42.2 C
Phnom Penh

តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ចិន​មាន​ផែនការ​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន រំពឹង​ថា​នឹង​មាន​ជំនួប​ពិសេស​មួយ​ជាមួយ​ប្រធាន​រដ្ឋសភា​អាមេរិក លោក Kevin McCarthy នៅ​លើ​ទឹកដី​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ នៅ​ចំពោះ​ព្រឹត្តិការណ៍​នេះ ប្រទេស​ចិន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា​បើ​ជំនួប​កើតឡើង​មែន គឺ​ក្រុង​ប៉េកាំង នឹង​មាន​វិធានការ​សងសឹក​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក។

តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​មេសា នេះ​បាន​ឱ្យ​ដឹង​ថា អ្នកស្រី សាយ បាន​ជួប​ជាមួយ​មេទ័ព​របស់​អ្នកស្រី​ដើម្បី​វាយតម្លៃ​ស្ថានការណ៍​សន្តិសុខ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ចិន​កំពុង​ធ្វើ​សមយុទ្ធ​នាវាចម្បាំង​ជា​ថ្មី​ម្ដង​ទៀត។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មេដឹកនាំ​តៃវ៉ាន់ អ្នកស្រី សាយ បាន​កោះ​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​សន្តិសុខ​ជាតិ​របស់​អ្នកស្រី​កាលពី​ថ្ងៃ​អង្គារ ទី​៤ មេសា ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ក្នុង​តំបន់ និង​សន្តិសុខ​ទាំងមូល​នៃ​ដែន​កោះ​តៃវ៉ាន់ មុន​ពេល​អ្នកស្រី​ត្រូវ​ជួប​ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក លោក Kevin McCarthy ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​នេះ។

ការិយាល័យ​មេដឹកនាំ​តៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា អ្នកស្រី សាយ កោះ​ប្រជុំ​ជាមួយ​មេទ័ព​របស់​អ្នកស្រី​តាម​វីដេអូ Online ដោយ​ចេញពី​ប្រទេស​បេលី ជា​ទីតាំង​ចុងក្រោយ​នៃ​ដំណើរ​របស់​អ្នកស្រី​នៅ​តំបន់​អាមេរិក​កណ្តាល មុន​ពេល​ទៅ​ដល់​រដ្ឋ​កាលីហ្វ័រញ៉ា ដែនដី​អាមេរិក។

ក្រោយពី​បាន​ស្តាប់​របាយការណ៍​សង្ខេប​អំពី​ស្ថានភាព​ក្នុង​តំបន់ អ្នកស្រី សាយ បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ បន្ត​តាមដាន​ស្ថានភាព និង​សកម្មភាព​ធ្វើ​សមយុទ្ធ​របស់​ប្រទេស​ចិន ឲ្យ​គណៈប្រតិភូ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​បាន​ដឹង។

អ្នកស្រី សាយ ត្រូវ​ទៅ​ដល់​ទីក្រុង Los Angeles នៅ​អំឡុង​ថ្ងៃ​ពុធ​នេះ ហើយ​នឹង​ត្រឡប់​ទៅ​តៃវ៉ាន់​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia អ្នកស្រី សាយ បាន​ទៅ​ដល់​ទីក្រុង Los Angeles នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ស្រប​ពេល​ដែល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ចិន​កំពុង​ធ្វើ​សមយុទ្ធ​នាវាចម្បាំង​ជាច្រើន​គ្រឿង។

នៅ​ថ្ងៃ​ពុធ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន បាន​រាយការណ៍​ថា នាវា​ដែល​ដំណើរការ​ដោយ​រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​នៃ​ខេត្ត Fujian នៅ​ទល់​មុខ​នឹង​កោះ​តៃវ៉ាន់ កំពុង​ដឹកនាំ​ការ​ល្បាត​នៅ​តំបន់​ភាគ​កណ្តាល និង​ភាគ​ខាងជើង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​មាន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះ​លើ​លំហ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ។

ចំណែក​ប្រធាន​រដ្ឋសភា​អាមេរិក លោក Kevin McCarthy បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​នឹង​ជួប​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ពុធ​នេះ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បើ​ទោះជា​ចិន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ក៏ដោយ។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី កាល​នោះ​អ្នកស្រី​ជា​ប្រធាន​រដ្ឋសភា​អាមេរិក បាន​ជួប​អ្នកស្រី សាយ នៅ​ទីក្រុង​តៃប៉ិ ដែល​ជំនួប​នោះ​ធ្វើ​ឱ្យ​ចិន​ប្រតិកម្ម​ជា​ខ្លាំង​សឹងតែ​លើក​ទ័ព​វាយលុក​កាន់កាប់​ដែន​កោះ​នេះ​ទៅ​ហើយ។

ចិន​នៅ​ពេល​នោះ​បញ្ចេញ​នាវាចម្បាំង ១៣​គ្រឿង​បំពាក់​ដោយ​គ្រាប់​មីស៊ីល ដោយ​បាញ់​គ្រាប់​យ៉ាង​ច្រើន​ឱ្យ​ធ្លាក់​ក្បែរ​កោះ​តៃវ៉ាន់។ ជាមួយ​គ្នា​នោះ ចិន​ធ្វើ​សមយុទ្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​ស្រោច​ចូល​ច្រក​សមុទ្រ​តៃវ៉ាន់។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទៀត ចិន​បញ្ចេញ​យន្តហោះ​ចម្បាំង​ក្នុង​មួយ​ថ្ងៃ ៣០​គ្រឿង​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់ ហើយ​ទីបំផុត ចិន​បាញ់​មីស៊ីល​បាលីស្ទិច​ជាង ១០​គ្រាប់​ហោះ​រំលង​កោះ​តៃវ៉ាន់​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ចិន​ខាងកើត។

ចិន និង​តៃវ៉ាន់ គឺជា​សាច់ឈាម​តែ​មួយ​នឹង​គ្នា។ ដែនដី​ពីរ​នេះ​នៅ​ចន្លោះ​ពី​គ្នា​ដោយ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​ជា ១៦០​គីឡូម៉ែត្រ។ នៅ​អំឡុង​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៤៩ បងប្អូន​ទាំង​ពីរ​នេះ​បង្ក​ការ​ផ្ទុះ​សង្គ្រាម​ស៊ីវិល​បាញ់​សម្លាប់​គ្នា ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ។ ដើមឡើយ ក្រុង​ប៉េកាំង​គ្រប់គ្រង​ដោយ​របប​សាធារណរដ្ឋ​ចិន ដែល​ប្រកាន់​គោលការណ៍​ដឹកនាំ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

បច្ចុប្បន្ន​នេះ របប​សាធារណរដ្ឋ​ចិន បាន​រត់​ទៅ​ទើរ​នៅ​លើ​កោះ​តៃវ៉ាន់ ដែល​មាន​អាយុកាល ៧៤​ឆ្នាំ​ហើយ​បើ​រាប់​ពី​ឆ្នាំ​១៩៤៩ មក​នោះ។

តែ​ពេលនេះ សារព័ត៌មាន Defense Express ដាក់​សញ្ញា​សួរ​ថា តើ​ប្រទេស​ចិន ដែល​ខកខាន​វាយប្រហារ​លើ​កោះ​តៃវ៉ាន់​យ៉ាងតិច ៥​លើក​មក​នេះ អាច​សម្រេច​វាយ​កាន់កាប់​តៃវ៉ាន់​នៅ​ពេល​ណា​ពិតប្រាកដ ហើយ​តៃវ៉ាន់​បាន​ត្រៀម​រួចរាល់​ហើយ​ឬ​នៅ​ដើម្បី​វាយ​ការពារ​ខ្លួន។

យោង​តាម​សារព័ត៌មាន​មួយ​នេះ តៃវ៉ាន់​ដូចជា​ដឹង​ខ្លួន​ថា មិន​យូរ​ទេ​ចិន​នឹង​វាយ​លើ​ដែន​កោះ​របស់​ខ្លួន​ហើយ ដោយ​មិន​ទុក​ដល់​ឆ្នាំ​២០២៧ ដូច​ឧត្តមសេនីយ៍​អាមេរិក​ម្នាក់​ព្យាករ​នោះ​ទេ។

ឥឡូវ​នេះ សាធារណរដ្ឋ​ចិន ឬ​ចិន​តៃវ៉ាន់ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឬ​ចិន​កុម្មុយនីស្ត​ក្រុង​ប៉េកាំង កំពុងតែ​រៀបចំ​ខ្សែ​ត្រៀម​កងទ័ព​ដោយ​រង់ចាំ​តែ​ដល់​ពេលវេលា​ណា​មួយ ដើម្បី​បើក​ទ្វារ​សង្គ្រាម​ប្រយុទ្ធ​គ្នា​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស