39 C
Phnom Penh

លោក ហ៊ុន សែន៖ ការ​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម​កាលពី​៤៦​ឆ្នាំ​មុន មិនមែន​រត់​ចោល​ទឹកដី​ខ្មែរ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ លោក ហ៊ុន សែន អះអាង​ថា ការ​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ មិនមែន​លោក​មាន​បំណង​រត់​ចោល​ទឹកដី​ខ្មែរ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ។

បុរស​ខ្លាំង​សល់​ពី​របប​ខ្មែរក្រហម លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​រំលឹក​ថ្ងៃ​ឆ្លងដែន​ទៅ​កាន់​ប្រទេស​វៀតណាម កាលពី ៤៦​ឆ្នាំ​មុន នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​បាន​សម្រេច​ចិត្ត​ក្នុង​ស្ថានភាព​ដ៏​តានតឹង​បំផុត​ក្នុង​ការ​លាចាក​ទឹកដី លា​ភរិយា ឆ្លងកាត់​ព្រំដែន​ទាំង​គ្រោះថ្នាក់​បំផុត​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការ​គាំទ្រ​ក្នុង​ការ​រំដោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុល ពត នា​ពេល​នោះ។

លោក ហ៊ុន សែន អះអាង​ថា នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ គឺ​មាន​រយៈពេល ៤៦​ឆ្នាំ​ហើយ​ដែល​លោក​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ស្វែងរក​ការ​គាំទ្រ​ដើម្បី​តស៊ូ​រំដោះ​ជាតិ និង​ប្រជាជន​កម្ពុជា ដូច្នេះ​ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ស្ថានភាព​បែប​នេះ​វិល​មក​គ្រប​ដណ្តប់​លើ​ទឹកដី​កម្ពុជា​បាន​ទៀត​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រំលឹក​ពី​ការ​តស៊ូ​របស់​លោក​ដែល​បាន​ឆ្លងដែន​ចូល​ទៅ​កាន់​ទឹកដី​វៀតណាម ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​កងទ័ព​វៀតណាម ឱ្យ​ជួយ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប ប៉ុល ពត ប្រល័យ​ពូជសាសន៍​នា​សម័យ​នោះ។

កាលពី​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​យក​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ធ្វើ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧២​ឆ្នាំ​នៃ​ការ​បង្កើត​បក្ស​ប្រជាជន​កម្ពុជា ក្រោម​រូបភាព​រំលឹក​ខួប ៤៦​ឆ្នាំ​ដែល​គាត់​បាន​រត់​ទៅ​ជ្រកកោន​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ នោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា លោក ហ៊ុន សែន បាន​រៀបចំ​គម្រោង​ប្រារព្ធ​ពិធី​នេះ​មុន​ថ្ងៃ​កំណើត​ផ្លូវការ​របស់​បក្ស​ប្រជាជន​កម្ពុជា ៨​ថ្ងៃ ដោយ​គាត់​សម្រេច​យក​ថ្ងៃទី​២០ ខែ​មិថុនា ជំនួស​ថ្ងៃទី​២៨ ខែ​មិថុនា បែប​នេះ គឺជា​ជំហាន​ទី​១ នៃ​ការ​ប៉ុនប៉ង​បំភ្លេច​ចោល​នូវ​ថ្ងៃ​កំណើត​ផ្លូវការ​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ដើមកំណើត​របស់​បក្ស​នេះ។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​ដើមកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ឲ្យ​ឈ្មោះ​ថា ជា​គណបក្ស “បង្កើត​ដោយ​វៀតណាម​បង្កប់​ក្នុង​ទឹកដី​ខ្មែរ​ដោយ​វៀតណាម និង​ទទួល​បាន​នូវ​ការ​បង្គាប់​បញ្ជា​ដោយ​វៀតណាម” ហើយ​គណបក្ស​នេះ និង​មេដឹកនាំ​របស់​គេ គឺជា​ជន​ក្បត់​ជាតិ​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ចោទ​ថា លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​ជន​ក្បត់​ជាតិ​បន្ត​វេន​ពី​លោក សឺន ង៉ុក មិញ ដែល​ជា​ជន​ក្បត់​ជាតិ​ដូច​គ្នា​ក្នុង​ឋានៈ​គាត់​ជា​បិតា​ស្ថាបនិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​១៩៥១ នោះ។

បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុក មិញ ហៅ​អាចារ្យ មៀន កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១។ លោក សឺន ង៉ុក មិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០។ ចំណែក​នាយករដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ ដែរ។

ជុំវិញ​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ត្រូវ​គេ​ដឹង​ថា ដោយសារតែ​គណបក្ស​នេះ​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម ហើយ​លោក ហ៊ុន សែន សែន ក៏​ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប ដូច្នេះ​ហើយ​បាន​ជា​មេដឹកនាំ​ខ្មែរ​រូប​នេះ​ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​កាត់​ទឹកដី​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ជា​បន្តបន្ទាប់​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស