អត្ថបទដោយ៖ តាំង សារ៉ាដា
បុគ្គលិកក្នុងក្រុមហ៊ុន Galaxy Navatra មួយរូបបានបង្ហើបឱ្យដឹងថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួលក្រុមការងាររបស់ខ្លួនឱ្យថតសម្ដែង និងដើរតួជាអតិថិជន និយាយអួត និងជឿជាក់អំពីគម្រោងផ្ទះល្វែងខ្យល់របស់ខ្លួន ដើម្បីបោកប្រាស់អតិថិជនពិតប្រាកដ។
យុទ្ធនាការបោកប្រាស់នេះ គឺដើម្បីឱ្យអតិថិជនដទៃទៀតមើលឃើញអំពីគម្រោងរបស់លោក ឡេង ណាវ៉ាត្រា មានសកម្មភាពអំពីសកម្មភាពសាងសង់ផ្ទះដែលសម្រេចរួច និងផ្ទះកំពុងសាងសង់។
ក្រុមអ្នកច្បាប់ចាត់ទុកថា យុទ្ធនាការបោកប្រាស់ជាប្រព័ន្ធនេះ ជាបទល្មើស «រំលោភលើទំនុកចិត្ត» បន្ទាប់ពីអតិថិជនដែលជាម្ចាស់ផ្ទះដល់កុងត្រាហើយ តែនៅមិនទាន់ឃើញផ្ទះ និងភ្នាក់ងារលក់ផ្ទះរបស់ឧកញ៉ាជំនាន់ថ្មីនេះបាននាំគ្នាទាមទារប្រាក់កម្រៃជើងសារបស់ពួកគេនៅលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក។
បុគ្គលិកផ្ទាល់របស់លោក ឡេង ណាវ៉ាត្រា បានលាតត្រដាងអំពីគម្រោងមួយចំនួនរបស់ក្រុមហ៊ុន Galaxy Navatra ដែលកំពុងបង្កើតឡើងថ្មីៗដើម្បីគ្រាន់តែបន្លំ និងគ្រាន់តែជារូបភាពទាក់ទាញឱ្យមហាជនទូទៅជឿទុកចិត្តថា អ្នកឧកញ៉ារូបនេះកំពុងធ្វើជំនួញខាងផ្នែកអចលនទ្រព្យដ៏ត្រឹមត្រូវពិតប្រាកដ ប៉ុន្តែធាតុពិត ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា កំពុងតែធ្វើដំណើរឆ្ពោះទៅរកភាពក្ស័យធនហើយនៅពេលនេះ។
បុគ្គលិករូបនោះបានឱ្យដឹងថា លោក ឡេង ណាវ៉ាត្រា កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារក្រុមហ៊ុនរបស់លោកដែលមានអ្នកមានអំណាចកាងពីក្រោយ មិនបានទម្លាក់លុយឱ្យរកស៊ីបន្តទៀត បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ត្រូវបានលាតត្រដាងតាមបណ្ដាញសង្គម។
បុគ្គលិករបស់លោក ឡេង ណាវ៉ាត្រា ខ្លះបានទម្លាយប្រាប់ The Cambodia Daily ថា បន្ទាប់ពីអតិថិជនដែលជាម្ចាស់ផ្ទះដល់កុងត្រាហើយ តែនៅមិនទាន់ឃើញផ្ទះ និងភ្នាក់ងារលក់ផ្ទះរបស់ឧកញ៉ារូបនេះបាននាំគ្នាទាមទារនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់នោះ ជាហេតុនាំឱ្យលោក ឡេង ណាវ៉ាត្រា ជួលក្រុមការងារសំណង់ប្រចាំក្រុមហ៊ុនរបស់ខ្លួនថតជាវីដេអូ និយាយដូចៗគ្នាអំពីដំណើរការគម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុនខ្លួន។
ជាងនេះទៅទៀត លោក ឡេង ណាវ៉ាត្រា ក៏បានជួលក្រុមការងាររបស់លោកឱ្យថតសម្ដែងជាអតិថិជន និយាយអួត និងសម្ដែងជាអតិថិជនមកទទួលប្លង់កម្មសិទ្ធិផ្ទះថែមទៀត ជាពិសេសគម្រោងផ្លូវជាតិលេខ 6A ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល និងគម្រោងនៅខេត្តបាត់ដំបង។

បុគ្គលិកដដែលបានឱ្យដឹងទៀតថា លោក ឡេង ណាវ៉ាត្រា បានឱ្យក្រុមការងាររបស់លោកជួលឡានដឹកដី និងគ្រឿងចក្របើកចេញចូលក្នុងដីគម្រោងទាំងនោះ សម្ដែងឆ្ពិនភ្នែកអតិថិជន ដើម្បីឱ្យមានការមើលឃើញថា គម្រោងរបស់លោកនៅមានសកម្មភាពដដែល។
បុគ្គលិកផ្ទាល់របស់លោក ឡេង ណាវ៉ាត្រា រូបនោះបានឱ្យដឹងទៀតថា ក្រុមហ៊ុនមួយនេះហាក់បីដូចជាត្រូវទំនាយនៃបារមីទឹកដីភ្នំតាម៉ៅ ឬក៏ព្រោះតែជាទង្វើអកុសលអស់បុណ្យដោយសារតែលោកក្បត់មនសិការរបស់ខ្លួន ចូលខ្លួនស៊ីឈ្នួលឱ្យអ្នកមានអំណាចដើម្បីបង្កើតបណ្ដាញបោកប្រាស់តាមរយៈគម្រោងលក់ផ្ទះល្វែងខ្យល់ ជាថ្នូរទទួលបាននូវលាភសក្ការៈ អំណាច ភាពឡូយឆាយ និងភាពអស្ចារ្យ។
ប្រភពដដែលអះអាងថា ចាប់តាំងតែពីលោកដកខ្លួនពីសកម្មជនរបស់បក្សប្រឆាំងរួចមក លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ត្រូវបានគ្រួសារត្រកូលហ៊ុនកាងពីក្រោយ ឬធ្វើជាយ័ន្តសក្ដិសិទ្ធិមួយក្នុងការផ្តល់អំណាចដល់ឧកញ៉ារូបនេះកើបលុយពីអតិថិជន។
បន្ទាប់ពីប្រមូលលុយឱ្យអ្នកមានអំណាចដែលកាងពីក្រោយរួចហើយ ឧកញ៉ារូបនេះក៏បានអស់លុយយកទៅអភិវឌ្ឍគម្រោង ហើយក៏មិនហ៊ានលើកដៃសុំពីមេរបស់គាត់វិញដែរ។
ស្ថិតនៅលើវិថីទាល់ច្រកក្នុងការដោះស្រាយជាមួយអតិថិជនដែលបានទិញផ្ទះយូរណាស់មកហើយ ហើយមិនមានផ្ទះនៅទាំងនោះ គឺឧកញ៉ារូបនេះមានតែលើកម្រាមដៃដប់សុំអង្វរដល់អតិថិជនឱ្យយល់យោគដល់រូបលោក កុំសូវនាំគ្នាទាមទារផ្ទះនៅពេលនេះអី និយាយជារួម គឺរកលេសដោះស្រាយឱ្យរួចមួយគ្រាៗសិន។
បុគ្គលិករបស់លោក ឡេង ណាវ៉ាត្រា រូបនេះអះអាងថា មុខរបរលក់ផ្ទះល្វែងរបស់លោក ឡេង ណាវ៉ាត្រា កំពុងធ្វើដំណើរឆ្ពោះទៅរកភាពក្ស័យធនហើយ ស្របពេលដែលអ្នកឧកញ៉ារូបនេះកំពុងលក់ទ្រព្យរបស់ខ្លួនដើម្បីដោះទាល់ និងដោះស្រាយជីវភាពប្រចាំខែ ព្រោះបច្ចុប្បន្ន ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនអាចដោះស្រាយបានឡើយ។

លោក ឡេង ណាវ៉ាត្រា ចាប់ផ្ដើមលេចមុខមាត់ខ្លាំងក្រោយលោកទទួលបានងារជាឧកញ៉ានៅឆ្នាំ២០១៨ និងជាអ្នកឧកញ៉ានៅឆ្នាំ២០២១។ លោកមានរថយន្តម៉ាកល្បីៗប្រមាណ ១០គ្រឿង ដូចជា៖
- រ៉ូលរ៉យស៍ (Roll Royce)
- ឡាំបូហ្គីនី (Lamborghini)
- ហ្វើរ៉ារី (Ferrari)
- ផច្ឆ (Porsche)
- ប៊ែនលី (Bentley)
- ព្រមទាំងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿងទៀត និងមានផ្ទះកម្សាន្ត Penthouse ដែលសរុបជាទឹកប្រាក់មានតម្លៃរាប់សិបលានដុល្លារ។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ គេឃើញលោក ឡេង ណាវ៉ាត្រា ជិះតែរថយន្តម៉ាក ឡិចស៊ីស (Luxus) ៥៧០ មួយគ្រឿងប៉ុណ្ណោះ ស្របពេលដែលក្រុមគ្រួសាររបស់លោកមួយចំនួនក៏បាននាំគ្នាលក់ទ្រព្យដែលមានតម្លៃថ្លៃៗរបស់ខ្លួនច្រើន ដើម្បីដោះទាល់ជាជីវភាពប្រចាំថ្ងៃដូចៗគ្នាដែរ។

បុគ្គលិករបស់លោក ឡេង ណាវ៉ាត្រា បានឱ្យដឹងថា អ្នកឧកញ៉ារកស៊ីជំនាន់ថ្មីសម្ដីហួសមាឌ ដែលតែងតែបង្កវិវាទជាមួយគេឯងរូបនេះ ធ្លាប់រកស៊ីលក់ផ្ទះល្វែង និងដីឡូត៍ចំណេញកប់ក្តោងកើនឡើងខ្ពស់ដូចកាំជ្រួចផ្ទុះហោះឡើងលើអាកាសអ៊ីចឹងដែរ ប៉ុន្តែបច្ចុប្បន្ន កាំជ្រួចនោះហាក់ដូចជាកំពុងដាំក្បាលធ្លាក់ចុះធ្លាក់មកក្រោមយ៉ាងលឿន ដែលមិនមានអ្វីអាចទប់ស្កាត់បានឡើយ។ ហើយរាល់ថ្ងៃ លោក ឡេង ណាវ៉ាត្រា កំពុងប្រើកាយវិការដ៏ទន់ភ្លន់ រញីរញ័រ សម្ដីកន្ត្រាក់ៗដូចគ្មានព្រលឹងក្នុងខ្លួនលួងលោមក្រាបសំពះអតិថិជនដែលសួរនាំរឿងផ្ទះរបស់ពួកគេ ដើម្បីបន្លប់ និងដើម្បីយកចិត្តអតិថិជនកុំឱ្យនាំគ្នាតវ៉ា។
បុគ្គលិកជាស្ត្រីរបស់លោក ឡេង ណាវ៉ាត្រា មួយរូបបានប្រាប់ The Cambodia Daily ថា ប្រសិនបើអ្នកឧកញ៉ារូបនេះគោរពតាមកិច្ចសន្យា និងរកស៊ីដោយទៀងត្រង់សុចរិតមែន នោះគាត់នឹងដាក់ពាក្យបណ្ដឹងទៅលើអតិថិជនដែលបង្ហោះសារទាមទារផ្ទះនៅតាមហ្វេសប៊ុកទាំងនោះបាត់ទៅហើយ មិនមែនលោក ឡេង ណាវ៉ាត្រា មិនប្តឹងបញ្ហាវិវាទក្នុងអាជីវកម្មរបស់លោកទៅតុលាការ ហើយបែរជាចំណាយពេលបកស្រាយតាមហ្វេសប៊ុករាប់សិបវីដេអូដូចដែលបានធ្វើកន្លងមកនោះទេ។
ប្រភពដដែលឱ្យដឹងទៀតថា ទាក់ទងនឹងកម្រៃជើងសា និងបំណុលសំណង់ បើទោះជាមានការត្អូញត្អែរដ៏គួរឱ្យសង្វេគពីសំណាក់បុគ្គលិកទីផ្សារ និងកម្មករយ៉ាងណាក្ដី ក៏អ្នកឧកញ៉ាជំនាន់ថ្មីរូបនេះនៅតែមិនអើពើ ហើយថែមទាំងគំរាមរកមុខបុគ្គលិកណាមួយដែលហ៊ានផុសតាមបណ្ដាញសង្គមបរិហារអំពីរូបលោកទៀតផង។

មានសំណួរច្រើនណាស់ពីអតិថិជន និងបុគ្គលិករបស់លោក ឡេង ណាវ៉ាត្រា ចោទជាសំណួរសួរថា៖ តើអ្នកឧកញ៉ារូបនេះយកលុយទៅទុកនៅឯណា ស្របពេលដែលអតិថិជនបានបង់ប្រាក់ទៅឱ្យក្រុមហ៊ុន Galaxy អស់ទៅហើយនោះ?
ក្រោយពីអត្ថបទស៊ើបអង្កេតទីបីរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយរួចមក អតិថិជនបាននាំគ្នាធ្វើការតវ៉ានៅលើបណ្ដាញហ្វេសប៊ុកយ៉ាងទូលំទូលាយ ដែលអតិថិជនទាំងនោះមានទាំងអ្នកសារព័ត៌មាន ពលករធ្វើការនៅក្រៅប្រទេស និងអ្នកជំនួញ ជាដើម។
ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Du Ku បានសរសេរបង្ហោះសារថា «សូមបងឧកញ៉ាជួយមើលផ្ទះផ្លូវ 6A ផង បង់លុយដាច់អស់ហើយ (បង់ផ្ដាច់) យូរឆ្នាំហើយមិនដឹងផ្ទះនៅណា កុំវិនិយោគលើទឹកភ្នែករាស្ត្រ លុយជិត ២ម៉ឺនដុល្លារ វាច្រើនណាស់សម្រាប់អ្នកក្រខ្សត់ ខ្ចីគេផង ត្រូវបង់ទាំងការ ទាំងដើមឱ្យគេផង តែពុំមានដំណោះស្រាយល្អណាមួយសោះមកអតិថិជន។»
គណនីហ្វេសប៊ុកដដែលសរសេរថា «ពេលខ្លះឃើញបងថតបង្ហោះរូបភាពហូបបាយកម្សត់ៗនៅការដ្ឋាន។ ចង់និយាយថា គ្រឺតលោកឧកញ៉ាណាស់។ ចង់សួរថា តើយកលុយរបស់ខ្ញុំយកទៅទុកនៅឯណា? ផ្ទះខ្ញុំនៅណា? មកទល់នឹងពេលនេះ ដីនៅតែជាដីដដែលហ្នឹង។»
ប្រភពដដែលបានសរសេរថា «បងប្អូនខ្លះត្មះតិះដៀលគំនិតរបស់ខ្ញុំថា មានលុយហើយហេតុអីទៅទិញគម្រោងរបស់អ្នកឧកញ៉ា។ ហឺស្ដាយលុយ និងស្ដាយពេលវេលាណាស់។ ម្ចាស់បុរី អាងអីមើលកុងត្រា។ ប៉ុន្តែកាលណាទិញផ្ទះ គឺចង់បានដី ចង់បានផ្ទះ និងចង់បានប្លង់ មិនមែនឱ្យលុយអស់ហើយ ឃើញតែដីនោះទេ។»

ចំណែកឯម្ចាស់ហ្វេសប៊ុកឈ្មោះ Chity Pynara បានសរសេរចូលទៅក្នុងគណនីហ្វេសប៊ុករបស់លោក ឡេង ណាវ៉ាត្រា ថា «ផ្ទះដែលបានទិញនៅគម្រោងផ្លូវ៦A សូមលោកឧកញ៉ាជួយមើលផ្ទះរបស់ខ្ញុំផង។ ក្នុងនាមជាអតិថិជនម្នាក់ ពិតជាភ័យខ្លាំងណាស់ ថាលុយដែលបង់ទៅបុរីបាត់ទៅណាហើយ ព្រោះកិច្ចសន្យាកុងត្រាបានផុតកំណត់ហើយ តែផ្ទះមិនដឹងនៅទីណា ហើយបុគ្គលិករបស់លោកឧកញ៉ាក៏ពូកែដោះសាមកកាន់អតិថិជនថែមទៀត។»
រីឯម្ចាស់ហ្វេសប៊ុកឈ្មោះ Mrr Dola បានសរសេរថា «ខ្ញុំបានទិញផ្ទះនៅផ្លូវលេខ៦A យូរហើយ បង់ទាំងដុល ៤ម៉ឺនដុល្លារថែមទៀត។ អស់រយៈពេលពីរឆ្នាំហើយ វាមិនដែលម៉ែអាណាផ្ទះវីឡាតូចមួយធ្វើពីរឆ្នាំធ្វើមិនហើយ។ សូម្បីតែដីខ្លួនឯងមិនដឹងថាបែរមុខទៅទីណាផង ទៅមើល ៤ដង ឃើញដែរដីទទេ គ្មានអ្វីសាងសង់សោះ។ ម៉ែប្រាប់ថាកុំឱ្យទិញ ឥឡូវជាប់អន្ទាក់មែន តាមពិតគេយកលុយទៅបង្វិលរកស៊ីអីផ្សេង ស្រឡាញ់ខ្មែរតែឯងស្អី បោកលុយគេសោះហ្នឹង។»
ទោះជាយ៉ាងណាក៏ដោយ វីដេអូរបស់លោក ឡេង ណាវ៉ាត្រា និងវីដេអូដែលលោករៀបចំឱ្យអ្នកផ្សេងនិយាយ គឺមិនបានបកស្រាយលើបញ្ហាដែលអតិថិជនរបស់លោកចោទសួរនោះទេ ប៉ុន្តែវីដេអូនោះតែងតែចោទប្រកាន់ ឬវាយបកវិញថា អ្នករិះគន់ទាំងនោះជាក្រុមប្រឆាំង ឬជាក្រុមអគតិនៅក្រៅប្រទេសទៅវិញ។
លោក ឡេង ណាវ៉ាត្រា បានព្រមានថា សូមអតិថិជនបើកកុងត្រាមើល ពេលដែលក្រុមហ៊ុនមានការយឺតយ៉ាវ គឺមានការសងត្រឡប់ទៅវិញ ហើយការទិញលក់មានកិច្ចសន្យាត្រឹមត្រូវ និងមានការផ្ដិតមេដៃជាមួយអតិថិជន និងជាមួយរូបលោកថែមទៀត។
ចំណែកលោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងប្រុសលំដាប់កំពូលល្បីល្បាញខាងច្រៀងចម្រៀងបែបសម័យ ហើយដែលចម្រៀងរបស់លោកភាគច្រើនចម្លងពីថៃ និងពីចិន អស់រយៈពេលជាងពីរទសវត្សរ៍ចាប់តាំងពីលោកបានចូលរួមប្រឡូកក្នុងវិស័យសិល្បៈដំបូងកាលពីឆ្នាំ១៩៩២ ជាមួយផលិតកម្ម ហង្សមាស ហើយពេលថ្មីៗនេះលោកបានមកចូលរួមជីវភាពជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បទចម្រៀងរបស់លោកមិនសូវមានភាពល្បីល្បាញដូចកាលពីពេលដែលលោកនៅច្រៀងឱ្យផលិតកម្ម ហង្សមាស នោះទេ។
លោកបានក្លាយខ្លួនជាឧកញ៉ាកាលពីខែមេសា ឆ្នាំ២០២២។ ឧកញ៉ារូបនេះក៏បានចេញមុខប្រតិកម្មការពារថៅកែរបស់គេផងដែរ ដោយចេញវីដេអូឃ្លីបនៅលើហ្វេសប៊ុករបស់លោកថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងរងគ្រោះដោយសារក្រុមប្រឆាំងរិះគន់ ឬវាយប្រហារញុះញង់អតិថិជន។
លោក ព្រាប សុវត្ថិ បានលើកឡើងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានជួយសង្គមច្រើនតាំងពីទឹកជំនន់ មន្ទីរពេទ្យគន្ធបុប្ផា កូវីដ និងតាមព្រឹត្តិការណ៍ផ្សេងៗទៀត ហើយថាការតស៊ូមកទល់ពេលនេះ មិនមែនជារឿងងាយស្រួលនោះទេ ទម្រាំតែបានជោគជ័យបែបនេះ។ ហើយភាពជោគជ័យនេះ គឺបានមកពីការខំប្រឹងប្រែងប្រកបដោយសីលធម៌ សុជីវធម៌ និងភាពទទួលខុសត្រូវគ្រប់បែបយ៉ាង។

មុនក្លាយខ្លួនជាឧកញ៉ា បុរសវ័យ ៤៧ឆ្នាំរូបនេះមានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដូចជា៖
- ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra
- ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ
- ហាងកាត់សក់ ព្រាប សុវត្ថិ
- ផ្ទះ ព្រាប សុវត្ថិ ដែលលក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក
- គម្រោងដីឡូត៍ ព្រាប សុវត្ថិ
- បុរី ព្រាប សុវត្ថិ
- អ្នកតំណាងផលិតផលទូរសព្ទដៃ Vivo
- ទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu
- ទូតសុឆន្ទៈធនាគារ DGB
- និងជាទូតសុឆន្ទៈរបស់គម្រោងខុនដូ និងលំនៅឋានប្រណិត Morgan Enmaison រួមទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
ក្រៅពីការងារ និងមុខជំនួញទាំងនេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏មានក្របខ័ណ្ឌនៅក្នុងក្រសួងការពារជាតិផងដែរ ដោយបច្ចុប្បន្នលោកមានឋានន្តរស័ក្តិជាវរសេនីយ៍ឯក និងមានតួនាទីជានាយរងការិយាល័យទី៥ នៃកងទ័ពជើងគោក។
ក្រៅពីខ្លួនមានតួនាទីក្នុងក្រសួងការពារជាតិនោះ កូនប្រុសទាំងបីរបស់តារាចម្រៀងរូបនេះក៏ជាទាហានក្នុងជួរទ័ពផងដែរ៖
- សុវត្ថិ មុនីនាគ មានឋានន្តរសក្តិជាពលទោ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យសម្រាប់យោធាភិរម្យការិយាល័យទី៥។
- សុវត្ថិ មុនីវណ្ណ មានឋានន្តរសក្តិជាព្រឹន្ទបាលឯក មានតួនាទីជាជំនួយការការិយាល័យទី៥ នៃកងទ័ពជើងគោក។
- ពលទោ សុវត្ថិ សិរីវុឌ្ឍ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យនៃការិយាល័យទី៥ ផងដែរ។
មិនខុសគ្នាពីលោក ព្រាប សុវត្ថិ តារាប្រុសស្រីប្រចាំផលិតកម្ម Galaxy Navatra ដូចជាលោកឧកញ៉ា ខេមរៈ សេរីមន្ត ដែលមានឈ្មោះដើមថា ខែម ប៊ុនថៃ ធ្លាប់ឧបត្ថម្ភដល់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០២១ កន្លងមកចំនួន ២លានដុល្លារសម្រាប់ការកសាងផ្លូវ និងប្រឡាយទឹកនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងតំបន់រកស៊ីលក់ផ្ទះ និងដីឡូត៍របស់ខ្លួន ក៏បានចេញវីដេអូឡាយដោយព្យាយាមនិយាយសម្ដែងធ្វើជាយំ ដើម្បីការពារមេរបស់ខ្លួន ដែលលើកឡើងប្រហាក់ប្រហែលគ្នាដោយបញ្ជាក់ថា លោក ឡេង ណាវ៉ាត្រា កំពុងរងគ្រោះដោយសារក្រុមប្រឆាំងរិះគន់ ឬវាយប្រហារញុះញង់អតិថិជន។


អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលតែងតែផ្តល់ជំនួយមនុស្សធម៌រាប់លានដុល្លារជួយដល់រដ្ឋាភិបាលកម្ពុជា តាមការអំពាវនាវរបស់លោក ហ៊ុន សែន ម្តងៗ មិនបានឆ្លើយតបទៅនឹងការទាមទាររបស់អតិថិជនទេ ប៉ុន្តែបែរជាបន្តវាយប្រហារតាមបណ្ដាញទំនាក់ទំនងសង្គម ដោយបានផ្សព្វផ្សាយវីដេអូជាច្រើនឃ្លីបជារៀងរាល់ថ្ងៃបង្ហាញពីផ្ទះដែលសាងសង់ហើយ និងផ្ទះកំពុងសាងសង់ ហើយដែលក្រុមអ្នកច្បាប់បានអះអាងថាជាទង្វើរំលោភលើទំនុកចិត្ត។
ទាក់ទងទៅនឹងបញ្ហានេះ មេធាវីម្នាក់ដែលថ្លែងស្នើសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ទង្វើរបស់លោក ឡេង ណាវ៉ាត្រា គឺជាអំពើល្មើសពីបទ “រំលោភលើទំនុកចិត្ត”។ បទល្មើសនេះត្រូវបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ចាប់ពីមាត្រា៣៩១ ដល់មាត្រា៣៩៦។
លោកថា ក្នុងមាត្រា៣៩១ បានចែងការរំលោភលើទំនុកចិត្ត។ អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់។
លោកមេធាវីដដែលបានឱ្យដឹងថា ករណីលោក ឡេង ណាវ៉ាត្រា គឺបានយកលុយរបស់អតិថិជនទៅប្រើប្រាស់គម្រោងផ្សេង តែនៅពេលដែលត្រូវប្រគល់ផ្ទះឱ្យអតិថិជន លោកមិនបានប្រគល់ផ្ទះឱ្យអតិថិជនដូចការសន្យាឡើយ បែរជាមានគំនិតទុច្ចរិតយកលុយទៅវិនិយោគលើការងារផ្សេង។ ក្នុងករណីនេះ លោក ឡេង ណាវ៉ាត្រា បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្ត ដោយសារគាត់មានចេតនាទុច្ចរិត។
ប្រភពដដែលបានឱ្យដឹងទៀតថា ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាមមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា «អំពើរំលោភលើទំនុកចិត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល»។ ម្យ៉ាងវិញទៀត បទល្មើសរំលោភទំនុកចិត្តក៏ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ទៅ ១០,០០០,០០០ (ដប់លាន) រៀលផងដែរ ប្រសិនបើគេរកឃើញថាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស។
លោកថា ប៉ុន្តែត្រូវក្រឡេកមើលកុងត្រារបស់ក្រុមហ៊ុនឱ្យបានច្បាស់ ជាធម្មតាគេជួលមេធាវីឱ្យសរសេរដើម្បីចងអតិថិជនផងដែរ។
ទាក់ទិនទៅនឹងបទរំលោភសេចក្តីទុកចិត្តនេះ នាពេលថ្មីៗនេះមានការផ្ទុះឡើងនូវការដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៅលើឧកញ៉ាដីឡូត៍ជាច្រើនពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត បន្ទាប់ពីពួកគាត់បានដាក់ប្រាក់វិនិយោគទទួលបានការប្រាក់ខ្ពស់ ហើយក៏មានករណីទិញដីឡូត៍ហើយ ប៉ុន្តែមិនមានដីឱ្យអតិថិជនក៏មាន ដូចជាឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុប ឧកញ៉ា នួន អក គ្រូជោគជ័យ និងជាអ្នកវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជា និងអ្នកស្រី ម៉ន ដានី ម្ចាស់បុរី KP ជាដើម។
ចំណែកឯអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលតែងតែឧបត្ថម្ភលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ដែលគិតជារួម តួលេខត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ នេះ បេះដូងសប្បុរសធម៌នៃការបរិច្ចាគទឹកប្រាក់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ និងសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា មានទំហំសរុបដល់ទៅជាង ២៥លានដុល្លារអាមេរិក ខណៈគម្រោងទាំងអស់ជាប់គាំងមិនមានចរន្តហិរញ្ញវត្ថុ។
បន្ទាប់ពីមានការឧបត្ថម្ភលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គេក៏ឃើញមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សងគុណដល់ឧកញ៉ារូបនេះវិញដោយផ្តល់ដីសម្បទានសឹងគ្រប់ទីកន្លែងដើម្បីអង្កន់ជាដីឡូត៍សម្រាប់លក់។
ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានសិទ្ធិលើគម្រោងអភិវឌ្ឍន៍នៅឧទ្យានសួនសត្វភ្នំតាម៉ៅ ពីរដ្ឋាភិបាល ដោយក្រុមហ៊ុនរបស់លោកដាក់គ្រឿងចក្រឈូសឆាយព្រៃនៅតំបន់នោះរាបដល់ដីអស់ប្រមាណ ៦០០ហិកតារកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ប៉ុន្តែក្រោយមក លោក ហ៊ុន សែន ក៏បានប្រកាសផ្អាកគម្រោងនេះវិញបន្ទាប់ពីមានការតវ៉ាពីពលរដ្ឋសឹងទូទាំងប្រទេស។

ជុំវិញបញ្ហានេះ មានពលរដ្ឋជាច្រើនទាមទារឱ្យលោក ហ៊ុន សែន ផ្ដន្ទាទោសដាក់ពន្ធនាគារម្ចាស់ក្រុមហ៊ុនដែលកាប់បំផ្លាញព្រៃឈើភ្នំតាម៉ៅនោះទៅតាមផ្លូវច្បាប់ ប៉ុន្តែលោក ហ៊ុន សែន បានចេញមុខការពារយ៉ាងខ្លាំង ដោយប្រតិកម្មតបវិញថា បើចង់ចាប់ម្ចាស់ក្រុមហ៊ុននោះដាក់គុក គឺមានតែចាប់លោកដាក់គុកតែម្តងទៅ។
បញ្ហានេះជាមូលហេតុមួយអាចឱ្យគេដាក់ការសង្ស័យបានថា អាជីវកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានក្រុមគ្រួសារត្រកូល «ហ៊ុន» ជាម្ចាស់ពិតប្រាកដដែលនៅកាងពីក្រោយធ្វើជាខ្នងបង្អែកដ៏រឹងមាំ និងដ៏មានឥទ្ធិពល។
លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជាឧកញ៉ាក្មេងជាងគេនៅកម្ពុជាដែលមានអាយុ ៣៨ឆ្នាំ ហើយលោកមានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងគ្រួសារក្រីក្រមួយដែលមានឪពុកឈ្មោះ ឡុង យឿន កន្លងមកមានមុខរបរជាអ្នកស៊ីឈ្នួលរែកដី ម្ដាយឈ្មោះ ប៉ែន ងឿន បានស្លាប់អំឡុងឆ្នាំ២០១២។ ដោយសារតែជីវភាពក្រីក្រ លោក ឡេង ណាវ៉ាត្រា បានបញ្ឈប់ការសិក្សាត្រឹមកម្រិតមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩។
ដើម្បីជួយជីវភាពគ្រួសារ លោក ឡេង ណាវ៉ាត្រា បានឆ្លងប្រទេសទៅធ្វើការងារជាពលករនៅប្រទេសកូរ៉េខាងត្បូង អំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ នៅពេលនោះ លោកក៏ធ្លាប់ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ដែលរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន តាមរយៈបទចម្រៀងដែលមានពលករខ្មែរក្នុងប្រទេសកូរ៉េចូលរួមផងដែរ។

លោក ឡេង ណាវ៉ាត្រា មានបងប្អូនចំនួនបួននាក់ដែលសុទ្ធតែទទួលបានគោរមងារតែងតាំងជាឧកញ៉ាចំនួនបីនាក់ និងអ្នកឧកញ៉ាម្នាក់ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញមុខរកស៊ីជាសាធារណៈសព្វថ្ងៃនេះ និងបូករួមទាំងសែស្រឡាយដែលមានតែកម្លាំង ប៉ុន្តែចំណេះដឹងនៅមានកម្រិត។
ក្រុមអ្នកសង្កេតការណ៍ និងអ្នកវិភាគរបស់អាមេរិកមួយចំនួនបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រសិនបើលោក ឡេង ណាវ៉ាត្រា មិនប្រញាប់ដកខ្លួនចេញពីចរន្តរកស៊ីលាងលុយឱ្យគ្រួសារអ្នកមានអំណាចនៅកម្ពុជាទាន់ពេលទេ នោះលោក ឡេង ណាវ៉ាត្រា អាចនឹងមានវាសនាដូចមេអង្គរក្ស និងមន្ត្រីយោធាគ្រាក់ៗរបស់លោក ហ៊ុន សែន ផ្សេងទៀតដែរ ដែលពួកគេបានជាប់នូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារពួកគេបានចូលរួមក្នុងការរំលោភសិទ្ធិមនុស្ស រំលោភប្រជាធិបតេយ្យ និងប្រព្រឹត្តអំពើពុករលួយ។ ហើយប្រសិនបើករណីនេះកើតមានចំពោះលោក ឡេង ណាវ៉ាត្រា មែន នោះប្រសិទ្ធភាព និងឥទ្ធិពលនៃការរកស៊ីរបស់លោក ឡេង ណាវ៉ាត្រា នឹងជួបមហាគ្រោះយ៉ាងធំជាមិនខាន។
ច្បាប់ Global Magnitsky Human Rights Accountability Act ឬហៅកាត់ថា ច្បាប់ Global Magnitsky Act មានវិធានការដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដើម្បីបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងបិទទិដ្ឋាការមន្ត្រីទាំងនោះ ព្រមទាំងសមាជិកក្រុមគ្រួសារសាច់ញាតិរបស់ពួកគេមិនអនុញ្ញាតឱ្យជាន់ទឹកដីអាមេរិកថែមទៀត។
វិធានការនៃច្បាប់នេះ ក៏បានហាមឃាត់មិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយនឹងអ្នកដែលរងនូវទណ្ឌកម្មទាំងនេះដែរ។

អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា មុខរបររបស់លោក ឡេង ណាវ៉ាត្រា ជាជំនួញហិរញ្ញវត្ថុនយោបាយ ហើយបុគ្គល ឡេង ណាវ៉ាត្រា ជាអ្នកសម្ដែងកាន់លុយឱ្យគ្រួសារហ៊ុនប៉ុណ្ណោះ ពីព្រោះឧកញ៉ាជំនួញរូបនេះហាក់ដូចជាមិនខ្វល់អំពីបញ្ហាប៉ះពាល់ដល់មុខរបររបស់គាត់ឡើយ ប៉ុន្តែមួយថ្ងៃៗខ្វល់តែរឿងនយោបាយរបស់គ្រួសារហ៊ុន និងបង្កើតក្រុមវាយលុកលើបណ្ដាញព័ត៌មានទៅវិញ។
លោក គឹម សុខ បានឱ្យដឹងបន្ថែមទៀតថា ជាក់ស្ដែង ការងាររបស់លោក ឡេង ណាវ៉ាត្រា គឺថ្វាយបង្គំលោក ហ៊ុន សែន និងភរិយា ដើម្បីបានដីរាប់រយហិកតារទៅធ្វើជំនួញសង់ផ្ទះល្វែង ព្រមទាំងដើម្បីអាចចាយលុយសុទ្ធទាំងលានៗដុល្លារក្រៅប្រព័ន្ធធនាគារ។

ប្រភពដដែលអះអាងថា និយាយឱ្យចំ លោក ឡេង ណាវ៉ាត្រា មិនមែនជាអ្នកជំនួញទេ តែគ្រាន់តែជាអ្នកសម្ដែងធ្វើជាអ្នកជំនួញ ដែលនៅពីក្រោយឈ្មោះជំនួញនេះ ជាអ្នកលាងលុយកខ្វក់ឱ្យគ្រួសារហ៊ុន។ ជាឧទាហរណ៍ បើអ្នកជំនួញពិតប្រាកដ គេយកចិត្តទុកដាក់ណាស់ក្នុងការគោរពកិច្ចសន្យាជាមួយអតិថិជន និងខ្វល់ខ្វាយណាស់អំពីប្រតិកម្មរបស់អតិថិជន ដើម្បីចៀសវាងការប៉ះពាល់ដល់ទឹកចិត្តអតិថិជន។ ប៉ុន្តែសម្រាប់លោក ឡេង ណាវ៉ាត្រា វិញ ពេលអតិថិជនមិនតវ៉ាខ្លាំងរឿងសង់ផ្ទះមិនទាន់តាមកិច្ចសន្យា ឧកញ៉ារូបនេះធ្វើព្រងើយ និងដោះសាលើវិបត្តិសកល។
លុះដល់ពេលអតិថិជនផ្ទុះការតវ៉ា ទើបឧកញ៉ា ណាវ៉ាត្រា ដាក់ពង្រាយប្លង់ផ្ទះថតបង្អួតជាសាធារណៈ គឺវាហាក់ដូចជាប្លង់ផ្ទះធ្លាក់ពីឋានព្រះឥន្ទ ដែលការពិតគ្មានផ្ទះពិតប្រាកដនៅលើដី។

លោកបន្តថា វាពិតជាចម្លែក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកជំនួញដែលមិនខ្វល់ពីជំនួញ ហើយខ្វល់តែពីការប្រមូលឧកញ៉ាចម្រៀងសេះហោះឱ្យឃោសនាពង្វក់យុវជន និងសរសើរគ្រួសារហ៊ុន ប៉ុន្តែឃើញប្រកាសតែពីចំណេញរយលានដុល្លារ និងចាយលុយក្រៅប្រព័ន្ធធនាគារតាមចិត្តចង់។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា បានប្រាប់សារព័ត៌មានក្នុងស្រុកថា តាមន័យច្បាប់ គឺស្ថាប័នតុលាការជាទីតាំងមួយដែលផ្តល់ឱ្យមនុស្សគ្រប់រូបស្វែងរកដំណោះស្រាយលើវិវាទនានាដោយស្មើភាពគ្នា មិនបែងចែកអ្នកមាន ឬអ្នកក្រ។
លោកបន្តថា ការបកស្រាយលើបណ្ដាញសង្គមករណីលោក ឡេង ណាវ៉ាត្រា ធ្វើឱ្យមហាជនមានការយល់ច្រឡំ ហើយបញ្ហានឹងរាលដាលកាន់តែធំ៕
ចុចទីនេះដើម្បីអានអត្ថបទ និងទស្សនាវីដេអូពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា