39 C
Phnom Penh

លោក ហ៊ុន សែន៖ បើ​គិត​តែ​ជេរ​វៀតណាម​ដូច​ក្រុម​ជ្រុល​និយម ពេល​នេះ​កម្ពុជា​នឹង​គ្មាន​វត្តមាន​រោងចក្រ​វៀតណាម​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​នយោបាយ​សន្តិភាព​របស់​កម្ពុជា​ស្រប​គ្នា​ទៅ​នឹង​នយោបាយ​សន្តិភាព​របស់​វៀតណាម បាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន ដែល​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (MANHATTAN) ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ព្យាយាម​ប្រែ​ក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​មាន​ទីផ្សារ​នៅ​គ្រប់​ទីកន្លែង។

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​នៅ​ក្រោម​បង្គាប់​វៀតណាម លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ត្រឹមតែ​ធ្វើ​តំបន់​ដែល​ជា​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​ទេ គឺ​ត្រូវ​កែប្រែ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ឲ្យ​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ថែម​ទៀត ដូច្នេះ​ហើយ​ទើប​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ទទួល​បាន​នូវ​ជោគជ័យ​តាមរយៈ​ចំនួន​រោងចក្រ តំបន់​ឧស្សាហកម្ម​កើន​ឡើង​ជា​បន្តបន្ទាប់​រហូត​មក។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​មាន​វៀតណាម​ជា​ខ្នងបង្អែក​លោក ហ៊ុន សែន បញ្ជាក់​ថា នយោបាយ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ជា​ការ​ញុះញង់​បង្ក​ឲ្យ​មាន​ការ​រើសអើង​ដើម្បី​សន្លឹកឆ្នោត​តែប៉ុណ្ណោះ មិនមែន​ជា​គោល​នយោបាយ​ដែល​គួរ​ឲ្យ​គាំទ្រ​នោះ​ទេ ហើយ​នយោបាយ​ជ្រុល​និយម​បង្ក​អរិភាព​បែប​នេះ គឺជា​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​កាលពី​ថ្ងៃទី​២៥ មិថុនា ថា ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចុះហត្ថលេខា​ឱ្យ​ក្រុមហ៊ុន​វៀតណាម​គ្រប់គ្រង​រយៈពេល ៩៩​ឆ្នាំ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​បាន​បង្ក​គ្រោះថ្នាក់​ដល់​ព្រំដែន​កម្ពុជា និង​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត។

លោក អ៊ុំ សំអាន លើកឡើង​ថា ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គឺ​វៀតណាម​បាន​ខ្ចី​ដី​កម្ពុជា​ក្រោម​ពី​ស្តេច​ខ្មែរ​ត្រឹមតែ ៥​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​រជ្ជកាល​ស្តេច​ជ័យជេដ្ឋា​ទី​២ ដែល​មាន​មហេសី​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​គេ​មិន​បាន​សង​ទឹកដី​កម្ពុជា​ក្រោម​មក​ខ្មែរ​វិញ​ទេ ចុះ​ទម្រាំ​សព្វថ្ងៃ វៀតណាម​ខ្ចី​ដី​ខ្មែរ​រហូត​ដល់​ទៅ ៩៩​ឆ្នាំ តើ​វៀតណាម​នឹង​ព្រម​ប្រគល់​ឱ្យ​ខ្មែរ​វិញ​ដែរ​ឬ​ទេ​នៅ​ថ្ងៃ​មុខ?

អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​វៀតណាម​ជាច្រើន​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​ខ្មែរ​រយៈពេល ៩៩​ឆ្នាំ ដូចជា​ក្រុមហ៊ុន​ចម្ការ​កៅស៊ូរ ជាដើម ដែល​បាន​បើក​ផ្លូវ​ឱ្យ​កម្មករ​វៀតណាម​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់​តាមរយៈ​ក្រុមហ៊ុន​នោះ ដូច្នេះ​រយៈពេល ៩៩​ឆ្នាំ ពួកគេ​នឹង​បង្កើត​បាន​ជា​កូន​ពូន​ជា​ចៅ​មិន​តិច​នោះ​ទេ ហើយ​នៅ​ទីបំផុត ជនជាតិ​វៀតណាម​ទាំងនោះ​ក៏​នឹង​មិន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​វៀតណាម​វិញ​ដែរ ពួកគេ​នឹង​បន្ត​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ជា​រៀង​រហូត។

ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន​៩ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម ដូចជា​ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​ខេត្ត​កំពត ហើយ​ខេត្ត​ទាំងនោះ​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យ​ប្រទេស​វៀតណាម​ទាំងអស់ គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណោះ។

ជាក់ស្តែង ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម តាំងពី​ឆ្នាំ​១៩៩៩ មក ដែល​ខេត្ត​ទាំងនេះ​បាន​បម្រើ​ផល​ប្រយោជន៍​ឱ្យ​វៀតណាម​យ៉ាង​ខ្លាំង​លើ​ការ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញពី​កម្ពុជា ហើយ​ដែល​ក្រុមហ៊ុន​វៀតណាម​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ខេត្ត​ទាំងនោះ មាន​ដូចជា​ក្រុមហ៊ុន Think Biotich ក្រុមហ៊ុន ធី ង៉ាន និង​ក្រុមហ៊ុន សំអឿន សុវណ្ណ ជាដើម ដែល​ជា​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត ឌី ការ៉េត ធ្លាប់​បាន​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ដែល​មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដែល​បាន​ដាក់​បញ្ចូល​ជាមួយ​ខេត្ត​ឡាវ និង​វៀតណាម គឺជា​ការ​រៀបចំ​របស់​វៀតណាម​សុទ្ធសាធ ដើម្បី​គ្រប់គ្រង​ខ្មែរ​ជា​ជំហានៗ​ដោយ​ផ្តើម​ចេញពី​តំបន់​នេះ​ទៅ​ថ្ងៃ​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស