34.7 C
Phnom Penh

ភ្នាក់ងារ​លក់​អចលនទ្រព្យ​និង​អតិថិជន ទាមទារ​ថ្លៃ​ជើងសា និង​ផ្ទះ​តាម​កិច្ចសន្យា​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្នាក់ងារ​លក់​ផ្ទះ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ បន្ត​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា សង​ប្រាក់​កម្រៃ​ជើងសា​ដែល​ជំពាក់​បុគ្គលិក​ផ្នែក​លក់ និង​ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ​តាម​កិច្ចសន្យា បន្ទាប់ពី​ឧកញ៉ា​រូប​នេះ​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​បង្កើត​សាកលវិទ្យាល័យ និង​ផ្ដល់​អាហារូបករណ៍​និស្សិត​ក្រីក្រ។

ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ Tan Soputy ដែល​អះអាង​ថា​ជា​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា ពី​ដើមឡើយ​ខ្លួន​មិន​ចង់ post លើ​ហ្វេសប៊ុក​ទេ ប៉ុន្តែ​ដោយសារ​ខ្លួន​ជួប​រឿង​អយុត្តិធម៌​រាប់​ឆ្នាំ​គ្មាន​អ្នក​ជួយ​ដោះស្រាយ​ឲ្យ។

ប្រភព​ដដែល​បាន​លើកឡើង​ថា សូម​បងប្អូន​ជួយ​ស៊ែ​ឱ្យ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ដឹង និង​ជួយ​ដោះស្រាយ​ទូទាត់​បើក​ប្រាក់ Commission ឲ្យ​ខ្លួន​ផង ព្រោះ​ខ្លួន​ត្រូវការ​យក​ប្រាក់​មក​សង​គេ​ដែរ។ លោក​ឃើញ​ឧកញ៉ា​ជួយ​នេះ​ជួយ​នោះ ធ្វើ​មនុស្សធម៌ ហើយ​ថ្មីៗ​នេះ​ក៏​បាន​បង្កើត​សាកលវិទ្យាល័យ​ផ្ដល់​អាហារូបករណ៍​ជួយ​និស្សិត​ក្រីក្រ ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ ដោយ​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ម្នាក់ ៣០​ម៉ឺន​រៀល។

ម្ចាស់​ហ្វេសប៊ុក​ខាងលើ​អះអាង​ថា សម្រាប់​គាត់​ដែល​ខំ​ប្រឹងប្រែង​រក​ភ្ញៀវ​មក​ទិញ​ដី ទិញ​ផ្ទះ រក​ចំណូល​ឲ្យ​គាត់ ខំ​ធ្វើការ​ទាំង​ថ្ងៃ​ទាំង​យប់ ដាច់​បាយ​ដាច់​ទឹក គ្មាន​សៅរ៍​អាទិត្យ ម្យ៉ាង​ទៀត​ត្រូវ​ខ្ចី​លុយ​គេ​យក​មក​ចំណាយ​គ្រប់​បែប​យ៉ាង ដោយ​គិត​ថា​ពេល​ក្រុមហ៊ុន​បើក​ប្រាក់ Commission ឲ្យ យក​មក​សង​គេ​វិញ ចុងក្រោយ​ទទួល​បាន​តែ​ការ​សន្យា​ថា​ចាំ​ជិត​ចូល​ឆ្នាំ​បើក​លុយ​ឲ្យ ថា​ចាំ​ជិត​បុណ្យ​ភ្ជុំ​បើក​ឲ្យ ចូល ៣​ឆ្នាំ​ជាង​ហើយ ឥឡូវ​ជិត​ចូល​ឆ្នាំ​ទៀត​ហើយ។

ប្រភព​ដដែល​បាន​អះអាង​ថា និយាយ​ឲ្យ​អស់​ទៅ ពេល​លោក​ទៅ​លេង​ស្រុក​ម្តងៗ​គ្មាន​លុយ​ជូន​ម្តាយ​ឪពុក យាយ​តា បងប្អូន​សួរ​ឃើញ​ធ្វើការ​ជាមួយ​ឧកញ៉ា រក​ភ្ញៀវ​បាន​ច្រើន​អី យក​លុយ​ទៅ​ណា នេះ​ជា​បញ្ហា​ដែល​លោក​បាន​លាក់​ទុក្ខ​រាប់​ឆ្នាំ។

ប្រភព​ដដែល​អះអាង​ថា ថ្មីៗ​នេះ​លោក​មាន​បញ្ហា​កូន​ឈឺ​ធ្ងន់​ត្រូវការ​ប្រាក់​ដើម្បី​ព្យាបាល បាន​ស្នើសុំ​ទៅ​ដក​ប្រាក់​ខ្លះ កូនចៅ​ឧកញ៉ា​ឆ្លើយតប​ឲ្យ​ទៅ​សួរ​មេ​ធីម ពេល​ទៅ​សួរ មេ​ធីម​ថា​ចាំ​គាត់​ស្នើ​ទៅ​មេ​ធំ​ឱ្យ ចុងក្រោយ​បាត់​ឈឹង។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ហោ ប៉ូលីន បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ អូន ឈីន កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ថា ខ្លួន​បាន​ទិញ​ផ្ទះ​វីឡា VM71 របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោង​យក្ស 6A កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខណៈ​កិច្ចសន្យា​សាងសង់​បាន​កំណត់​ការ​សាងសង់​រយៈពេល ១៨​ខែ​កាន់​សោ​ចូល​ទៅ​រស់នៅ។

ប្រភព​ដដែល​លើកឡើង​ថា កិច្ចសន្យា​បាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក្រុមហ៊ុន​មិន​ទាន់​បាន​បុក​គ្រឹះ​សូម្បីតែ​សសរ​មួយ​ដើម​នៅឡើយ​ទេ ក្នុង​នោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ទទួល​ទិញ​វិញ​ក្នុង​តម្លៃ ៥០% នៃ​ប្រាក់​ដើម ប៉ុន្តែ​នៅ​ពេល​រូបគេ​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន ពេល​នោះ​បុគ្គលិក​ក្រុមហ៊ុន​ប្រាប់​ថា​ឱ្យ​រង់ចាំ​សិន ខណៈ​រូបគេ​បាន​រង់ចាំ​រហូត​ដល់​ពេលនេះ មិន​ទាន់​ឃើញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​មក​ដោះស្រាយ​ឱ្យ​នោះ​ទេ។

រីឯ​អ្នកស្រី សុខ ច័ន្ទធីតា ហៅ កាតុ ដែល​ជា​សិល្បការិនី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ថា ក្រោយពី​ខិតខំ​រក​ទទួលទាន​ពីរ​នាក់​ស្វាមី ទាំង​ការងារ​សិល្បៈ និង​ការ​រកស៊ី អ្នកស្រី​បាន​បង់​លុយ​ផ្តាច់​ទិញ​ផ្ទះ​ពី​បុរី ឡេង ណាវ៉ាត្រា ជិត ៣​ឆ្នាំ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អ្នកស្រី​នៅតែ​មិន​ទាន់​ទទួល​បាន​ផ្ទះ​នៅឡើយ​ទេ គឺ​ឃើញ​តែ​ឥដ្ឋ​ពណ៌​ក្រហម​ដែល​រៀប​បាន​ពាក់កណ្តាល​ទុក​ចោល​ប៉ុណ្ណោះ។

តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី​ពិបាក​ចិត្ត​រាល់​ថ្ងៃ ចំណែក​ម្ចាស់​បុរី​ដើរ​ធ្វើ​បុណ្យ​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង​សោះ​រាល់​ថ្ងៃ​នេះ។ អ្នកស្រី សុខ ច័ន្ទធីតា បន្ត​ថា អ្នកស្រី​អាច​មាន​លទ្ធភាព​ខ្លះ​ដែល​មិន​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ចុះ​ពលរដ្ឋ​ដែល​ខ្ចី​លុយ​ពី​ធនាគារ​ទៅ​ទិញ​ផ្ទះ​ទាំងនោះ ហើយ​បែរ​ជា​មិន​ទទួល​បាន​ផ្ទះ​បែប​នេះ តើ​ពួកគេ​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ។

ទាក់ទង​បញ្ហា​នេះ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​ក៏​បាន​ដឹង​ពី​ការ​លក់​ផ្ទះ​ឱ្យ​អតិថិជន​ខុស​កិច្ចសន្យា​នេះ​ដែរ ប៉ុន្តែ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​រហូត​ដល់​ថ្នាក់​មិន​អាច​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​បាន​នោះ​ទេ។ លោក​ថា រវាង​សិល្បៈ និង​ជំនួញ មិន​គួរ​ផ្សារភ្ជាប់​គ្នា​នោះ​ទេ ហើយ​លោក​ក៏​បាន​ដឹង​ពី​ការ​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រគល់​ផ្ទះ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​បាន​កប់​ទុន​លើ​ដី​ចំនួន​ច្រើន​ពេក។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ នឹម វណ្ណៈ បាន​បង្ហោះ​រូបថត​ដាំ​កូនឈើ​ប្រមាណ​ជិត ១០​សន្លឹក​ដោយ​ភ្ជាប់​នឹង​សំណេរ​ថា «អ្នក​ខ្លះ​ដាំ​ដើមឈើ​មិន​សូវ​ចេះ​ទេ តែ​ជំនាញ​ខាង​កាប់​បំផ្លាញ​ទៅវិញ»។

ចំណារ​សេចក្តី​នោះ​បន្ត​ថា «ឆ្នាំ​២០២៣ ទៅ​ហើយ សូម​កុំ​ធ្វើបាប និង​បោកប្រាស់​ពលរដ្ឋ​ដែល​គាត់​ខំ​ទុកចិត្ត និង​បង់​ថវិកា​ឱ្យ​ឧកញ៉ាៗ​ដែល​បាន​សាងសង់​បុរី​នានា​ទៀត​អី តែ​ឧកញ៉ាៗ​ទាំងនោះ​គួរតែ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​វិញ​ទើប​ជា​រឿង​ល្អ»។

សេចក្តី​ក្នុង​ចំណារ​នោះ​រៀបរាប់​ទៀត​ថា «MMO អស់​ប្រសិទ្ធភាព​ក្នុង​ការ​រួម​កម្លាំង​គ្នា​ហើយ ដូច្នេះ​ទោះ​ដាក់​ប៉ុន្មាន​លាន​នាក់​មក Comment ក៏​កាន់តែ​ខ្មាស​គេ​ដែរ ប៉ុន្តែ​វិធី​ល្អ គឺ​មាន​តែ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ប៉ុណ្ណោះ ទើប​អាច​មាន​សង្ឃឹម​ស្ដារ​កិត្តិយស​មក​វិញ​ខ្លះ បើ​មិន​ដូច្នេះ​ទេ នោះ​អំពើ​ទុច្ចរិត​នានា​របស់​ឧកញ៉ា​មួយ​ចំនួន​ក៏​កំពុងតែ​កំណត់​ជោគវាសនា​របស់​ឧកញ៉ាៗ​ទាំងនោះ​ដែរ»

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មាន​ភរិយា​ឈ្មោះ ឈឺន ស្រីម៉ាច ត្រូវ​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ​អង្គភាព​កង​អង្គរក្ស ហើយ​ក៏​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ផង​ដែរ ដូច្នេះ​តាមរយៈ​ទំនាក់ទំនង​នេះ គេ​សង្ស័យ​ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​ឈរឈ្មោះ​ធ្វើ​អាជីវកម្ម​ឱ្យ​គ្រួសារ​ត្រកូល ហ៊ុន សព្វថ្ងៃ​នេះ។

ឧកញ៉ា​វ័យក្មេង ឡេង ណាវ៉ាត្រា ដែល​តែងតែ​ឧបត្ថម្ភ​លុយ​សុទ្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដល់​លោក ហ៊ុន សែន ដែល​គិត​សរុប​តួលេខ​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ បេះដូង​សប្បុរសធម៌​នៃ​ការ​បរិច្ចាគ​ទឹកប្រាក់​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​សកម្មភាព​មនុស្សធម៌​ពី​ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា មាន​ទំហំ​សរុប​ដល់​ទៅ​ជាង ២៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ខណៈ​គម្រោង​ទាំងអស់​ជាប់​គាំង​មិន​មាន​ចរន្ត​ហិរញ្ញវត្ថុ។

តាមរយៈ​នៃ​ការ​បរិច្ចាគ​សាច់ប្រាក់​សុទ្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំងនេះ​ដល់​រដ្ឋាភិបាល បាន​នាំ​ឲ្យ​លោក ឡេង ណាវ៉ាត្រា គេច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ជាច្រើន ដោយសារ​មាន​ការ​កាង​ពីក្រោយ​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស