38 C
Phnom Penh

លោក សម រង្ស៊ី ថា​មាន​តែ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ប៉ុណ្ណោះ​ដែល​មាន​ភាព​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ គឺជា​ខួប ៣០​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ឬ​អ៊ុនតាក់ ដែល​ជា​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចាញ់​ឆ្នោត​យ៉ាង​អាម៉ាស់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ ថា ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​យ៉ាង​ពេញលេញ និង​ពិតប្រាកដ ផ្ទុយ​ស្រឡះ​ពី​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​តែង​លួច​បន្លំ និង​ប្លន់​សន្លឹកឆ្នោត​គ្រប់ៗ​អាណត្តិ​នៅ​ពេល​ដែល​អ៊ុនតាក់​បាន​ដក​ចេញពី​ប្រទេស​កម្ពុជា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២៣ នេះ សុទ្ធតែ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ទាំងអស់ ព្រោះ​ថា​ដើម្បី​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែងតែ​បំភ្លៃ និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ជានិច្ច តាមរយៈ​នៃ​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ក្លែងក្លាយ ដែល​គាត់​ជា​អ្នក​បញ្ជា​គ្រប់​បែប​យ៉ាង​តាម​ទំនើងចិត្ត​ក្នុង​ចេតនា​ដើម្បី​រក្សា​អំណាច។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ចំនួន ៦​លើក​រួច​មក​ហើយ ប៉ុន្តែ​ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុក​ថា​ត្រឹមត្រូវ​នោះ គឺ​មាន​តែ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ ក្រៅពី​នេះ ដូចជា​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ សុទ្ធសឹងតែ​ជា​ការ​បោះឆ្នោត​ដែល​លួច​បន្លំ​សន្លឹកឆ្នោត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ​ដែល​ក្តោប​ក្តាប់​អំណាច​មិន​ស្រប​តាម​ច្បាប់​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ ដូចជា​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់ លោក ហ៊ុន សែន បាន​ចាញ់​ឆ្នោត ប៉ុន្តែ​គាត់​បែរជា​គំរាម​បង្កើត​តំបន់​អបគមន៍​ដើម្បី​តថ្លៃ​យក​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​២ ទៅវិញ។

លោក អ៊ុំ សំអាន លើកឡើង​ថា លោក ហ៊ុន សែន ខ្លាច​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ គាត់​បាន​ធ្វើ​រដ្ឋប្រហារ​កម្ទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ឆ្នាំ​១៩៩៧ ដោយឡែក​នៅ​ឆ្នាំ​២០១៣ ដើម្បី​ឈ្នះ​ឆ្នោត លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ផ្តាច់​ចរន្ត​អគ្គិសនី​ពេល​កំពុង​រាប់​សន្លឹកឆ្នោត​ផង​ដែរ ដែល​ទង្វើ​នេះ​គឺជា​សកម្មភាព​លួច​សន្លឹកឆ្នោត​ដ៏​មិន​អាច​ប្រកែក​បាន។

ជាង​នេះ​ទៀត ព្រោះ​តែ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​តុលាការ​តេឡេ​របស់​លោក​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧ ដើម្បី​កុំ​ឱ្យ​បក្ស​នេះ​អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ និង​ព្យាយាម​បិទ​សារព័ត៌មាន​ឯករាជ្យ​ទាំងអស់​នៅ​កម្ពុជា​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ បណ្ដាញ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ស្វែងរក​ហត្ថលេខា​អ្នកគាំទ្រ​តាម​ប្រព័ន្ធ​អនឡាញ​លើ​ញត្តិ​របស់​ពួកគេ ដើម្បី​ទាមទារ​ឲ្យ​ផ្អាក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០២៣ នេះ​ក្រោម​ហេតុផល​ថា ការ​បោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព គ្មាន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រោះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​ពោរពេញ​ដោយ​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន។

បណ្ដាញ​សហគមន៍​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​បរទេស អំពាវនាវ​ឲ្យ​ម្ចាស់​ឆ្នោត​ទាំងអស់​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ព្រោះ​ថា​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដែល​កំពុង​រៀបចំ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ពេលនេះ កំពុង​ធ្វើឡើង​ផ្ទុយ​ពី​ការ​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ​ទាំងស្រុង។

ជុំវិញ​បញ្ហា​នេះ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​បារាំង នៅតែ​បន្ត​អំពាវនាវ​ឱ្យ​កម្ពុជា​រៀបចំ​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី តម្លាភាព និង​ពហុបក្ស ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស