32.5 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​លោក ស្រ៊ុន ស្រ៊ន កុំ​ឱ្យ​តាំងខ្លួន​ជា​គ្រូ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​លោក ហ៊ុន សែន ព្រមាន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ម្នាក់​ថា កុំ​ឲ្យ​តាំង​ខ្លួន​ជា​គ្រូ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​ថា​លោក ស្រ៊ុន ស្រ៊ន មិនមែន​ជា​ហត្ថលេខី​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុនិស្សិត​បច្ចេកទេស និង​និស្សិត នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ហ៊ុន សែន អះអាង​ថា នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​កាត់ទោស​ខ្មែរក្រហម​កន្លងមក មិន​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ។

លោក​ក៏​បង្ហាញ​ពី​មោទកភាព​ក្នុង​ការ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម​បាន ដោយ​មាន​គេ​សរសើរ​ទូទាំង​ពិភពលោក ហើយ​ពលរដ្ឋ​ក៏​បាន​អបអរ​សាទរ​ដែរ។ លោក​បាន​ដាក់​ជា​សំណួរ​ថា តើ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​កាត់ទោស​ខ្មែរក្រហម​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ ហើយ​ករណី​នេះ តើ​វា​ខុស​ដែរ​ឬ​ទេ?

ក្រៅពី​បង្ហាញ​ពី​មោទកភាព និង​ដាក់​ជា​សំណួរ​ហើយ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដែល​ទំនង​សំដៅ​ទៅ​លើ​លោក ស្រ៊ុន ស្រ៊ន សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឲ្យ​និយាយ​ល្មមៗ​បាន​ហើយ ដោយ​កុំ​តាំង​ខ្លួន​ជា​គ្រូ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អី ពីព្រោះ​លោក ស្រ៊ុន ស្រ៊ន មិនមែន​ជា​ហត្ថលេខី​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​លោក ស្រ៊ុន ស្រ៊ន និង​សហការី​សកម្ម​នៅ​ក្នុង​ការ​បកស្រាយ​លើ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ «សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា» ដើម្បី​ពន្យល់​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពី​សិទ្ធិ​នយោបាយ និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​អនុវត្ត​ឲ្យ​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ក្រៅពី​បកស្រាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ លោក ស្រ៊ុន ស្រ៊ន និង​សហការី ក៏​បាន​លើក​យក​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​ផង​ដែរ។

ថ្មីៗ​នេះ លោក ស្រ៊ុន ស្រ៊ន ក៏​បាន​លើកឡើង​ករណី​ដែល​លោក ហ៊ុន សែន បិទ​សារព័ត៌មាន​វីអូឌី ដែល​ការ​បិទ​នេះ​ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា មិន​បាន​ធ្វើ​ទៅ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ខណៈ​ការ​បិទ​ធ្វើឡើង​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន។

ជុំវិញ​រឿង​នេះ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​រម្លឹក​អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​សន្តិភាព​នៅ​កម្ពុជា​ចំពោះ​មុខ​លោក ហ៊ុន សែន ក្នុង​ជំនួប​ទ្វេភាគី​កាលពី​ពាក់កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងមក​ផង​ដែរ។

យ៉ាងណា​ក៏ដោយ ការ​ចេញ​បំភ្លឺ ឬ​បកស្រាយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​បន្តបន្ទាប់​របស់​លោក ស្រ៊ុន ស្រ៊ន ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ​ដែល​ផ្ទុយ​ពី​បញ្ញត្តិ​នៅ​ក្នុង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា។

កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា ត្រូវ​បាន​ប្រសូត​ឡើង​ក្រោម​ការ​ជ្រោមជ្រែង​ពី​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ចំនួន ១៨​ប្រទេស ក្នុង​នោះ​មាន​មហាអំណាច​ធំៗ​ដឹង​ឮ ដូចជា ចិន សហភាព​សូវៀត ឥណ្ឌា អង់គ្លេស បារាំង និង​សហរដ្ឋ​អាមេរិក។ ឧបករណ៍​ជា​អន្តរជាតិ​នេះ​បាន​ជួយ​ឲ្យ​ជម្លោះ​ផ្ទៃក្នុង​កម្ពុជា​ទាំង ៤​ភាគី មាន​រណសិរ្ស​រំដោះ​ជាតិ​លោកតា សឺន សាន រណសិរ្ស​ហ៊្វុនស៊ិនប៉ិច កម្លាំង​ខ្មែរ និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ភាគី​រដ្ឋាភិបាល គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន។

កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​នេះ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នេះ មាន​ឧបសម្ពន្ធ​ជាច្រើន​ដែល​ជា​មូលដ្ឋាន​ជួយ​ឲ្យ​កម្ពុជា​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​មាន​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​ក្រោយ​មក កម្ពុជា​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជា​លើកដំបូង​របស់​ខ្លួន​រៀបចំឡើង​ដោយ​អាជ្ញាធរ​អ៊ុនតាក់ ដែល​ធានា​បាន​ពី​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​កាលពី​ឆ្នាំ​១៩៩៣។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ស្រ៊ុន ស្រ៊ន សកម្មជន​កិច្ចព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​បាន​នៅឡើយ​ជុំវិញ​រឿង​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស