30 C
Phnom Penh

ក្រុម​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​ដល់​កូដករ​ណាហ្គា​ដើម្បី​បញ្ចប់​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ផ្តល់​ដំណោះស្រាយ​សមរម្យ​ដល់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ដើម្បី​បញ្ចប់​នូវ​ការ​តវ៉ា​ទាមទារ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ២​ឆ្នាំ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មិថុនា នេះ​ថា រហូត​មក​ដល់​ពេលនេះ វិវាទ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​មាន​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ​ហើយ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ ជាដើម នៅតែ​មិន​អាច​ជួយ​រក​ដំណោះស្រាយ​លើ​វិវាទ​នេះ​បាន​នៅឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ​បែរ​ជា​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ថា​មាន​បំណង​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទៅវិញ។

លោក សេក សុជាតិ លើកឡើង​ថា វិវាទ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​កើតឡើង​ដោយសារតែ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​ការ​បញ្ឈប់​ពី​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ដោយ​រំលោភ​សិទ្ធិ​ការងារ​ប៉ុណ្ណោះ ហើយ​មុន​នឹង​ពួកគេ​ចេញ​ធ្វើ​កូដកម្ម ក៏​បាន​ជូនដំណឹង​រួច​ហើយ​ដែរ ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ពួកគេ​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​កូដកម្ម​នេះ​គឺ​ដើម្បី​ទាមទារ​សិទ្ធិ​ការងារ​របស់​ពួកគេ​ប៉ុណ្ណោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដោយសារ​តែ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​ការ​តវ៉ា​មាន​ចំនួន​កូដករ​កាន់តែ​តិច​ទៅៗ​រហូត​ដល់​ពេលនេះ ហើយ​នេះ​ក៏​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ពួកគេ​ក៏​អាច​នឹង​លែង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ៣០​នាក់ បាន​នាំគ្នា​ចេញ​តវ៉ា​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ដោយ​ឈរ​លើក​បដា​ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​បុគ្គលិក​ណាហ្គា​វើលដ៍​ចូល​ធ្វើ​ការងារ​វិញ និង​ទាមទារ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ផង​ដែរ។

កាលពី​ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ទាំង​អយុត្តិធម៌​ជាង ១៣០០​នាក់។ បញ្ហា​នេះ ត្រូវ​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​ក្រុមហ៊ុន​អស់​រយៈពេល​ជាង ២​ឆ្នាំ​ហើយ បើ​គិត​មក​ទល់​នឹង​ពេលនេះ ប៉ុន្តែ​មិន​ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ជូន​កម្មករ​ឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ ៩​នាក់​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ ខណៈ​តំណាង​កម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​លើក​ទី​២ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ និង​បន្ត​ឃុំ​ខ្លួន​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កណ្តាល មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​នៅ​សេសសល់​ចំនួន ៩៨​នាក់ គួរតែ​បញ្ឈប់​សកម្មភាព​តវ៉ា​ទៀត​ទៅ។ លោក​បន្ថែម​ថា មិនមែន​លោក​មិន​ដឹង​ថា​ពួកគេ​កំពុង​ស៊ីឈ្នួល​បាតុកម្ម​នោះ​ទេ។

លោក ហ៊ុន សែន លើក​ជា​សំណួរ​ថា កម្មករ​ម្នាក់​ដែល​អត់​មាន​ការងារ​ធ្វើ​សោះ តែ​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​រយៈពេល ២​ឆ្នាំ​ដោយ​មិន​ចាំបាច់​ធ្វើ​ការងារ តើ​ជា​រឿង​ដែល​ទៅ​រួច​ដោយ​របៀប​ណា។ លោក​បន្ថែម​ថា នេះ​គឺ​ដោយសារ​មាន​អ្នក​ជួល​នៅ​ពី​ក្រោយ​ខ្នង​ឱ្យ​កម្មករ​ទាំងនោះ​ធ្វើ​បាតុកម្ម​ប៉ុណ្ណោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​អង្គការ​បរទេស​ដែល​ផ្តល់​លុយកាក់​សម្រាប់​កូដករ​ទាំង ៩៨​នាក់​ដែល​នៅ​សេសសល់​នោះ ដក​ខ្លួន​ចេញ ព្រោះ​ថា​លោក​បាន​ដឹង​អស់​ហើយ គ្រាន់តែ​លោក​មិន​ទាន់​បញ្ជា​ឱ្យ​ទៅ​ចាប់​កន្លែង​បើក​លុយ​សម្រាប់​ធ្វើ​បាតុកម្ម​នោះ​ប៉ុណ្ណោះ។ លោក ហ៊ុន សែន ព្រមាន​ថា លោក​ក៏​អាច​រំលាយ​អង្គការ​ដែល​ជា​កន្លែង​បើក​លុយ​ឱ្យ​កូដករ​ទាំងនោះ​ធ្វើ​បាតុកម្ម​ដែរ។

យ៉ាងណា​ក៏ដោយ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ អះអាង​ថា មូលនិធិ​ដែល​សហជីព​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ទទួល​បាន​កន្លងមក គឺជា​មូលនិធិ​ស្រប​ច្បាប់​ដែល​មាន​គណនេយ្យភាព និង​តម្លាភាព​ត្រឹមត្រូវ​ស្រប​តាម​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​សហជីព ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​ពួកគេ មិនមែន​ជា​មូលនិធិ​សម្រាប់​ប្រព្រឹត្ត​រឿង​ខុស​ច្បាប់​ណា​មួយ​នោះ​ឡើយ។

ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ពេលនេះ​មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ ប៉ុន្តែ​វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​រហូត​ដល់​ពេល​នេះ និង​ក្រុម​កូដករ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​រង​នូវ​បណ្តឹង​នានា​តាម​ផ្លូវ​តុលាការ​ផង​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​បែរ​ជា​ចោទ​ថា ពួកគេ​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស