38.8 C
Phnom Penh

លោក ចូ បៃដិន សន្យា​ជួយ​ការពារ​ក្រុង​ម៉ានីល ដោយ​ឥត​ងាករេ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ឆ្លើយតប​នឹង​ការ​គំរាមកំហែង និង​បំពាន​ដែន​អធិបតេយ្យ​ពី​សំណាក់​ប្រទេស​ចិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​ធានា​ចំពោះ​សមភាគី​ហ្វីលីពីន អំពី​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ការពារ​ហ្វីលីពីន ដោយ​ឥត​ងាករេ​ឡើយ។

ជំនួប​រវាង​លោក ចូ បៃដិន និង​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr ធ្វើឡើង​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ ទី​១ ឧសភា។

លោក Marcos Jr ជួប​លោក បៃដិន ក្នុង​សេតវិមាន​នៅ​ឯ​ការិយាល័យ​រាង​ពងក្រពើ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia កាលពី​ថ្ងៃទី​២ ឧសភា។ ក្រោយពី​ជំនួប មេដឹកនាំ​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា។

តាម​សេចក្ដី​ថ្លែងការណ៍​នេះ មេដឹកនាំ​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ការពារ​ថ្មី​មួយ សំដៅ​ពង្រឹង​សន្តិសុខ​ហ្វីលីពីន និង​គាំទ្រ​ការ​ធ្វើ​ទំនើបកម្ម​យោធា។

កិច្ចព្រមព្រៀង​នេះ​ផ្អែក​លើ​ការ​បញ្ចប់​កាលពី​សប្ដាហ៍​មុន​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​កិច្ចព្រមព្រៀង​កាលពី​ដើម​ឆ្នាំ​នេះ ដែល​ហ្វីលីពីន​បាន​យល់ព្រម​ផ្ដល់​លទ្ធភាព​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ចំនួន ៤ បន្ថែម​ទៀត​នៅ​ហ្វីលីពីន ដែល​នាំ​ឱ្យ​អាមេរិក​មាន​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​នៃ​ដែន​កោះ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មាន ៩​មូលដ្ឋាន។

ក្នុង​ចំណោម​មូលដ្ឋាន​ទ័ព​អាមេរិក ក៏​មាន​នៅ​ក្បែរ​ដែន​កោះ​តៃវ៉ាន់ និង​នៅ​ក្នុង​ប្រជុំ​កោះ​ស្ព្រាលី នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​មហាយក្ស​ចិន​ព្យាយាម​កាន់កាប់។ ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​ឡើង​កម្ដៅ​រវាង​ចិន និង​ហ្វីលីពីន ក្នុង​ការ​ប្រទាញប្រទង់​គ្នា​ត្រួតត្រា​ដែន​កោះ ហើយ​ជា​ញឹកញាប់ ចិន​តែងតែ​បើក​នាវា​ស្ទង់​ប្រេង និង​នាវាចម្បាំង​ចូល​ទៅ​ក្នុង​ដែនទឹក​ហ្វីលីពីន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា​ជួយ​ការពារ​ហ្វីលីពីន​ដោយ​ឥត​ងាករេ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​រួម​បាន​ស្រង់​សម្រង់​សេចក្ដី​របស់​លោក Biden មក​ចុះផ្សាយ​ថា៖ សហរដ្ឋ​អាមេរិក​នៅ​តែ​តាំង​ចិត្ត​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ប្រទេស​ហ្វីលីពីន ដែល​ក្នុង​នោះ​រួមមាន​ទាំង​ដែនទឹក​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ក៏​បន្ត​គាំទ្រ​គោលបំណង​ទំនើបកម្ម​យោធា​របស់​ហ្វីលីពីន​ទៀត​ផង។

ចំណែក​ប្រធានាធិបតី​ហ្វីលីពីន លោក Marcos Jr បាន​និយាយ​ថា ហ្វីលីពីន​ស្ថិត​នៅ​ជួរ​មុខ​នៃ​ភាព​តានតឹង​កើនឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក​ថ្លែង​អរគុណ​ដល់​លោក បៃដិន និង​ប្រជាជន​អាមេរិក។

សម្រង់​សេចក្ដី​របស់​លោក Marcos បញ្ជាក់​ដូចនេះ​ថា៖ ខណៈ​នេះ​ហ្វីលីពីន​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេលនេះ ដែល​រុញ​ឱ្យ​ហ្វីលីពីន​សម្លឹង​ទៅ​រក​សហរដ្ឋ​អាមេរិក​ជា​ដៃគូ​សន្ធិសញ្ញា​របស់​ខ្លួន​តែ​មួយ​គត់​នៅ​លើ​ពិភពលោក ក្នុង​ការ​ពង្រឹង​សមត្ថភាព​ហ្វីលីពីន​ដែល​ត្រូវ​ប្រឈម​នឹង​ភាព​តានតឹង​កើនឡើង​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ លោក Biden និង​លោក Marcos Jr ក៏​បាន​សន្យា​នឹង​គ្នា​ផង​ដែរ​ថា នឹង​ធ្វើការ​រួម​គ្នា​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​លើ​កិច្ចប្រឹងប្រែង​ដូចនេះ ដើម្បី​លើក​កម្ពស់​វិនិយោគ​លើ​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ថាមពល​ស្អាត សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ទ្រទ្រង់​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ រួម​ទាំង​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​មួយ​ស្អាតស្អំ។

ការ​ជួប​គ្នា​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នៅ​លើក​នេះ គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​តែ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​តានតឹង​ជា​ថ្មី​បន្ទាប់ពី​ចិន​បញ្ចេញ​នាវា​ល្បាត និង​នាវាចម្បាំង​ជាច្រើន​ចូល​ក្នុង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រុង​ម៉ានីល ចោទ​ថា​នាវា​ចិន​ទាំងនោះ​បាន​បំពាន​អធិបតេយ្យភាព​របស់​ខ្លួន ដែល​ចាំបាច់​ហ្វីលីពីន​ត្រូវ​បញ្ជូន​នាវាចម្បាំង​ទៅ​ប្រឈមមុខ។

ការ​ប្រឈមមុខ​គ្នា​រវាង​នាវាចម្បាំង​ប្រទេស​ទាំង​ពីរ បាន​កើតឡើង​នៅ​ដើម​សប្ដាហ៍​នេះ​ក្រោយ​មួយ​ថ្ងៃ​ដែល​ហ្វីលីពីន និង​អាមេរិក​បាន​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ក្នុង​ផ្នែក​មួយ​នៃ​សមុទ្រ​ហ្វីលីពីន​ខាងលិច ក្នុង​លំហ​សមុទ្រ​ចិន​ខាងត្បូង។ តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នាវា​ចិន និង​ហ្វីលីពីន ហៀប​តែ​នឹង​ប៉ះទង្គិច​គ្នា​ទៅ​ហើយ។

ដោយ​មើល​ឃើញ​ស្ថានភាព​ដូចនេះ លោក ចូ បៃដិន សន្យា​ថា​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង ព្រមទាំង​កង​នាវាចម្បាំង​ទៅ​ប្រទេស​ហ្វីលីពីន ដោយ​បន្ត​ប្ដេជ្ញា​គាំទ្រ​ហ្វីលីពីន​ទាំង​ក្នុង​វិស័យ​ការពារ​ជាតិ និង​ក្នុង​សំណុំរឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

អ្នក​សារព័ត៌មាន​កត់​សម្គាល់​ថា ជំនួប​រវាង​លោក បៃដិន និង​លោក Marcos Jr ប្រធានាធិបតី​ហ្វីលីពីន ក៏​ស្ថិត​ក្នុង​កម្រិត​ប្រវត្តិសាស្ត្រ គឺ​ដូច​គ្នា​ទៅ​នឹង​ជំនួប​លោក បៃដិន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង យូន សុកយូល កាលពី​សប្ដាហ៍​មុន ព្រមទាំង​ជំនួប​រវាង​លោក បៃដិន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីហ្ស៊ីដា កាលពី​ខែ​មករា ក៏​ធ្វើឡើង​នៅ​ឯ​ការិយាល័យ​រាង​ពងក្រពើ​នៅ​ក្នុង​សេតវិមាន​ដូច​គ្នា។

ដូចនេះ មេដឹកនាំ​អាស៊ី​ទាំង ៣​ប្រទេស​នេះ គឺជា​កម្លាំង​ពិត សម្ព័ន្ធភាព​ពិត​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់ និង​ការ​ឆ្លើយតប​ចំពោះ​ការ​បង្ក​រឿង​ពី​សំណាក់​កូរ៉េខាងជើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស