31 C
Phnom Penh

ប្រធានាធិបតី​រុស្ស៊ី​ចង់​បន្ត​ធ្វើ​សង្គ្រាម​ផង ចង់​ចរចា​ផង ខណៈ​អ៊ុយក្រែន​វាយបក​ទ្រង់ទ្រាយ​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ថ្ងៃទី​១៣ មិថុនា នៅ​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត ដើម្បី​និយាយ​អំពី​ដំណើរការ​នៅ​សមរភូមិ​ក្នុង​ទឹកដី​អ៊ុយក្រែន។

នៅ​ក្នុង​ជំនួប​នេះ មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​មើល​ទៅ​ដូចជា​មាន​ភាព​ជឿជាក់​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​នឹង​ឈ្នះ​សង្គ្រាម តែ​ជាមួយ​គ្នា​នេះ លោក​ពោល​ពាក្យ​ថា លោក​ក៏​ចង់​ឱ្យ​មាន​ការ​ចរចា​ទៅ​រក​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ផង​ដែរ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក ពូទីន បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​កំពុងតែ​ចាញ់​ខ្លាំង​សម្បើម​នៅ​ក្នុង​ប្រតិបត្តិការ​វាយបក ដែល​កងទ័ព​អ៊ុយក្រែន​ព្យាយាម​ទម្លុះ​ចូល​មក​ខាង​ទឹកដី​ដែល​រុស្ស៊ី កាន់កាប់ តែ​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ ព្រោះ​តែ​កងទ័ព​រុស្ស៊ី​បាន​ចាប់​ជាប់​ចំណុច​ខ្សោយ​ទ័ព​អ៊ុយក្រែន ហើយ​វាយ​រុញច្រាន​ត្រឡប់​ទៅវិញ។ លោក ពូទីន អះអាង​ថា កងទ័ព​អ៊ុយក្រែន​ខូច​ខ្ទេចខ្ទី​សម្ភារៈ​សព្វាវុធ​យ៉ាង​ច្រើន ចំណែក​កងទ័ព​រុស្ស៊ី​វិញ​បាន​ខូចខាត​តិច​ជាង ១០​ដង បើ​ធៀប​នឹង​កងទ័ព​អ៊ុយក្រែន។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ក្នុង​ចំណោម​គ្រឿង​សព្វាវុធ​ដែល​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច បាន​ប្រគល់​ទៅ​ឲ្យ​អ៊ុយក្រែន គឺ​យ៉ាងតិច​ណាស់​ពី ២៥% ទៅ ៣០% ត្រូវ​បាន​កម្ទេច។

មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​អះអាង​ថា រថក្រោះ​អ៊ុយក្រែន​ចំនួន ១៦០​គ្រឿង និង​រថពាសដែក​ចំនួន ៣៦០​គ្រឿង ត្រូវ​បាន​កម្ទេច​ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ដែល​អ៊ុយក្រែន​បើក​វាយបក។ ចំណែក​ខាង​រុស្ស៊ី វិញ បាន​ខូច​រថក្រោះ​តែ ៥៤​គ្រឿង ហើយ​ក្នុង​ចំនួន​នេះ​អាច​ជួសជុល​ប្រើការ​កើតឡើង​វិញ​បាន។

តែ​ជាមួយ​គ្នា​នេះ នៅ​ពេល​អ្នកកាសែត​សួរ​អំពី​ការ​វាយឆ្មក់​ចូល​ទៅ​ខាង​ក្នុង​តំបន់ Belgorod ទឹកដី​រុស្ស៊ី លោក ពូទីន បាន​ទទួលស្គាល់​ថា រុស្ស៊ី​នៅ​មាន​ចំណុច​ខ្សោយ។ អ្នកកាសែត​បាន​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​រុស្ស៊ី​បណ្តោយ​ឲ្យ​ពួក​អ៊ុយក្រែន ឆ្លង​ព្រំដែន​ចូល​មក​វាយប្រហារ​បាន? លោក ពូទីន សារភាព​ថា កងទ័ព​រុស្ស៊ី​ខ្វះ​គ្រាប់ ខ្វះ​មីស៊ីល ខ្វះ​ដ្រូន និង​សម្ភារៈ​ផ្សេង​ទៀត​ដើម្បី​ការពារ។ លោក​សន្យា​ថា​នឹង​ខំ​ការពារ​ព្រំដែន​ឲ្យ​បាន កុំ​ឲ្យ​អ៊ុយក្រែន​ចូល​មក​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​ជា​ថ្មី​ទៀត។

នៅ​ពេល​អ្នកកាសែត​ម្នាក់​ទៀត​បាន​សួរ​គោលបំណង​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម លោក ពូទីន បាន​ថ្លែង​ថា រុស្ស៊ី​ចង់​បើក​ការ​ចរចា​ឡើងវិញ តែ​លោក​ថា​អ៊ុយក្រែន​មិន​មាន​ឆន្ទៈ​ចង់​ចរចា​អ្វី​ទេ ព្រោះ​ក្រុង​គៀវ កំពុង​មាន​មោទកភាព​នឹង​ការ​ប្រើប្រាស់​អាវុធ​របស់​ពួក​លោក​ខាងលិច។ លោក​បន្ត​ថា ក្រុង​គៀវ មិន​អាច​ប្រើ​សិទ្ធិ​ខ្លួនឯង​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​អំពី​អនាគត​សន្តិភាព​របស់​ខ្លួន​បាន​ទេ ព្រោះ​លោក​ខាងលិច​ជា​អ្នក​កំណត់​ជោគវាសនា​អ៊ុយក្រែន។

តាម​លោក ពូទីន រុស្ស៊ី​ចំហ​ទ្វារ​ដើម្បី​ចរចា​អំពី​អ៊ុយក្រែន ក៏​វា​អាស្រ័យ​នឹង​ក្រុម​បស្ចិម​ប្រទេស ថា​តើ​ឈប់​ជួយ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​បាន​ដែរ​ឬ​ទេ។ ស្រប​ពេល​ដែល​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ ថ្លែង​ថា រុស្ស៊ី​មាន​ផែនការ​សន្តិភាព​នឹង​ប្រទេស​ជិតខាង​មួយ​នេះ ដោយ​ធ្វើ​ឱ្យ​សន្តិភាព​រឹងមាំ​គ្មាន​ប្រទេស​ខាងក្រៅ​ជ្រៀតជ្រែក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា នេះ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា មីស៊ីល​របស់​រុស្ស៊ី​ជាច្រើន​គ្រាប់​បន្ត​វាយប្រហារ​ទៅ​លើ​រោងចក្រ​ឧស្សាហកម្ម​ចំនួន​ពីរ​នៅ​កណ្តាល​ទីក្រុង Kryvyi Rih នៃ​ប្រទេស​អ៊ុយក្រែន ព្រម​ជាមួយ​នឹង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​លើ​ទីក្រុង Odesa។

អភិបាល​ក្រុង Kryvyi Rih លោក Oleksandr Vilkul និយាយ​ថា រ៉ុក្កែត ៣​គ្រាប់​បាន​វាយប្រហារ​លើ​សហគ្រាស​ឧស្សាហកម្ម​ចំនួន​ពីរ ធ្វើ​ឲ្យ​បុរស​អាយុ ៣៨​ឆ្នាំ​ម្នាក់​រង​របួស ហើយ​ការ​វាយប្រហារ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ ដោយឡែក​អាជ្ញាធរ​ទីក្រុង​កំពង់ផែ Odesa ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​រុស្ស៊ី​ទាំង ១៨​គ្រឿង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការ​វាយប្រហារ​នេះ ចំ​ពេល​ដែល​រុស្ស៊ី​កំពុង​រង​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​ពី​ទ័ព​អ៊ុយក្រែន​ដែល​លោក ពូទីន អះអាង​ថា ទ័ព​អ៊ុយក្រែន​កំពុង​តែ​បរាជ័យ​ធ្ងន់ធ្ងរ។

ក្នុង​ពេល​ដែល​មេដឹកនាំ​យោធា​ណាតូ កំពុង​ស្ថិត​នៅ​សេតវិមាន ក្រសួង​ការបរទេស​នៃ​ប្រទេស​មហាអំណាច​នេះ​ប្រកាស​ពី​ការ​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដែល​មាន​សាច់ប្រាក់ ៣២៥​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​គ្រាប់​កាំភ្លើងធំ គ្រាប់​រ៉ុក្កែត HIMARS មីស៊ីល Javelin បាញ់​រថក្រោះ និង​មីស៊ីល Stingers បាញ់​យន្តហោះ រួម​ទាំង​រថពាសដែក Bradley និង Stryker។

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន​ច្រើន​ជាងគេ ក្នុង​ចំណោម​ប្រទេស​ចំនួន​៥០ ដែល​បាន​ចង​សម្ព័ន្ធភាព​នឹង​គ្នា​ក្នុង​ការ​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស