បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា ប្រកាសជាសាធារណៈហាមមិនឲ្យអន្តរជាតិលូកដៃពាក់ព័ន្ធនឹងរឿងដែលលោកបានបិទសារព័ត៌មាន VOD កាលពីពេលថ្មីៗនេះ ក្រោមហេតុផលថា កម្ពុជាមិនមែនជាប្រទេសរបស់ជនបរទេសទាំងនោះឡើយ ហើយលោកនឹងមិនអនុញ្ញាតឲ្យមានការបើកឡើងវិញជាដាច់ខាត។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃចន្ទ ទី២០ កុម្ភៈ នេះ លោក ហ៊ុន សែន អះអាងថា ការបិទសារព័ត៌មាន VOD នេះ មិនបានសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញការបិទនេះ គឺបានជួយលើកកម្ពស់នូវវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាននៅកម្ពុជាថែមទៀត។
លោកក៏បានចោទ និងភ្ជាប់សារព័ត៌មាន វីអូឌី ថាជារបស់ក្រុមបក្សប្រឆាំង ទើបបានជាចុះផ្សាយសារព័ត៌មានវាយប្រហារលើរូបលោក និងលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពីលោកនោះ។
ចំពោះអតីតបុគ្គលិកដែលលោកបានបើកឱកាសឲ្យចូលក្របខ័ណ្ឌរដ្ឋហើយ ប៉ុន្តែពួកគេនៅមិនព្រមចូលទៀត នោះលោកនឹងរុញទូកបណ្ដោយទឹក ដោយពួកគេនឹងមិនមានឱកាសទៀតទេ ខណៈមានអតីតបុគ្គលិក ៨នាក់ហើយបានទៅដាក់ពាក្យចូលក្របខ័ណ្ឌរដ្ឋ ហើយអ្នកខ្លះទៀតមិនទទួលយកដោយសារពួកគេនៅស្រឡាញ់អាជីពសារព័ត៌មាន។
វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្រូវរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញសេចក្តីប្រកាសព័ត៌មានលុបអាជ្ញាប័ណ្ណកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ថាអង្គភាពសារព័ត៌មានមួយនេះមានចេតនាមួលបង្កាច់កូនប្រុសរបស់លោកជុំវិញការចុះហត្ថលេខាផ្តល់ជំនួយឱ្យប្រទេសតួកគី និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលរបស់លោកជុំវិញការគ្រប់គ្រងថវិកាជាតិផងដែរ។
ក្រោយពីបិទសារព័ត៌មានវីអូឌី សហគមន៍ជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក ហ៊ុន សែន ដោយចាត់ទុកការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាសារព័ត៌មានឯករាជ្យចុងក្រោយគេ ថាបានប៉ះពាល់ដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ សេរីភាពសារព័ត៌មាន និងដំណើរការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាសារព័ត៌មានក្នុងស្រុកមួយដែលសកម្មក្នុងការផ្សព្វផ្សាយអំពីបញ្ហារឿងដីធ្លី បញ្ហាបរិស្ថាន សិទ្ធិមនុស្ស សិទ្ធិការងារ និងបញ្ហាអយុត្តិធម៌ដែលកើតឡើងក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
មាត្រា ១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មានរបស់កម្ពុជា ចែងថា មនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាន នៅពេលដែលពួកគេយល់ថា សេចក្ដីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងសេចក្ដីថ្លែងការណ៍មួយត្រឹមត្រូវ។ អ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ។ ពួកគេក៏មានសិទ្ធិផងដែរក្នុងការប្ដឹងទៅតុលាការពីបទបរិហារកេរ្តិ៍ និងបទមួលបង្កាច់៕