30 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​ថា​អន្ទិត សាន សុជា សុំ​ជួប​លោក​ពេល​មក​ដល់​កម្ពុជា​ភ្លាមៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​អនុញ្ញាត​ឲ្យ​លោក សាន សុជា ចូល​ជួប​នៅ​ភូមិគ្រឹះ​របស់​លោក​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល បន្ទាប់ពី​លោក សាន សុជា ត្រឡប់​ពី​អូស្ត្រាលី​មក​ដល់​ប្រទេស​កម្ពុជា។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្មករ​កម្មការិនី​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៣ មិថុនា នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ពេល​អន្ទិត សាន សុជា មក​ដល់​កម្ពុជា​ភ្លាមៗ បាន​ទាក់ទង​មក​សុំ​ជួប​ជាមួយ​លោក​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ប៉ុន្តែ​ដោយសារ​ថ្ងៃ​ស្អែក​នេះ​លោក​ជាប់​រវល់ ទើប​អនុញ្ញាត​ឲ្យ​លោក សាន សុជា ចូល​ជួប​ថ្ងៃ​នេះ​ជំនួស​វិញ។

លោក​ថា លោក​នឹង​ជួប​លោក សាន សុជា នៅ​ភូមិគ្រឹះ​របស់​លោក​ក្នុង​ក្រុង​តាខ្មៅ បន្ទាប់ពី​អន្ទិត​ដែល​ទើប​នឹង​លាចាក​សិក្ខាបទ ឬ​សឹក​ថ្មីៗ ត្រឡប់​ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា។ ប៉ុន្តែ​ការ​ប្រកាស​របស់​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ថា​លោក សាន សុជា សុំ​ជួប​នោះ ហាក់​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​ឡើយ។

បើ​តាម​ប្អូន​របស់​លោក សាន សុជា ឈ្មោះ សាន ណាវី (San Navy) សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នា​ថ្ងៃទី​១៣ ខែ​មិថុនា នេះ​ថា បងប្រុស​របស់​គាត់​មក​ស្រុក​ខ្មែរ​រយៈពេល​ខ្លី ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ប៉ាសស្ព័រ និង​អត្តសញ្ញាណប័ណ្ណ​ខ្មែរ។

ក្នុង​ឱកាស​នេះ​ដែរ អ្នកនាង​ថា​លោកគ្រូ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហ៊ុន សែន ខណៈ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា លោក ហ៊ុន សែន ទេ​ដែល​ជា​អ្នក​សុំ​ជួប​លោក សាន សុជា នោះ។

ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​លាចាក​សិក្ខាបទ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៣ បន្ទាប់ពី​សាង​ផ្នួស​អស់​រយៈពេល ៣១​វស្សា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស