែល​កសាង​ដោយ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ក្នុង​ឆ្នាំ​២០២៣ នេះ លោក វ៉ាត់ ចំរើន បាន​ផ្សព្វផ្សាយ​នូវ​រចនាបថ​មេដាយ​ដែល​ជា​ពានរង្វាន់​សម្រាប់​ផ្តល់​ជូន​អត្តពលិក​ឆ្នើម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​តាមរយៈ​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា BTV Cambodia ថា មេដាយ​ទាំងនេះ​បាន​ផលិត​នៅ​ប្រទេស​សិង្ហបុរី​ទាំងអស់ ហើយ​មាន​លក្ខណៈ​ប្រណិត​បំផុត និង​មាន​ធាតុ​ផ្សំ​ពិសេសៗ​ជាច្រើន​ផង​ដែរ។

លោក វ៉ាត់ ចំរើន អះអាង​ថា តាម​ការ​គ្រោង​ទុក មេដាយ​ដែល​ត្រូវ​ផលិត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ជាង ៦​ពាន់​មេដាយ​សម្រាប់​កីឡាករ។ ជាង​នេះ​ទៀត ក៏​មាន​ការ​ផលិត​មេដាយ​ជាច្រើន​ទៀត​សម្រាប់​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍​ដើម្បី​ផ្តល់​ជូន​គណៈប្រតិភូ ម្ចាស់​ឧបត្ថម្ភ និង​ភ្ញៀវ​នានា​ផង​ដែរ។

រចនាបថ​ដែល​បាន​ឆ្លាក់​លើ​មេដាយ​សម្រាប់​ផ្តល់​ជូន​កីឡាករ​ឆ្នើម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ នេះ មាន​ដូចជា៖

  • រូប​ពហុកីឡាដ្ឋាន​មរតក​តេជោ តំណាង​ការ​អភិវឌ្ឍ​ជាតិ​នៃ​មិត្តភាព​ដែកថែប​កម្ពុជា-ចិន ស្ថិត​នៅ​ផ្ទៃ​ខាង​មុខ​ធំ​ពេញ​ពាក់កណ្តាល​តួ​មេដាយ
  • រូប​វិមាន​ឯករាជ្យ​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​ត្រង់​ខាង​ស្តាំ
  • រូប​វិមាន​ឈ្នះ​ឈ្នះ នៅ​ផ្នែក​ខាងក្រោយ​ត្រង់​ខាង​ឆ្វេង ខណៈ​នៅ​ផ្ទៃ​ខាង​លើ​មាន​រូប​កង​ប្រទាក់​គ្នា ចំណែក​នៅ​ចំ​កណ្តាល និង​ចំហៀង​សងខាង​មាន​រូប​ផ្ការំដួល​ផង​ដែរ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​រូប​នេះ​បញ្ជាក់​ថា រចនាបថ​ទាំងនេះ​មាន​អត្ថន័យ​ផ្សេងៗ​ពី​គ្នា​ទៅ​តាម​រូប​តំណាង​នីមួយៗ ក្នុង​នោះ៖

  • រូប​វិមាន​ឯករាជ្យ​តំណាង​ឱ្យ​ឯករាជ្យ​ជាតិ សន្តិភាព
  • រូបភាព​វិមាន​ឈ្នះ​ឈ្នះ តំណាង​ឱ្យ​នយោបាយ​ឈ្នះៗ
  • ផ្ការំដួល ៧​ទង តំណាង​ឱ្យ ៧​មករា
  • និង​មាន​រចនាបថ​ពិសេសៗ​ជាច្រើន​ទៀត​ផង​ដែរ។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ថា សូម​ស្វាគមន៍​ការ​រាប់​ថយ​ក្រោយ ១០០​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ទទួល​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ នេះ ខណៈ​ព្រឹត្តិការណ៍​នេះ​នៅ​សល់​តែ ៨០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដែល​មាន​ប្រទេស​ចំនួន​៦ មក​ចូលរួម រួម​មាន​ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី ផង​ដែរ ខណៈ​វិញ្ញាសា​ប្រកួត​មាន​ចំនួន ៣៨​ប្រភេទ រួម​មាន​ប៉េតង់ តេក្វាន់ដូ (WT) ប្រដាល់​គុន​ខ្មែរ បាល់ទាត់ គុន​ល្បុក្កតោ និង​កាយ​វប្បកម្ម ជាដើម។

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម ប្រទេស​កម្ពុជា​នឹង​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​លើកដំបូង​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​មាន​វិញ្ញាសា​ចំនួន ១២​ប្រភេទ រួម​មាន​អត្តពលកម្ម​ហែល​ទឹក លេង​អុក បាល់ទះ​អង្គុយ វាយ​សី និង​វាយ​កូនឃ្លី​លើ​តុ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស