29.3 C
Phnom Penh

ខណៈ​លោក បៃដិន ចាកចេញ​ពី​ក្រុង​គៀវ លោក ពូទីន ថ្លែង​សារ​បញ្ជាក់​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពុំ​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​មេដឹកនាំ​ពិភពលោក​មិន​ភ្ញាក់ផ្អើល ហើយ​មិន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះ​មេដឹកនាំ​មហាអំណាច​ដ៏​កំពូល​មួយ​សម្រេច​ជាន់​ដែនដី​ប្រទេស​មួយ​ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​របស់​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​កុម្ភៈ ម៉ោង​ប្រមាណ​ជា ៨ និង ៣០​នាទី ម៉ោង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​វត្តមាន​ភ្លាម​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​មួយ​នេះ​ដែល​ហែកហួរ​ទៅ​ដោយ​សង្គ្រាម។ ទស្សនកិច្ច​របស់​មេដឹកនាំ​មហាអំណាច​មួយ​នេះ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ការ​បំបែក​សំណុំរឿង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក ដែល​កម្រ​ណាស់ មេដឹកនាំ​កំពុង​កាន់​អំណាច​ទៅ​ជាន់​ដែនដី​មួយ​កំពុង​ធ្លាក់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម។

វត្តមាន​របស់​លោក បៃដិន នៅ​ទីក្រុង​គៀវ ដែល​បាន​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​នាំ​ឱ្យ​មេដឹកនាំ​ពិភពលោក​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ អ្វី​ដែល​ចាប់អារម្មណ៍ គឺ​ក្រុង​គៀវ ក៏​ជា​ទីតាំង​នៃ​សង្គ្រាម​ដែល​តែង​រង​ការ​វាយប្រហារ​ពី​សំណាក់​មីស៊ីល​របស់​រុស្ស៊ី​ដែរ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក បៃដិន បាន​ទៅ​កាន់​រដ្ឋធានី​គៀវ ដោយ​ធ្វើ​ដំណើរ​តាម​រថភ្លើង​រូង​ក្រោម​ដី​ចេញពី​ប្រទេស​ប៉ូឡូញ។ ក្នុង​ការ​ធ្វើ​ដំណើរ​នេះ លោក បៃដិន ប្រើ​ពេល ១០​ម៉ោង​ទើប​ទៅ​ដល់​រដ្ឋធានី​គៀវ តែ​លោក​បាន​សម្រេច​ចាកចេញ​ពី​ទីក្រុង​មួយ​នេះ​វិញ​ក្រោយពី​លោក​ស្ថិត​នៅ​បាន​រយៈពេល ៥​ម៉ោង។

លោក ចូ បៃដិន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​គៀវ ដោយ​ពុំ​មាន​ការ​ប្រកាស​ឱ្យ​ដឹង​ជា​មុន​នោះ​ឡើយ​មុន​គម្រប់​ខួប ១​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នៅ​ទីក្រុង​គៀវ លោក បៃដិន បាន​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ លោក ហ្សេឡេនស្គី បាន​បង្ហោះ​រូបថត​ការ​ចាប់​ឱប​លោក បៃដិន។

លោក ហ្សេឡេនស្គី បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក បៃដិន ថា​ជា​សញ្ញា​ដ៏​សំខាន់​បំផុត​បង្ហាញ​ពី​ការ​គាំទ្រ​ប្រជាជន​អ៊ុយក្រែន ហើយ​ថា​នេះ​ជា​ទស្សនកិច្ច​លើកដំបូង​របស់​លោក បៃដិន មក​កាន់​ទីក្រុង​គៀវ គិត​ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង។ ជាមួយ​គ្នា​នេះ លោក បៃដិន ក៏​បាន​ប្រកាស​ផ្ដល់​ជំនួយ​យោធា​បន្ថែម ៥០០​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន​មួយ​ដំណាក់កាល​ទៀត។

បើ​តាម​សេតវិមាន​សហរដ្ឋ​អាមេរិក បាន​បញ្ជូន​ជំនួយ​យោធា​អស់​សាច់​ប្រាក់​ជិត ៣០​ពាន់​លាន​ដុល្លារ​ក្នុង​កញ្ចប់​ថវិកា​សរុប​ដែល​សភា​អនុម័ត​ឱ្យ​ក្នុង​រយៈពេល ២​ឆ្នាំ ពី​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ មាន​សរុប ៩៥​ពាន់​លាន​ដុល្លារ។

បើ​តាម​ដំណឹង​របស់ AFP លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​វ័យ ៨០​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​វ៉ាសូវី នៃ​ប្រទេស​ប៉ូឡូញ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។

បើ​តាម​ការ​គ្រោង​ទុក លោក ចូ បៃដិន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda នៅ​ថ្ងៃ​អង្គារ នេះ ដោយ​បាន​ពិភាក្សា​គ្នា​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប៉ូឡូញ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​គាំទ្រ​អ៊ុយក្រែន រួម​ទាំង​បក្ស​សម្ព័ន្ធ​យោធា​ណាតូ (NATO)។ ស្ថិត​នៅ​ទីក្រុង​វ៉ាសូវី លោក បៃដិន ក៏​ត្រូវ​ថ្លែង​សុន្ទរកថា​មួយ​ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ នេះ។

តែ​ជាមួយ​គ្នា​នេះ ពី​ទីក្រុង​មូស្គូ ឯណោះ​វិញ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ថ្លែង​សារ​ទៅ​កាន់​ប្រជាជាតិ​រុស្ស៊ី មុន ២​ថ្ងៃ​នៃ​ខួប​រយៈពេល ១​ឆ្នាំ ក្រោយ​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​ចោទ​ថា ក្រុម​ប្រទេស​លោក​ខាងលិច​ទេ​គឺជា​អ្នក​ដែល​ដុត​បញ្ឆេះ​ឱ្យ​សង្គ្រាម​ផ្ទុះ​ឡើង។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​ជាន់ខ្ពស់ សមាជិក​សភា និង​មេបញ្ជាការ​យោធា​ក្នុង​សភា​ជាតិ​នៃ​ប្រទេស​រុស្ស៊ី លោក ពូទីន បាន​អះអាង​ថា រុស្ស៊ី​បាន​ព្យាយាម​ដោះស្រាយ​វិបត្តិ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​ដុនបាស់ ភាគ​ខាងកើត​អ៊ុយក្រែន ដោយ​ធ្វើ​ឡើង​តាម​មធ្យោបាយ​សន្តិវិធី តែ​ពួក​បស្ចិម​ប្រទេស​បាន​បង្ខំ​ឱ្យ​ប្រើ​ជម្រើស​កម្លាំង​យោធា។

ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​បញ្ជាក់​ថា ការ​លើក​ទ័ព​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដើម្បី​ទប់ស្កាត់​ផែនការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ ដោយ​មាន​ក្រុម​ខាងលិច​នៅ​ពីក្រោយ​ដែល​ពួកគេ​ជួយ​អ៊ុយក្រែន ឱ្យ​ប្រឆាំង​មក​លើ​តំបន់​ចង់​ផ្តាច់​ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ព្រមទាំង​មក​លើ​តំបន់​គ្រីមៀរ ដែល​លោក ពូទីន ថា​ជា​ដែនដី​របស់​រុស្ស៊ី។

លោក ពូទីន បាន​សង្កត់​ធ្ងន់​ក្នុង​សុន្ទរកថា​របស់​លោក​ថា លោក​សូម​បញ្ជាក់​ម្តង​ទៀត​ថា ក្រុម​លោក​ខាងលិច​ជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​នេះ ហើយ​រុស្ស៊ី​ចាំបាច់​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​បញ្ឈប់។

លោក ពូទីន បន្ត​ថា សង្គ្រាម​រយៈពេល ១២​ខែ​មក​នេះ​ដែល​ទីក្រុង​មូស្គូ ហៅថា​ប្រតិបត្តិការ​យោធា​ពិសេស​នោះ គឺ​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី និង​រារាំង​ការ​វាយប្រហារ​មក​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី ដែល​លោក​ចាត់ទុក​ថា​បាន​រួម​បញ្ចូល​នូវ​ផ្នែក​ភាគ​ខាងត្បូង និង​ខាងកើត​របស់​អ៊ុយក្រែន បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី។

តែ​យ៉ាងណា សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ទីក្រុង​គៀវ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច បាន​ចាត់ទុក​ជា​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​ថា​ជា​សង្គ្រាម​ឈ្លានពាន​ដើម្បី​ពង្រីក​ទឹកដី​រុស្ស៊ី​ដោយ​ប្រឆាំង​នឹង​ប្រទេស​ជិតខាង។

តែ​នៅ​ក្នុង​ឱកាស​នោះ លោក ពូទីន ប្រធានាធិបតី​មហាអំណាច​រុស្ស៊ី​បាន​ថ្លែង​ថា លោក​សម្រេច​ព្យួរ​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ហៅ​កាត់​ថា New START ជាមួយ​សហរដ្ឋ​អាមេរិក​ហើយ​ចាប់​ពី​ពេលនេះ​តទៅ ព្រោះ​ភាគី​ទាំង​ពីរ​លែង​អង្គុយ​ទល់​មុខ​គ្នា​បាន​ទៀត​ហើយ។

លោក ពូទីន បាន​បញ្ជាក់​ទៀត​ថា បើ​ទោះ​មិន​បាន​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ​ក៏ដោយ ប៉ុន្តែ​ការ​ព្យួរ​សន្ធិសញ្ញា​នេះ​ព្រោះតែ​រុស្ស៊ី​មិន​មាន​យុទ្ធនាការ​ត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​នេះ​ជាមួយ​អាមេរិក​ទៀត​នោះ​ទេ។

រុស្ស៊ី និង​អាមេរិក ជា​ប្រទេស​ដែល​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក។ រុស្ស៊ី​មាន​ជាង ៦២០០​គ្រាប់ ចំណែកឯ​អាមេរិក​មាន​ជាង ៥៥៥០​គ្រាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស