35 C
Phnom Penh

អ្នក​នយោបាយ​ល្បី​ពីរ​រូប​នៅ​អាស៊ី​អាគ្នេយ៍​ប្រកាស​ចូល​ប្រទេស​វិញ​ទោះ​ជា​ប្រឈម​ការ​ចាប់​ខ្លួន​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​តំបន់​អាស៊ីអាគ្នេយ៍ អ្នក​នយោបាយ​ល្បីៗ​ជាច្រើន​កំពុងតែ​ស្ថិតនៅ​ក្នុង​ការ​បិទ​សេរីភាព​ក្នុង​កំហុស​ដែល​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​មើល​ឃើញ​ថា ជា​រឿង​នយោបាយ​ដែល​បក្ស​កាន់​អំណាច​ព្យាយាម​កម្ចាត់​គូប្រកួត។

យ៉ាងតិច​ណាស់​អ្នក​នយោបាយ​ល្បី ៤​រូប​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បក្ស​កាន់​អំណាច​បិទ​សេរីភាព ក្រោម​សាលក្រម​របស់​តុលាការ។

អ្នកស្រី អ៊ុងសាន ស៊ូជី អ្នក​នយោបាយ​ជើងចាស់ និង​ជា​ជើងឯក​ប្រជាធិបតេយ្យ​នៅ​អាស៊ី​កំពុង​ស្ថិត​នៅ​ក្នុង​រនាំង​គុក​នៅឡើយ។

អ្នកស្រី​ជាប់​ទោស​ក្រោម​សាលក្រម​របស់​តុលាការ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​ពួក​យោធា ដែល​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​អ្នកស្រី និង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ពួក​យោធា​ភូមា ធ្វើ​រដ្ឋប្រហារ​នេះ​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ហៅ​ថា​ជា​ព្រឹត្តិការណ៍​បញ្ចប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មួយ​ដែល​ធ្លាប់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា​ជាង ៦០​ឆ្នាំ​ទៅ​ហើយ​នោះ។

ឥឡូវ​នេះ អ្នក​នយោបាយ​ម្នាក់​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ត្រូវ​បាន​តុលាការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​មាន​ទោស​រហូត​ដល់​ទៅ ២៧​ឆ្នាំ​ពី​បទ​សន្ទិដ្ឋភាព ឬ​អំពើ​ក្បត់​ជាតិ។

អ្នក​នយោបាយ​រូប​នេះ​ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ផង​ដែរ​នៅ​ក្នុង​តំបន់។ យ៉ាងណា លោក កឹម សុខា បើ​ទោះជា​ស្ថិតនៅ​ក្រៅ​ការ​ឃុំ​ខ្លួន​ក៏ដោយ ក៏​លោក​គ្មាន​សេរីភាព​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទាំងអស់ ដោយ​សាលក្រម​របស់​តុលាការ​បិទ​សិទ្ធិ​លោក​ទាំងស្រុង។

តែ​ទន្ទឹម​នឹង​នេះ អ្នក​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ២​រូប​ទៀត គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ពួក​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០០៦ ហើយ​នៅ​ពេលនេះ​លោក​កំពុង​រស់នៅ​និរទេស​ខ្លួន។ លោក​បាន​ប្រកាស​ថា លោក​នឹង​វិល​ចូល​ប្រទេស​ថៃ វិញ​នៅ​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។ ចំណែក​អ្នក​នយោបាយ​កម្ពុជា​មួយ​រូប​ទៀត គឺ​លោក សម រង្ស៊ី ក៏​បាន​ប្រកាស​ដែរ​ថា​នឹង​វិល​ចូល​កម្ពុជា​វិញ​ឲ្យ​បាន​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​ទៀត​នេះ។

អ្នក​នយោបាយ​ទាំង ២​រូប សុទ្ធតែ​សច្ចា​ដូច​គ្នា​ថា បើ​ទោះជា​ការ​វិល​មក​វិញ​របស់​ពួកគាត់​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​ក៏ដោយ ក៏​ពួកគាត់​វិល​ចូល​ប្រទេស​វិញ​ដែរ។ អ្នក​នយោបាយ​ទាំង ២​រូប​នេះ​សុទ្ធតែ​ជាប់​ពិរុទ្ធភាព​របស់​តុលាការ តែ​ក្នុង​សំណុំរឿង​ផ្សេង​គ្នា។

លោក ថាក់ស៊ីន ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​កំពូល​របស់​ថៃ ពី​បទ​គេច​ពន្ធ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​របស់​លោក​ជាប់​ពាក់ព័ន្ធ ខណៈ​លោក​នៅ​ពេល​នោះ​ជា​នាយករដ្ឋមន្ត្រី​ថៃ។

ចំណែក​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ជាប់​ពិរុទ្ធភាព​ក្រោម​សាលក្រម​ក្នុង​សំណុំរឿង​មិន​តិច​ជាង ១០​សំណុំរឿង​នោះ​ទេ មាន​ទាំង​សំណុំរឿង​បរិហារកេរ្តិ៍​អ្នក​នយោបាយ​កំពូលៗ​របស់​កម្ពុជា និង​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ។ ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ត្រូវ​បាន​កាត់ទោស​មួយ​ទៀត​ក្នុង​សំណុំរឿង​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា គឺ​លោក ហ៊ុន សែន។

តែ​យ៉ាងណា អ្នក​សង្កេតការណ៍​ឯករាជ្យ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​បាន​ហៅ​សាលក្រម​ផ្ដន្ទាទោស​អ្នក​ទាំង ២​រូប​នេះ គឺជា​រឿង​នយោបាយ។ ឥឡូវ​នេះ ពួកគាត់​ទាំង ២​នាក់ បើ​ទោះជា​នៅ​ប្រទេស​ផ្សេង​គ្នា​ក៏ដោយ ក៏​បាន​សច្ចា​ដូច​គ្នា​ថា នឹង​វិល​ចូល​ប្រទេស​របស់​ពួកគាត់​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការ​អនុវត្ត​ទោស​តាម​សាលក្រម​របស់​តុលាការ។

កាលពី​ថ្ងៃទី​១៥ មិថុនា សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បាន​ស្រង់​សម្ដី​កូនស្រី​លោក ថាក់ស៊ីន គឺ​អ្នកស្រី ភៃថោងថាន ស៊ីណាវ៉ាត់ មក​បញ្ជាក់​ថា លោក ថាក់ស៊ីន បាន​សច្ចា​ជា​ថ្មី​ម្ដង​ទៀត​ថា​នឹង​វិល​ចូល​រាជាណាចក្រ​ថៃ វិញ​នៅ​ក្នុង​អំឡុង​ខែ​កក្កដា ឬ​យ៉ាង​យូរ​នៅ​ដើម​ខែ​សីហា។

អ្នកស្រី ភៃថោងថាន ជា​មេដឹកនាំ​នៃ​គណបក្ស​ភឿថៃ ដែល​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​បក្ស​មួយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នៅ​ពេល​ខាងមុខ​នេះ។

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា ឪពុក​របស់​អ្នកស្រី​គឺ​លោក ថាក់ស៊ីន នៅតែ​សច្ចា​វិល​ចូល​រាជាណាចក្រ​ថៃ វិញ បើ​ទោះជា​លោក​ប្រឈមមុខ​ការ​ចាប់​ខ្លួន​ក៏ដោយ​នោះ ប៉ុន្តែ​អ្នកស្រី​ជឿ​ថា រដ្ឋាភិបាល​ថ្មី​ក្រោយ​នេះ​នឹង​សម្របសម្រួល​ឲ្យ​ឪពុក​របស់​អ្នកស្រី​វិល​ចូល​ប្រទេស​វិញ​ក្រោម​បរិយាកាស​នយោបាយ​បង្រួបបង្រួម​ជាតិ ហើយ​បញ្ចប់​សំណុំរឿង​ទាំងអស់​ដែល​ធ្វើ​ឲ្យ​ឪពុក​អ្នកស្រី​ជាប់​ពិរុទ្ធភាព។

លោក ថាក់ស៊ីន ខ្លួន​គាត់​ផ្ទាល់​បាន​បញ្ជាក់​ថា ការ​វិល​មក​វិញ​របស់​លោក មិនមែន​មក​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ទេ គឺ​លោក​ចង់​ស្ថិត​នៅ​ក្នុង​ទឹកដី​កំណើត​របស់​លោក​រហូត​ដល់​អស់​មួយ​ជីវិត។ បច្ចុប្បន្ន​នេះ លោក ថាក់ស៊ីន មាន​អាយុ ៧៣​ឆ្នាំ។

មិន​ថា​ឡើយ​រូបលោក​ទេ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារតែ​ការ​ជាប់​ទោស គឺ​ប្អូនស្រី​បង្កើត​របស់​លោក​ម្នាក់ គឺ​អ្នកស្រី យីងឡាក់ ក៏​ជា​អ្នក​នយោបាយ​និរទេស​ខ្លួន​ផង​ដែរ។ អ្នកស្រី យីងឡាក់ បាន​រត់​ចេញពី​ប្រទេស​ភ្លាមៗ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ក្រោយពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ និង​ក្រោយពី​តុលាការ​កាត់ទោស​អ្នកស្រី​ជាច្រើន​ឆ្នាំ​ពី​បទ​បណ្ដោយ​ឲ្យ​គណៈរដ្ឋមន្ដ្រី​របស់​អ្នកស្រី​ប្រព្រឹត្ត​អំពើពុករលួយ ប៉ុន្តែ​សំណុំរឿង​នេះ អ្នកវិភាគ​ឯករាជ្យ​បាន​ហៅ​ថា​ជា​សាលក្រម​ប្រឆាំង​នឹង​អំណាច​របស់​ត្រកូល ស៊ីណាវ៉ាត្រា។

ចំពោះ​អ្នកស្រី យីងឡាក់ មិន​បាន​ប្រកាស​ថា​ត្រូវ​វិល​ចូល​រាជាណាចក្រ​ថៃ វិញ​នៅ​ពេល​ណា​នោះ​ទេ។

ដោយឡែក​អ្នក​នយោបាយ​ជា​មេ​បក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៣​ឆ្នាំ​ដូច​លោក ថាក់ស៊ីន ផង​ដែរ គឺ​លោក សម រង្ស៊ី បាន​បញ្ជាក់​ជា​ចុងក្រោយ​របស់​លោក​ទៀត​ថា លោក​ត្រូវ​វិល​ចូល​កម្ពុជា​វិញ ដើម្បី​មក​ប្រឈមមុខ​នឹង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​លោក​ថា​វត្តមាន​របស់​លោក នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ឡើងវិញ ហើយ​ក៏​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ពួក​បស្ចិម​ប្រទេស​ផង​ដែរ។

លោក​សច្ចា​ថា ទោះជា​លោក​ត្រូវ​សមត្ថកិច្ច​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​ក៏ដោយ ក៏​លោក​រក​មធ្យោបាយ​ចូល​មក​កម្ពុជា​ឱ្យ​បាន ដោយ​ពឹងពាក់​ចូល​តាម​ច្រក​ទ្វារ​នៃ​ព្រំដែន​របស់​ប្រទេស​ថៃ។

តែ​យ៉ាងណា លោក សម រង្ស៊ី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ធ្វើ​សកម្មភាព​វិល​ចូល​កម្ពុជា​ផង​ដែរ ប៉ុន្តែ​លោក​មិន​អាច​ចូល​ទៅ​ទីក្រុង​បាងកក បាន​នោះ​ទេ ដែល​ពេល​នោះ​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ ចាន់អូចា មិន​បើក​ផ្លូវ​ឱ្យ​លោក​មក​នៅ​ទីក្រុង​បាងកក ដើម្បី​ធ្វើ​នយោបាយ​រុល​ចូល​កម្ពុជា​នោះ​ទេ។ ទីបំផុត លោក​ត្រឹមតែ​មក​ដល់​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ហើយ​ក៏​ត្រឡប់​ទៅ​ប្រទេស​បារាំង វិញ ជា​ទី​ដែល​លោក​ក្លាយ​ជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​មួយ​នេះ។

យ៉ាងណា មេដឹកនាំ​កម្ពុជា​បុរស​ខ្លាំង​ផុត​លេខ គឺ​លោក ហ៊ុន សែន បាន​គំរាម​ជា​ថ្មី​ម្ដង​ទៀត​ថា នឹង​បាញ់​កម្ទេច​លោក សម រង្ស៊ី ដោយ​ប្រើ​កាំភ្លើង BM-21 ជា​រ៉ុក្កែត​ផលិត​ក្នុង​ប្រទេស​រុស្ស៊ី ឱ្យ​តែ​ហ៊ាន​ឆ្លង​ចូល​មក​ដី​កម្ពុជា។

ស្ថានភាព​នយោបាយ​របស់​លោក ថាក់ស៊ីន និង​លោក សម រង្ស៊ី គឺ​ខុស​គ្នា។ លោក ថាក់ស៊ីន វិល​ចូល​រាជាណាចក្រ​ថៃ វិញ​ចំ​ពេល​ដែល​កូនស្រី​របស់​លោក​នឹង​ក្លាយ​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​សម្របសម្រួល​ការ​វិល​វិញ​របស់​លោក ថាក់ស៊ីន ជាមួយ​ពួក​យោធា​ថៃ ក្រោម​ហេតុផល​នៃ​ការ​ផ្សះផ្សា​ជាតិ។

ប៉ុន្តែ​លោក សម រង្ស៊ី ទំនង​អាច​នឹង​ដូច​ឆ្នាំ​២០១៩ ក៏​ថា​បាន ព្រោះ​លោក ហ៊ុន សែន នឹង​បិទ​ខ្ទប់​ព្រំដែន​កម្ពុជា-ថៃ​តឹងតែង​បំផុត ហើយ​អាច​រហូត​ដល់​បិទ​ខ្ទប់​តាម​ព្រំដែន​វៀតណាម ឬ​ឡាវ ទៀត​ផង។ មាន​ន័យ​ថា ច្រក​ទ្វារ​សម្រាប់​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ គឺ​ចង្អៀត​យ៉ាង​ណែន ព្រោះ​គ្មាន​ផ្លូវ​ទៅ​រក​ការ​ផ្សះផ្សា​រវាង​រូបលោក និង​លោក ហ៊ុន សែន បាន​នោះ​ទេ។ លោក សម រង្ស៊ី អាច​វិល​ទៅ​កម្ពុជា​វិញ​បាន លុះត្រាតែ​លោក ហ៊ុន សែន យល់ព្រម​ឱ្យ​ជើងហោះហើរ​ដឹក​រូបលោក​ដោយ​ផ្ទាល់​មក​ដល់​ព្រលាន​យន្តហោះ​ក្រុង​ភ្នំពេញ ខណៈ​លោក​ត្រូវ​តាំងចិត្ត​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស