31 C
Phnom Penh

ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មិន​មាន​វត្ត​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ឡើយ បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បដិសេធ​ការ​ចុះបញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ របស់​គណបក្ស​នេះ ដោយ​បិទ​ផ្លូវ​តវ៉ា​ក្រោម​ហេតុផល​ថា​ខុស​នឹង​គតិ​ច្បាប់។

ការ​ប្រកាស​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា នេះ លើ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ដែល​បាន​ប្តឹង​កាលពី​ពាក់កណ្ដាល​ខែ​ឧសភា។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដោយសារ​ខុស​នឹង​គតិ​ច្បាប់។ សេចក្ដី​សម្រេច​បដិសេធ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ក៏​បាន​បិទ​ផ្លូវ​តវ៉ា​ផង​ដែរ។ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ មិន​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នា​ថ្ងៃទី​២៥ ឧសភា នេះ អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា លើកឡើង​ថា ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​សេរី ត្រឹមត្រូវ និង​តម្លាភាព ដោយ​មិន​បាន​ប្រាសចាក ឬ​ឃ្លាតឆ្ងាយ​ពី​គោលការណ៍​សេរី ត្រឹមត្រូវ និង​តម្លាភាព​នោះ​ទេ។

លោក​បាន​ថ្លែង​ការពារ​ទៀត​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ មិន​អាច​ធ្វើ​អ្វី​ដែល​ខុស​ពី​សមត្ថកិច្ច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ប្រគល់​ភារកិច្ច​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ និង​ដោះស្រាយ​វិវាទ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​បាន​ឡើយ។

ចំពោះ​ការ​បដិសេធ​វិញ លោក ព្រហ្ម វិចិត្រអក្ខរា អះអាង​ថា ដោយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ទៅ​លើ​សេចក្ដី​សម្រេច និង​ថ្លឹងថ្លែង​លើ​ការ​អះអាង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រួម​ទាំង​ពាក្យ​បណ្ដឹង​គណបក្ស​ភ្លើង​ទៀន។

តែ​យ៉ាងណា​ក៏ដោយ ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ធ្វើឡើង​ស្រប​នឹង​ទៅ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ពេល​ថ្មីៗ​នេះ​ដែរ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា នេះ បាន​ប្រកាស​បដិសេធ​សំណើសុំ​ចុះឈ្មោះ​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នា​ខែ​កក្កដា ខាងមុខ​នេះ។

ការ​បដិសេធ​ការ​ចុះបញ្ជី​នេះ ដោយ គ.ជ.ប លើក​ហេតុផល​ថា បក្ស​ភ្លើង​ទៀន​មិន​បាន​ភ្ជាប់​ប្រកាស​ស្ដីពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​បញ្ជាក់​ពី​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​កថាខណ្ឌ​ទី​២ និង​ចំណុច​ទី​១ ក្នុង​មាត្រា​២៧ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​ដែល​ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​កាលពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ខែ​មិថុនា ឆ្នាំ​២០២២។ ប៉ុន្តែ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ខាងមុខ​នេះ មិន​មាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ឡើយ។

ទាក់ទិន​រឿង​នេះ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក ហ៊ុន សែន រក​ការ​ធានា​មិន​បាន​ករណី​ពីរ​យ៉ាង​ពី​បក្ស​ភ្លើង​ទៀន ក្នុង​នោះ​លោក ហ៊ុន សែន មិន​ទុកចិត្ត​ថា​បក្ស​ភ្លើង​ទៀន​ពិត​ជា​នឹង​មិន​តវ៉ា​លទ្ធផល​បោះឆ្នោត ស្រប​ពេល​ដែល​កម្ដៅ​នៃ​គំនរ​អយុត្តិធម៌​សង្គម​កាន់តែ​ពុះ​ខ្លាំង​ឡើង។ ចំណែក​ទី​២ លោក ហ៊ុន សែន មិន​ទាន់​អាច​រក​ឃើញ​អ្នក​ដឹកនាំ​បក្ស​ភ្លើង​ទៀន​ដែល​គាត់​អាច​បង្វិល​បាន​តាម​ទំនើងចិត្ត​ដូច​ដែល​គាត់​ធ្លាប់​ចុច​តេឡេ​បញ្ជា​លោក ញឹក ប៊ុនឆៃ សម័យ​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​ឆ្នាំ​២០០៦ ក្នុង​អំឡុង​អាណត្តិ​ទី​៣។

លោក គឹម សុខ អះអាង​ថា កាលណា​លោក ហ៊ុន សែន រក​បុគ្គល​បែប​នេះ​មិន​ឃើញ​ក្នុង​ជួរ​អ្នក​ដឹកនាំ​កំពូល​របស់​បក្ស​ភ្លើង​ទៀន ហើយ​បណ្ដោយ​ឲ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត មាន​កៅអី​ខ្លះ​ក្នុង​សភា លោក ហ៊ុន សែន បារម្ភ​ថា​បក្ស​ភ្លើង​ទៀន​អាច​អុកឡុក​គាត់ ជាពិសេស​រដ្ឋបាល​កូន​គាត់​ក្នុង​រដ្ឋសភា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស