39 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជា​កងទ័ព​ឱ្យ​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដើម្បី​រក្សា​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឲ្យ​កងទ័ព​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព ដើម្បី​ការពារ និង​ថែរក្សា​សុខ​សន្តិភាព ដែល​ក្រុម​បក្ខពួក និង​គ្រួសារ​របស់​ត្រកូល​ហ៊ុន កំពុង​នាំគ្នា​ស្រែក​បន្ទរ និង​បិទ​នៅ​ទី​សាធារណៈ​នា​ពេល​បច្ចុប្បន្ន។

ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់នៅ និង​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត និង​កង​ឯកភាព​ចំណុះ នា​ថ្ងៃទី​២៩ ខែ​ឧសភា នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កន្លងមក​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​បាន​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​កងកម្លាំង អតីត​យុទ្ធជន និង​ក្រុម​គ្រួសារ តាមរយៈ​ការ​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​ផ្សេងៗ​សំដៅ​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ និង​ផ្តល់​លំនឹង​នៃ​សេដ្ឋកិច្ច​គ្រួសារ។

ក្រៅពី​សួរ​សុខទុក្ខ​ហើយ លោក​ថា​ក៏​បាន​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ​ជា​បន្តបន្ទាប់ ដោយ​រួម​ទាំង​ប្រាក់​សោធន​និវត្តន៍​ផង​ដែរ។ ដូច្នេះ កងទ័ព​ត្រូវ​ប្ដេជ្ញា​ការពារ និង​ថែរក្សា​សុខ​សន្តិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈ តាមរយៈ​ការ​ទប់ស្កាត់​រាល់​ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ណា​មួយ ដោយ​អនុវត្ត​គ្រប់​បទបញ្ជា​របស់​រាជរដ្ឋាភិបាល។

ការ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត នា​ពេលនេះ ខណៈ​ដែល​លោក ហ៊ុន សែន ប្រកាស​តាម​កម្ទេច​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង ព្រមទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

តែ​យ៉ាងណា ការ​បញ្ជា​ទៅ​កងទ័ព​របស់​លោក ហ៊ុន សែន និង​កូនច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើង​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​កងទ័ព។

បើ​តាម​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មាត្រា​៩ ចែង​ថា យោធិន​មាន​សិទ្ធិ​សេរីភាព​ដូច​ពលរដ្ឋ​ដទៃ​ទៀត ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ខ្លះ ត្រូវ​បាន​កម្រិត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។

យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខនាទី ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ចំពោះ​ការ​ប្រើប្រាស់​មុខងារ និង​ប្រើប្រាស់​សម្ភារៈ​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណា​មួយ​ឡើយ។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មាត្រា​១៧ ចែង​ថា យោធិន​ត្រូវ​គោរព និង​អនុវត្ត​រាល់​បញ្ជា​ដោយ​មាន​ស្មារតី​ទទួល​ខុសត្រូវ។ បញ្ជា​ណា​ដែល​មាន​ភាព​ច្បាស់​ក្រឡែត​ផ្ទុយ​ពី​ច្បាប់ ឬ​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ ត្រូវ​ហាមឃាត់។ ក្នុង​ករណី​នេះ អ្នក​បញ្ជា​ក្តី អ្នក​អនុវត្តន៍​ក្តី ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ដូច​គ្នា​ដែរ ក្នុង​មាត្រា​២០ នៃ​ព្រះរាជក្រឹត្យ​ស្ដីពី​សហលក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ចែង​ថា មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​មាន​អព្យាក្រឹតភាព​ក្នុង​មុខនាទី ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​ការ​ប្រើ​មុខងារ ការ​បំពេញ​ភារកិច្ច និង​ប្រើប្រាស់​មធ្យោបាយ​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​សកម្មភាព និង​ផលប្រយោជន៍​គណបក្ស​ណា​មួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស