30 C
Phnom Penh

ពលករ​ខ្មែរ​នៅ​ជប៉ុន​រាប់​រយ​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​រាប់​រយ​នាក់​នាំគ្នា​ចេញ​ធ្វើ​យុទ្ធនាការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព និង​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ពួកគេ​បាន​នាំគ្នា​ពាក់​អាវ​មាន​រូប​សញ្ញា​ភ្លើង​ទៀន បាន​ចេញ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា នេះ ដោយ​មាន​កាន់​បដា​ទង់ជាតិ​កម្ពុជា និង​ទង់​គណបក្ស​ភ្លើង​ទៀន​តាម​ដងផ្លូវ។ ពួកគេ​បាន​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព បើក​លំហ​ប្រជាធិបតេយ្យ ដោះលែង​កម្ពុជា Free Cambodia ដោះលែង​ប្រជាធិបតេយ្យ Free Democracy និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ Free and Fair Election ជាដើម សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​ចេញ​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ជុំ​ទិស​ថា​រដ្ឋាភិបាល​ឯក​បក្ស​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​គាប​សង្កត់ និង​ការ​តាម​កម្ទេច​ក្រុម​បក្ស​ប្រឆាំង។

ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នៅ​សល់​តែ​ជាង ២២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ប៉ុន្តែ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ នេះ ត្រូវ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជុំ​ទិស ថា​ជា​ការ​បោះឆ្នោត​មួយ​ដែល​បម្រើ​ឱ្យ​បក្ស​កាន់​អំណាច ជាជាង​ការ​ធានា​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។

ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ មិន​ត្រឹមតែ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី ប៉ុណ្ណោះ​ទេ សូម្បី​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជាង ១​លាន ៦​សែន​នាក់ ក៏​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន រារាំង​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ដែរ ក្រោម​លេស​ដ៏​មិន​សម​ហេតុ​សម​ផល ព្រមទាំង​ព្រមាន​បង្ក្រាប​ការ​តវ៉ា​នានា​ថែម​ទៀត​ផង។

ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ មក ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​នយោបាយ​គាបសង្កត់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​ការ​គាប​សង្កត់​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​យ៉ាង​ខ្លាំង ក្នុង​នោះ​លោក ថាច់ សេដ្ឋា ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ លោក សុន ឆ័យ ត្រូវ​រង​នូវ​បណ្តឹង និង​រង​នូវ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ។

ក្រៅពី​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​លោក កឹម សុខា លោក សម រង្ស៊ី និង​គណបក្ស​ភ្លើង​ទៀន​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាងមុខ​នេះ លោក ហ៊ុន សែន បាន​បោះពួយ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​មួយ​ទៀត​ដើម្បី​គាបសង្កត់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ទៅ​បោះឆ្នោត​ផង​ដែរ ទាំង​ដែល​ខ្លួន​រារាំង​មិន​ឱ្យ​គណបក្ស​របស់​ពួកគេ​ចូលរួម​ការ​បោះឆ្នោត​ផង​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​លើកឡើង​ថា ដើម្បី​លទ្ធិប្រជាធិបតេយ្យ មាន​តែ​អ្នក​ប្រជាធិបតេយ្យ ក្រុម​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល សហជីព និង​បណ្ឌិត​បញ្ញវន្ត​ខ្មែរ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​សហការ​គ្នា​ចេញ​តវ៉ា​បង្កើត​ជា​បណ្តឹង​សង្គម​ប្រឆាំង​តវ៉ា​នឹង​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ជាពិសេស​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​តែប៉ុណ្ណោះ ទើប​អាច​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​មក​វិញ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចេញ​តវ៉ា​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិនមែន​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នោះ​ដែរ ប៉ុន្តែ​ជា​ការ​តវ៉ា​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​ទាំងមូល ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​ឈ្មោះ​ទៅ​បោះឆ្នោត ចូលរួម​ធ្វើ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ហិប​ឆ្នោត ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​កំពុង​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស