30 C
Phnom Penh

លោក មុំ អស្សនី ថា​វីដេអូ​បង្ហាញ​ពី​ការ​ចាប់​ខ្លួន​លោក​គឺជា​ការ​រៀបចំ​តាម​បញ្ជា​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា លោក មុំ អស្សនី ទម្លាយ​ថា ការ​បញ្ចេញ​វីដេអូ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ដែល​មាន​និន្នាការ​បម្រើ​នយោបាយ​ឲ្យ​បក្ស​កាន់​អំណាច Fresh News កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ការ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ដើម្បី​បង្ខូច​កិត្តិយស​របស់​លោក​ប៉ុណ្ណោះ។

អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ឹម សុផល ហៅ មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១២ ខែ​មិថុនា នេះ​ថា វីដេអូ​ដែល​គេ​ថត​ពី​ការ​ចាប់​ខ្លួន​លោក និង​វីដេអូ​ដែល​លោក​បាន​សារភាព​នៅ​ស្នងការ​ខេត្ត​ពោធិ៍សាត់ ដែល​គេ​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺជា​ការ​រៀបចំ​របស់​សមត្ថកិច្ច​តាម​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ដើមចម​នៃ​រឿង​នេះ គឺ​ដោយសារតែ​លោក​បាន​បដិសេធ​មិន​ចូល​ទៅ​បង្កប់​ខ្លួន​ក្នុង​បក្ស​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ជា​ខ្សែរយៈ​របស់​លោក ហ៊ុន ម៉ាណែត នោះ។

លោក អ៊ឹម សុផល អះអាង​ថា ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ចម្លើយ​ដូច​ដែល​សារព័ត៌មាន Fresh News បាន​បង្ហោះ​នោះ សមត្ថកិច្ច​បាន​ប្រើ​ទារុណកម្ម​លើ​រូបលោក​យ៉ាង​ព្រៃផ្សៃ​ជា​ច្រើន​ដង ដោយ​ពួកគេ​យក​ស្បោង​ប្លាស្ទិក​មក​ច្រក​ក្បាល​របស់​លោក ដើម្បី​ឲ្យ​លោក​ថប់​ដង្ហើម និង​យក​ដំបង​ឆក់​មក​ឆក់​ត្រង់​បេះដូង​លោក ជាដើម ដូច្នេះ​ដើម្បី​គេច​ផុត​ពី​ការ​ធ្វើ​ទារុណកម្ម​ដ៏​ឃោរឃៅ​នេះ លោក​មាន​តែ​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​គេ​ចង់បាន​ប៉ុណ្ណោះ ដើម្បី​រក្សា​ជីវិត​របស់​លោក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​មើល​ថែ​ប្រពន្ធ និង​កូនស្រី​បន្ត​ទៀត។

អតីត​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​វីដេអូ​ដែល​លោក​ព្រម​សារភាព​តាម​ការ​ណែនាំ​របស់​ពួកគេ សមត្ថកិច្ច​ទាំងនោះ​ប្រើ​ពេល ៦​ម៉ោង និង​ថត​វីដេអូ​នោះ ៤​លើក ទើប​ពួកគេ​យក​ជា​បាន​ការ​ដូច​អ្វី​ដែល​សារព័ត៌មាន Fresh News បាន​បង្ហោះ​កាលពី​ពេល​ថ្មីៗ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន Fresh News បាន​បង្ហោះ​វីដេអូ​ជា​បន្តបន្ទាប់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក មុំ អស្សនី ដោយ​ចោទ​ថា​រូបលោក​គឺជា​ជន​បោកប្រាស់ និង​ក្លែង​ឯកសារ​សាធារណៈ​កាលពី​ពេល​កន្លងទៅ។

កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២៣ សារព័ត៌មាន Fresh News បាន​បង្ហោះ​វីដេអូ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន និង​សួរ​ចម្លើយ​លោក មុំ អស្សនី ដោយ​សរសេរ​ថា លោក មុំ អស្សនី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០២១ លើ​ករណី​ក្លែង​ជា​អគ្គនាយករង​អន្តោប្រវេសន៍ និង​ក្លែង​បន្លំ​ឯកសារ​ចំនួន ៧​ច្បាប់ ដោយ​មាន​ការ​ក្លែង​ហត្ថលេខា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថែម​ទៀត ហើយ​ក្នុង​វីដេអូ​នោះ លោក មុំ អស្សនី ក៏​បាន​សារភាព​ថា លោក​ពិត​ជា​បាន​ក្លែង​ឯកសារ និង​បោកប្រាស់​លុយ​គេ​ប្រាកដ​មែន ក្រោម​ហេតុផល​ថា ដោយសារតែ​លោក​វក់​នឹង​ល្បែង​ស៊ីសង។

កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក មុំ អស្សនី ពី​បទ​មជ្ឈិម និង​មាន​តម្រុយ​ពិរុទ្ធភាព។ ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២២ តុលាការ​ខេត្ត​ពោធិ៍សាត់ ក៏​បាន​ចោទ​លោក​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ដែល​បាន​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ និង​បាន​បញ្ជា​ឱ្យ​នគរបាល​យុត្តិធម៌​ចាប់​ខ្លួន​លោក​ថែម​ទៀត។

ការ​ផ្សព្វផ្សាយ​ដីកា​របស់​តុលាការ និង​ការ​បញ្ចេញ​វីដេអូ​ចាប់​ខ្លួន​លោក មុំ អស្សនី នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​កម្ពុជា​រូប​នេះ​បាន​ចេញ​មុខ​លាតត្រដាង​ពី​ភាព​ខ្មៅ​កខ្វក់​នៃ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​កាលពី​ពេល​ថ្មីៗ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ជនរងគ្រោះ​ដែល​ធ្លាប់​រង​នូវ​ការ​ចាប់​ខ្លួន និង​សួរ​ចម្លើយ​ពី​សមត្ថកិច្ច​កម្ពុជា ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ថា លោក​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​ដែរ​ពី​បទ​ឆបោក ប៉ុន្តែ​តាម​ការពិត វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូបលោក​ដែល​មិន​បាន​ប្រព្រឹត្ត ប៉ុន្តែ​បែរជា​ត្រូវ​ចាប់​ខ្លួន​ទៅវិញ។

ប្រភព​ដដែល​រៀបរាប់​ថា នីតិវិធី​ក្នុង​ការ​សួរ​ចម្លើយ គេ​មាន​ក្រុម​លួង​លោក និង​ក្រុម​ប្រើ​ទារុណកម្ម​ស្ថិត​ក្នុង​កៅអី​ជ័រ​ដោយ​ដៃ​ជាប់​ខ្នោះ​ក្រពាត់​ស្លាបសេក​ទៅ​ខាង​ក្រោយ លោក​ត្រូវ​សមត្ថកិច្ច​មួយ​រូប​ទះ​ចំ​កណ្តាល​មុខ​មួយ​ដៃ​ពេញ​ទំហឹង​ដោយ​មិន​ដឹង​ខ្លួន ដែល​ធ្វើ​ឲ្យ​លោក​ដួល​ផ្ងាក​ទៅ​ក្រោយ​បែក​អំពិលអំពែក ហឹង​ត្រចៀក​ស្តាប់​អ្វី​មិន​ឮ​ទាល់តែសោះ ទាល់តែ​បន្តិច​ក្រោយ​មក​ទើប​លោក​មាន​ស្មារតី​ឡើងវិញ។

ប្រភព​ខាងលើ​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ប្រើ​ទណ្ឌកម្ម​លើ​រូបលោក​ចំនួន ៣​ដង រហូត​ទាល់តែ​លោក​ព្រម​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន ទើប​គេ​ឈប់​ធ្វើ​ទារុណកម្ម និង​និយាយ​ចំអក​ឲ្យ​លោក​ថា បើ​ឆ្លើយ​បែប​នេះ​តាំងពី​យូរ​មក ប្រហែល​មិន​ឈឺ​ខ្លួន​បែប​នេះ​ទេ។

កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត បាន​ស្លាប់​ភ្លាមៗ​ដែល​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម​របស់​សមត្ថកិច្ច​កម្ពុជា​អំឡុង​ពេល​សួរ​ចម្លើយ​នៅ​ស្នងការ​ខេត្ត​បាត់ដំបង ក្នុង​នោះ​គេ​ពិនិត្យ​ឃើញ​ថា សព​របស់​គាត់​មាន​ស្នាម​របួស​បែក​ឈាម​ខ្មៅ​ពេញ​ខ្លួន ប៉ុន្តែ​សមត្ថកិច្ច​ប្រកែក​ថា​គាត់​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស