30 C
Phnom Penh

លោក ហ៊ុន សែន៖ លោក កឹម សុខា ជាប់​គុក​គ្មាន​ការ​លើកលែង​ទោស​ដោយសារ​បរទេស​ស្រឡាញ់​ពិរុទ្ធជន​ពេក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​សាជាថ្មី​ថា មូលហេតុ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាប់​គុក​ដោយ​គ្មាន​ការ​លើកលែង​ទោស គឺ​ដោយសារ​បរទេស​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល​របស់​លោក គឺ​ស្រឡាញ់​លោក កឹម សុខា ពេក។

អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​មិថុនា នេះ​ថា បរទេស​ទាំងនោះ​ធ្វើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​របស់​លោក​រហូត ព្រោះ​ថា​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ស្រាប់តែ​បរទេស​ទាំងនោះ​នាំគ្នា​មក​សួរ​សុខទុក្ខ​លោក កឹម សុខា និង​នាំ​លោក កឹម សុខា ទៅ​ទស្សនកិច្ច​នៅ​ស្ថានទូត​របស់​ពួកគេ​ទៅវិញ។

មេដឹកនាំ​ដែល​កំពុង​ក្តាប់​អំណាច​តាម​បែប​កុម្មុយនីស្ត​លោក ហ៊ុន សែន ព្រមាន​ថា ចាប់​ពី​ពេលនេះ​តទៅ ឱ្យ​តែ​បរទេស​ណា​ហ៊ាន​អន្តរាគមន៍​ចំពោះ​បុគ្គល​ណា​ដែល​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស បុគ្គល​នោះ​នឹង​ត្រូវ​អនុវត្ត​ទោស​តាម​ច្បាប់​កំណត់​តែ​ម្ដង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ដើម្បី​ព្រមាន​កុំ​ឱ្យ​មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​ខាងក្រៅ​បន្ត​ទៀត។

ការ​ព្រមាន​នេះ គឺជា​លើក​ទី​ពីរ​ហើយ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ព្រមាន​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ជា​លើកដំបូង​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លងទៅ ជុំវិញ​ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ។

យ៉ាងណា​ក៏ដោយ កាលពី​ចុង​ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​ថា បើ​ទោះបីជា​លោក​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា​បែប​ណា​ក៏ដោយ ក៏​បណ្តា​ប្រទេស​លោក​សេរី​នៅតែ​ទទួលស្គាល់​អំពី​គុណតម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដដែល។

ជាង​នេះ​ទៀត ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ដែរ។

ចាប់តាំងពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០ មក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់ ដូចជា​ប្រទេស​អាល្លឺម៉ង់ សហភាព​អឺរ៉ុប អាមេរិក បារាំង អូស្ត្រាលី ជប៉ុន រហូត​ដល់​មាន​ការ​អញ្ជើញ​ឱ្យ​លោក​ទៅ​ចូល​ក្នុង​កិច្ចប្រជុំ​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច G-20 ថែម​ទៀត។

ការ​ដែល​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ទាំងនោះ​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា បែប​នេះ គឺ​បង្ហាញ​ថា​ពួកគេ​មិន​ជឿ​លើ​ការ​ចោទប្រកាន់​លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​ឡើយ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មាន​គំនុំ​ជាមួយ​បរទេស​ទាំងនោះ​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២២ តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ​នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​សហគមន៍​អឺរ៉ុប លោក ចូសិប បូររែល (Josep Borrll Fontelles) ធ្លាប់​បាន​លើកឡើង​ថា សហគមន៍​អឺរ៉ុប​ចង់​ឃើញ​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​យុត្តិធម៌ ដើម្បី​ឱ្យ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​លើកឡើង​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ស្ដារ​សិទ្ធិ​នយោបាយ និង​ការ​បើក​លំហ​សេរីភាព​របស់​លោក កឹម សុខា ឱ្យ​អាច​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​លោក​ជាប់​គុក​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ​ពី​បទ​ក្បត់​ជាតិ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៣ កន្លងទៅ ដែល​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស