30 C
Phnom Penh

ហេតុ​អ្វី​លោក ហ៊ុន សែន គំរាម​សម្លាប់​លោក សម រង្ស៊ី នៅ​ពេល​ចង់​ចូល​កម្ពុជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន បាន​ចោទ​រូបលោក​ថា​មាន​ទោស ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ប្រកាស​អំពី​ការ​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​ឱ្យ​លោក ហ៊ុន សែន ចាប់​ខ្លួន បែរជា​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​គំរាម​សម្លាប់​រូបលោក​ដោយ​ប្រើ​គ្រាប់ BM-21 តទល់​ជាមួយ​លោក​ដែល​មាន​តែ​បាតដៃ​ទទេ​ទៅវិញ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ មិថុនា ដោយ​រំលឹក​ឡើង​វិញ​ថា លោក ហ៊ុន សែន បាន​អះអាង​ថា នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​សន្យា​ជាមួយ​គាត់​ចំនួន “៤​ដង” ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មក​ជាន់​ទឹកដី​ប្រទេស​ម៉ាឡេស៊ី ដាច់ខាត។

លោក​បន្ថែម​ថា បើ​រឿង​នេះ​ជា​រឿង​ពិត​មែន នោះ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ច្បាស់​ជា​មិន​បាន​សន្យា​ជាមួយ​លោក ហ៊ុន សែន បែប​នេះ “៤​ដង” ដោយ​ទទេៗ​ទេ ប្រសិនបើ​លោក ហ៊ុន សែន មិន​បាន​ទទូច​អង្វរ​សុំ “៤​ដង” ឲ្យ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម សន្យា​រារាំង​ដំណើរ​របស់​លោក សម រង្ស៊ី ទៅ​កាន់​ទឹកដី​ម៉ាឡេស៊ី នោះ។

លោក សម រង្ស៊ី លើក​ជា​សំណួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន នៅ​ពេល​ជួប​ថ្នាក់​ដឹកនាំ​ប្រទេស​ជិតខាង​ម្តងៗ​មិន​លើក​យក​រឿង​សំខាន់​របស់​ប្រទេស​ជាតិ​ដែល​ទាក់ទង​ផលប្រយោជន៍​កម្ពុជា​មក​ជជែក​ពិភាក្សា តែ​បែរជា​លើក​តែ​ពី​ករណី​របស់​លោក​មក​ពិភាក្សា​ទៅវិញ។

ការ​អះអាង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​គំរាម​ប្រើ​គ្រាប់ BM-21 ផ្គុំ​បាញ់​លោក សម រង្ស៊ី នៅ​ពេល​ដែល​គាត់​ឈាន​ជើង​ចូល​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នៅ​ពេលនេះ។

ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ឫស្សីកែវ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​បាញ់​លោក សម រង្ស៊ី ដោយ​គ្រាប់ BM-21 បើសិន​លោក សម រង្ស៊ី ហ៊ាន​ឈាន​ជើង​ចូល​ទឹកដី​ខ្មែរ​វិញ។

លោក ហ៊ុន សែន អះអាង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សន្យា​ជាមួយ​លោក​ចំនួន ៤​ដង​រួច​ហើយ​ថា​នឹង​មិន​ឲ្យ​លោក សម រង្ស៊ី ជាន់​ទឹកដី​ម៉ាឡេស៊ី ជាដាច់ខាត ប៉ុន្តែ​លោក សម រង្ស៊ី នៅតែ​ប្រើ​ល្បិច​លួច​ចូល​ទៅ​ប្រទេស​ម៉ាឡេស៊ី តាម​វិស័យ​ឯកជន​ដោយ​ប្រើ​ប៉ាសស្ព័រ​បារាំង​បាន​ទៀត។

លោក ហ៊ុន សែន អះអាង​ថា លោក​ធ្លាប់​បាន​និយាយ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ថា បើ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ហ៊ាន​ឱ្យ​លោក សម រង្ស៊ី ចូល​ទឹកដី​ម៉ាឡេស៊ី នោះ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​មើល​មុខ​គ្នា​មិន​ចំ​នោះ​ទេ​ទៅ​ថ្ងៃ​ក្រោយ។

កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រសួង​ការបរទេស​ម៉ាឡេស៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មិន​បាន​ដឹង​អំពី​ការ​មក​ដល់​របស់​លោក សម រង្ស៊ី លើ​ទឹកដី​ម៉ាឡេស៊ី នោះ​ទេ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៣១ ឧសភា ដដែល​នោះ ប៉ុន្តែ​វត្តមាន​របស់​លោក សម រង្ស៊ី លើ​ទឹកដី​នេះ​គ្មាន​កម្មវិធី​សាធារណៈ​ណា​មួយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នោះ​ទេ ដោយ​គ្រាន់តែ​មាន​ការ​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​រូបលោក​ជា​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ លោក សម រង្ស៊ី បាន​បង្ហោះ​សារ និង​រូបថត​មួយ​ចំនួន​ដែល​លោក​បាន​ទៅ​ដល់​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រួម​ទាំង​រូបថត​ដែល​លោក​បាន​ចាកចេញ​ពី​ប្រទេស​នេះ​នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ ផង​ដែរ ដែល​មាន​ន័យ​ថា លោក សម រង្ស៊ី បាន​ស្នាក់នៅ​ទីនោះ​អស់​រយៈពេល ២​យប់ ២​ថ្ងៃ មុន​នឹង​លោក​ចាកចេញ​នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នោះ។

ជាង​នេះ​ទៀត លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​រូបថត​ដែល​លោក​បាន​ថត​ជាមួយ​តំណាងរាស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី អំឡុង​ពេល​ដែល​លោក​មាន​វត្តមាន​នៅ​ទីនោះ​ផង​ដែរ។ លើស​ពី​នេះ លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​សំបុត្រ​យន្តហោះ​ដែល​លោក​បាន​កក់​នៅ​ប្រទេស​អូស្ត្រាលី ថែម​ទៀត​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែល​លោក​បាន​ទិញ​តាំងពី​ថ្ងៃទី​២២ ខែ​ឧសភា មក​ម្ល៉េះ។ ក្នុង​ន័យ​នេះ ទំនង​លោក សម រង្ស៊ី ចង់​បញ្ជាក់​ថា ដំណើរ​របស់​លោក​មិន​ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ហាមឃាត់​ដូចជា​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែង​ចោទប្រកាន់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ថា​ជា​ជន​ក្បត់​ជាតិ និង​ត្រូវ​បាន​តុលាការ​កម្ពុជា​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​បន្ត​បិទ​ផ្លូវ​លោក សម រង្ស៊ី មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា ដើម្បី​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​នោះ​ទេ។ ជាង​នេះ​ទៀត ថែមទាំង​ស្នើ​រដ្ឋាភិបាល​របស់​ប្រទេស​ជិតខាង​ជួយ​រារាំង​លោក សម រង្ស៊ី មិន​ឱ្យ​ចូល​ទៅ​ទឹកដី​នៃ​ប្រទេស​ទាំងនោះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស