39.4 C
Phnom Penh

វីរជន​ការពារ​ព្រៃឈើ​ស្នើ​រដ្ឋាភិបាល​បិទ​ក្រុមហ៊ុន​ពីរ​ដែល​នាំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ូច ឡេង ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​អាជីវកម្ម​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ​ជា​ដើមចម​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដកស្រង់​ការ​លើកឡើង​របស់​លោក អ៊ូច ឡេង កាលពី​ថ្ងៃទី​៣០ មេសា ថា បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ បាន​បញ្ជា​ទៅ​កងកម្លាំង​អាវុធហត្ថ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​ប្រើ​អាវុធ​ថែម​ទៀត ប្រសិនបើ​ក្រុម​ជនល្មើស​ប្រឆាំង និង​បាញ់​តបត​មក​លើ​កងកម្លាំង​វិញ​នោះ។ លោក អ៊ូច ឡេង បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​បិទ​ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ ទោះបី​ក្នុង​រូបភាព​ស្រប​ច្បាប់​ក្ដី និង​មិន​ស្រប​ច្បាប់​ក្ដី។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទ ដោយសារ​ព្រៃឈើ​មួយ​ចំហៀង​នៃ​តំបន់​ព្រៃឡង់​ត្រូវ​បាន​កាប់​បំផ្លាញ​អស់ ហើយ​ព្រៃឈើ​នៅ​សល់​កំពុង​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​បន្ត​ទៀត​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ។

លោក អ៊ូច ឡេង លើកឡើង​ថា បើ​រដ្ឋាភិបាល​មិន​បិទ​អាជីវកម្ម​ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ ទេ នោះ​ព្រៃឈើ​នៅ​កម្ពុជា​នឹង​វិនាស​អស់​ក្នុង​ពេល​ឆាប់ៗ ដោយសារ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សល់ ខណៈ​រដ្ឋាភិបាល​គ្មាន​កម្លាំង និង​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​តាមដាន​ចុះ​បង្ក្រាប ហើយ​ទប់ស្កាត់​បទល្មើស​ទាំងនោះ។

លោក​ថា ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ មិន​ត្រឹមតែ​ប្រមូល​ទិញ​ឈើ​តែ​ក្នុង​តំបន់​ព្រៃឡង់​ទេ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ក៏​កំពុង​ប្រមូល​ទិញ​ឈើ​នៅ​តំបន់​ភ្នំព្រិច និង​តំបន់​ផ្សេងៗ​ទៀត ក្នុង​នោះ​មាន​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ពោធិ៍សាត់ ជាដើម។

សកម្មជន​បរិស្ថាន​រូប​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ នេះ​ហើយ​ដែល​ជា​ដើមចម​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ពួកគេ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ ក្រសួង​កសិកម្ម​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ស៊ីងបាយ អូធិច វិនិយោគ​ដំណាំ​ឧស្សាហកម្ម​អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ​លើ​ផ្ទៃដី​ចំនួន​ជាង ៣៤០០០​ហិកតារ (៣៤០០៧​ហិកតារ) ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន ស៊ីបាយ អូធិច បាន​ធ្វើការ​ផ្ទេរ​សិទ្ធិ​បើក​រោងចក្រ​អារ​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ (Angkor Plywood) កាលពី​ចុង​ឆ្នាំ​២០១៨។

ជុំវិញ​រឿង​នេះ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចោទ​ថា បទល្មើស​ព្រៃឈើ​កើតឡើង ហើយ​ទប់ស្កាត់​មិន​បាន​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​ពី​ខាង​ក្រៅ​ដើម្បី​កាប់​បំផ្លាញ។ លោក​ថា បទល្មើស​នឹង​មិន​កើតឡើង​ឡើយ បើ​មេព្រៃ មេ​ស្រុក និង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ​ចូលរួម​ទប់ស្កាត់ ដោយ​ការ​ចុះ​អប់រំ​ប្រជាជន និង​ប្រើប្រាស់​វិធានការ​រដ្ឋបាល​ឃាត់ ផាក​ពិន័យ​នោះ។

ក្រៅពី​អប់រំ​ពលរដ្ឋ​ហើយ លោក​ថា​មន្ត្រី​ទាំងនោះ​ក៏​បាន​ចូលរួម​សមគំនិត​ជាមួយ​ក្រុម​ឈ្មួញ បើ​មិន​ដូច្នេះ​ទេ បទល្មើស​ព្រៃឈើ​ក៏​មិន​កើត​ឡើង​ដែរ ព្រោះ​ឈើ​ដឹក​នៅ​តែ​លើ​ផ្លូវ ហើយ​ថែមទាំង​កាត់​នៅ​ខាង​មុខ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ និង​ទីស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ប៉ុន្តែ​ពួកគេ​ធ្វើ​មិន​ឃើញ​ដោយ​ទទួល​បាន​ប្រាក់​ពី​ក្រុម​ឈ្មួញ។

អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Copenhagen ប្រទេស​ដាណឺម៉ាក បាន​ចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​មួយ​កាលពី​ពេល​កន្លងទៅ​ថា ព្រៃឡង់​នៅ​ប្រទេស​កម្ពុជា​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយសារ​ការ​កាប់​បំផ្លាញ​មាន​ការ​កើនឡើង​ជាង ៧០% ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។ របាយការណ៍​នេះ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ ព្រៃឡង់​បាត់បង់​ប្រមាណ​ជិត ៥​ម៉ឺន​ហិកតារ (៤៧៤០០​ហិកតារ)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស