32.5 C
Phnom Penh

អតីត​អង្គរក្ស​ចោទ​លោក សម រង្ស៊ី ថា​ប្រតិដ្ឋ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាលពី​២៦​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​អតីត​អង្គរក្ស​ដែល​ជិតស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង ចោទ​ថា លោក សម រង្ស៊ី កំពុង​ប្រឌិត​ព្រឹត្តិការណ៍​កាលពី ២៦​ឆ្នាំ​មុន​ជុំវិញ​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ហ្វូង​បាតុករ​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លងទៅ។

អតីត​អង្គរក្ស​ផ្ទាល់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី គឺ​លោក ងួន ងឹម បាន​ចេញ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន គឺ Fresh News នៅ​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា បន្ទាប់ពី​លោក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ក៏​សម្រេច​ចិត្ត​ទម្លាយ​ការពិត​អំពី​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​លោក សម រង្ស៊ី តែង​ចោទ​ថា​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពីក្រោយ​នៃ​ហេតុការណ៍​នោះ។

លោក ងួន ងឹម អះអាង​ថា នៅ​ថ្ងៃ​គេ​បោក​គ្រាប់បែក លោក​បាន​ធ្វើ​ដំណើរ​លើ​រថយន្ត​ជាមួយ​លោក សម រង្ស៉ី ទៅ​ដល់​មុខ​វិមាន​រដ្ឋសភា​ជាតិ។ ភ្លាមៗ​នោះ ក៏​មាន​គេ​គប់​គ្រាប់បែក​បំផ្ទុះ​លើ​ក្រុម​បាតុករ ខណៈ​លោក សម រង្ស៉ី ហាក់ដូចជា​ដឹង​មុន​ថា​គ្រាប់បែក​នោះ​មិនមែន​គប់​សំដៅ​មក​រក​គាត់​ទេ។

លោក​បន្ថែម​ថា ក្រោយ​ផ្ទុះ​គ្រាប់បែក លោក សម រង្ស៉ី ប្រុង​នឹង​រត់​គេច​ចេញពី​កន្លែង​កើតហេតុ​ដែរ ប៉ុន្តែ​ត្រូវ​អង្គរក្ស​ប្រាប់​ថា​កុំ​ឱ្យ​រត់ ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​បាក់​ទឹកចិត្ត។

លោក ងួន ងឹម ដាក់​ការ​សង្ស័យ​ថា ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងមុខ​រដ្ឋសភា​ជាតិ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ទំនង​ជា​លោក សម រង្ស៊ី ជា​អ្នក​រៀបចំ​ផែនការ​នេះ​ឡើង ព្រោះ​ពេល​ដែល​ផ្ទុះ​គ្រាប់បែក​នៅ​ពេល​នោះ លោក សម រង្ស៊ី មិន​បាន​ត្រូវ​របួស​អ្វី​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ចូល​ទៅ​ឱប​ជនរងគ្រោះ​ដែល​ធ្វើ​ឱ្យ​គាត់​ប្រឡាក់​ឈាម​របស់​បាតុករ​ទាំងនោះ ដែល​គេ​ល្បី​តៗ​គ្នា​ថា លោក សម រង្ស៊ី ត្រូវ​របួស​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​នោះ​ទៅវិញ។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ គឺជា​ខួប ២៦​ឆ្នាំ​នៃ​សោកនាដកម្ម​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លូតត្រង់​ស្លាប់​យ៉ាងតិច ១៦​នាក់ និង​របួស​ធ្ងន់​ជាង ១០០​នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ។

លោក សម រង្ស៊ី អះអាង​ថា កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ តុលាការ​បារាំង​នៅ​ទីក្រុង​ប៉ារីស​បាន​វែក​មុខ​ជន​ដៃដល់​រួច​ហើយ ព្រមទាំង​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​អង្គរក្ស​របស់​លោក ហ៊ុន សែន ថែម​ទៀត។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០២៣ នេះ​ទៅ នឹង​មាន​ការ​កាត់ទោស​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។ លើស​ពី​នេះ ក៏​នឹង​ឈាន​ទៅ​ដល់​កាត់ទោស​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ជា​អ្នក​បញ្ជា​ជន​ដៃដល់ ២​នាក់​នេះ​ផង​ដែរ ដូច្នេះ​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ពី​សោកនាដកម្ម​នៃ​ការ​គប់​គ្រាប់បែក​នេះ នឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​មិន​ខាន​ឡើយ។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​យ៉ាងហោច​ណាស់ ១៦​នាក់​បាន​ស្លាប់ និង​ជិត ២០០​នាក់​រង​របួស​ធ្ងន់​ស្រាល ដោយសារ​ជន​មិន​ស្គាល់​មុខ​បាន​គប់​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​ចូល​ក្នុង​ក្រុម​បាតុករ​ដែល​កំពុង​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​ដឹកនាំ​ធ្វើ​បាតុកម្ម​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ នៅ​ខាង​ត្បូង​ព្រះបរមរាជវាំង​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ដែល​ជា​ទីតាំង​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ។

ជុំវិញ​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ចាត់ទុក​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នេះ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ​ដើម្បី​កម្ទេច​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​លាតត្រដាង​ដែរ​ថា ការ​វាយប្រហារ​នេះ គឺ​មាន​ការ​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែរ ក៏ប៉ុន្តែ​ដោយសារ​មាន​ការ​ចរចា​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៣ ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​សុខចិត្ត​បើក​ផ្លូវ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​វិល​ចូល​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​នយោបាយ​វិញ លោក សម រង្ស៊ី ក៏​បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង​នោះ​វិញ​តែម្តង។

ការ​ដក​ពាក្យ​បណ្តឹង​របស់​លោក សម រង្ស៊ី នៅ​ពេល​នោះ​ក៏​ត្រូវ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​យ៉ាង​ចាស់​ដៃ ដោយ​អះអាង​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​លោក ហ៊ុន សែន ធ្វើ​បាប​ក្រុម​ប្រឆាំង​ទៅ​ថ្ងៃ​ក្រោយ​បន្ត​ទៀត ហើយ​លោក សម រង្ស៊ី ខ្លួនឯង​ក៏​នឹង​រងគ្រោះ​ពី​ការ​ដក​ពាក្យ​បណ្តឹង​នេះ​ដែរ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នឹង​ត្រូវ​ជីក​កប់​បាត់​ជា​រៀង​រហូត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស