សាលាឧទ្ធរណ៍ភ្នំពេញមិនអនុញ្ញាតឲ្យអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅក្រៅឃុំបណ្ដោះអាសន្ន ទោះបីជាលោកសុំតម្កល់ប្រាក់ចំនួន ៣ម៉ឺនដុល្លារជាថ្នូរទៅនឹងការដោះលែងក្ដី ក្រោមហេតុផលដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការ។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ទោះបីជាកូនក្ដីរបស់លោកសុខចិត្តតម្កល់ប្រាក់ចំនួន ៣ម៉ឺនដុល្លារហើយក្ដី ប៉ុន្តែចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញនៅតែមិនអនុញ្ញាតឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំ។
ប្រភពដដែលថា ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាឧទ្ធរណ៍កាលពីថ្ងៃទី៣០ មីនា នេះ ដោយសំអាងថា រក្សាជនជាប់ចោទទុកជូនតុលាការ។
ជុំវិញការសម្រេចនេះ សហមេធាវីរបស់លោក ថាច់ សេដ្ឋា ថាលោកនឹងពិភាក្សាជាមួយកូនក្ដីដើម្បីប្ដឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត បន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញច្រានចោលសំណើសុំតម្កល់ប្រាក់ ៣ម៉ឺនដុល្លារដូចតុលាការក្រុងភ្នំពេញសម្រេចដែរនោះ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត ដាលីន ឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្នកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់មានលុយ ឬហៅថាសែកស្អុយ។
ការចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា នេះ ធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុន រិន ឆាយ ផនសប ដែលប្ដឹងលោកពាក់ព័ន្ធនឹងករណីជំពាក់បំណុលប្រមាណ ៣៣៤០០ដុល្លារ។
តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន រិន ឆាយ ផនសប នេះ បានចុះបញ្ជីពាណិជ្ជកម្មផ្លូវការនៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីខែតុលា ឆ្នាំ២០១៥។ ម្ចាស់ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន នេះដែលជាមនុស្សស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។
ក្រៅពីកាន់កាប់ក្រុមហ៊ុន រិន ឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏ជាម្ចាស់ក្រុមហ៊ុន Dynith Commercial ដែលមានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញថែមទៀត។ ក្រុមហ៊ុន Dynith Commercial នេះ ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីចុងខែមីនា ឆ្នាំ២០១៤។ បច្ចុប្បន្ន ក្រុមហ៊ុននេះគ្រប់គ្រងដោយអ្នកស្រី ឌី សុខឃី ជាកូនស្រីអតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ហើយក៏ត្រូវជាភរិយាលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទី២ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕