38 C
Phnom Penh

លោក អ៊ុំ សំអាន៖ កោះត្រល់​ទើប​តែ​នឹង​បាត់បង់​ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​១៩៨២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​ថា កោះត្រល់​ទើប​តែ​នឹង​បាត់បង់​នៅ​ឆ្នាំ​១៩៨២ ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​គាត់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា តាម​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ មិថុនា នេះ​ថា តាមរយៈ​ផែនទី​ដែល​ដាក់​តាំង​នៅ​ផ្ទះ​របស់​មេ​កម្មាភិបាល​ខ្មែរក្រហម ឈ្មោះ តា ម៉ុក នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​បង្ហាញ​ថា កោះត្រល់​គឺ​នៅ​តែ​ជា​របស់​ខ្មែរ​នៅឡើយ​នា​សម័យ​នោះ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ហត្ថលេខា​ដែល​លោក ហ៊ុន សែន បាន​ឯកភាព​ជាមួយ​វៀតណាម តាមរយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ បាន​ជួយ​ឱ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​នានា​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​លោក ហ៊ុន សែន ឃុបឃិត​លួច​ចុះហត្ថលេខា​ជាមួយ​វៀតណាម មាន​សុពលភាព​ឡើងវិញ​ទាំងអស់ ដែល​ស្មើ​នឹង​កំណត់​ថា វៀតណាម​ត្រូវតែ​រំលោភ​យក​ទឹកដី​ខ្មែរ​ឱ្យខាងតែ​បាន​ដូច្នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​នានា​ចោទ​ថា មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ប្រគល់​កោះត្រល់ និង​ដែនដី​កម្ពុជា​មួយ​ចំនួន​ទៀត​ឱ្យ​ទៅ​ប្រទេស​វៀតណាម​ដោយ​ផ្ទាល់​ដៃ​ចាប់តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក។

កាលពី​អំឡុង​ឆ្នាំ​១៩៨២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង កូថាច់ បាន​ចុះហត្ថលេខា​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​ជាមួយ​លោក ហ៊ុន សែន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​នា​ពេល​នោះ ហើយ​ក្នុង​កិច្ចព្រមព្រៀង​ដែនទឹក​ប្រវត្តិសាស្ត្រ​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​ប្រទេស​វៀតណាម កាត់​ឆ្វៀល​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ យក​ទៅ​គ្រប់គ្រង​ទាំង​ខុស​ច្បាប់​រហូត​ដល់​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត ដោយសារតែ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នេះ បាន​ធ្វើ​ឱ្យ​ដែនអាកាស និង​ផ្ទៃសមុទ្រ​ទំហំ ១០០០០ (១​ម៉ឺន) គីឡូម៉ែត្រក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​រួម​គ្នា​ជាមួយ​វៀតណាម​រហូត​ដល់​ពេល​នេះ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ជា​រឿយៗ​ថា រដ្ឋាភិបាល​របស់​លោក​មិន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ទេ ប៉ុន្តែ​លោក​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​បូរណភាព​ទឹកដី​ទៅ​លើ​របប​សង្គម​រាស្ត្រ​និយម​ដែល​ដឹកនាំ​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ វិញ ដោយ​ចោទ​ថា​ព្រះអង្គ​ជា​អ្នក​ធ្វើ​ឱ្យ​បាត់បង់​កោះត្រល់ និង​កោះ​មួយ​ចំនួន​ទៀត​ទៅ​វៀតណាម មិន​មែន​លោក​នោះ​ទេ។

អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ (UNCLOS) មាត្រា​៣ ចែង​ថា «រាល់​រដ្ឋ​ទាំងអស់​មាន​សិទ្ធិ​បង្កើត​ប្រវែង​នៃ​ដែនសមុទ្រ​របស់​ខ្លួន​រហូត​ដល់​ដែន​កំណត់​មិន​លើស​ពី​ចម្ងាយ ១២​ម៉ាយល៍ ដែល​ស្មើ​នឹង​ជាង ២២​គីឡូម៉ែត្រ ដែល​វាស់​ពី​ខ្សែ​បន្ទាត់​មូលដ្ឋាន​ដែល​កំណត់​អនុលោម​តាម​អនុសញ្ញា​នេះ ដូច្នេះ​បើ​ផ្អែក​តាម​លក្ខខណ្ឌ​ភូមិសាស្ត្រ​ជាក់ស្ដែង កោះត្រល់​មាន​រយៈ​ចម្ងាយ​ត្រឹមតែ ១៥​គីឡូម៉ែត្រ​ពី​ខេត្ត​កំពត នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ចម្ងាយ​ដល់​ទៅ ៤៥​គីឡូម៉ែត្រ​ពី​តំបន់​ហាទៀង នៃ​ខេត្ត​កៀនយ៉ាង របស់​ប្រទេស​វៀតណាម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​១៩៧២ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ AIRGRAM ទៅ​កាន់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្តីអំពី​ច្បាប់​សមុទ្រ ដែល​នៅ​ក្នុង​សារ​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់​នៅ​តែ​ស្ថិត​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា​នៅឡើយ។

ចំណែក​ប្រទេស​សិង្ហបុរី ក៏​បាន​បញ្ជូន​សេចក្ដី​រាយការណ៍​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​១៩៨៦ ផង​ដែរ​ថា «កិច្ចព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម ឆ្នាំ​១៩៨២ ស្តីអំពី​ដែនទឹក​ប្រវត្តិសាស្ត្រ» ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះហត្ថលេខា​ដោយ​កងទ័ព​វៀតណាម​នៅ​ពេល​វៀតណាម​ចូល​ឈ្លានពាន​ត្រួតត្រា​ប្រទេស​កម្ពុជា ចាប់តាំងពី​ចុង​ឆ្នាំ​១៩៧៨ មក។

ដោយឡែក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក៏​បាន​ធ្វើការ​ប្រឆាំង​ជំទាស់​នឹង​កិច្ចព្រមព្រៀង​កម្ពុជា-វៀតណាម ឆ្នាំ​១៩៨២ ស្តីអំពី​ដែនទឹក​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​១៩៨៧ ផង​ដែរ។ ជាង​នេះ​ទៀត ផែនទី​ខ្មែរ​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៧៣ ដែល​ត្រូវ​បាន​ប្រើ​ដោយ​សន្និសីទ​ក្រុង​ប៉ារីស ស្តីអំពី​ការ​បញ្ចប់​សង្គ្រាម​នៅ​ឥណ្ឌូចិន​លើក​ទី​២ នៅ​ខែ​សីហា ឆ្នាំ​១៩៧៣ ក៏​បាន​បង្ហាញ​ពី​វត្តមាន​កោះត្រល់​ក្នុង​ដែន​ទឹក​របស់​ប្រទេស​កម្ពុជា​ដែរ ខណៈ​តំណាង​ភាគី​វៀតណាម ដែល​មាន​វត្តមាន​ក្នុង​សន្និសីទ​នោះ​ក៏​មិន​បាន​តវ៉ា​ដែរ​ចំពោះ​ទីតាំង​កោះត្រល់​មាន​នៅ​លើ​ផែនទី​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស