36 C
Phnom Penh

កម្ពុជា​សម្រេច​បណ្តេញ​សមាជិក​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ជាង​២០​នាក់​ចេញពី​កម្ពុជា​ក្នុង​រយៈពេល​៤៨​ម៉ោង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន សម្រេច​បណ្តេញ​សមាជិក​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ២២​នាក់​ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៤៨​ម៉ោង ដោយ​គិត​ចាប់ពី​ម៉ោង ៤​ល្ងាច​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ និង​ហាម​មិន​ឲ្យ​ពួកគេ​ជាន់​ទឹកដី​ខ្មែរ​ជា​រៀង​រហូត បន្ទាប់ពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ប្រកាស​ព្យួរ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រយៈពេល ៦​ខែ​កាលពី​ពេល​ថ្មីៗ​នេះ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ប្រសិនបើ​បុគ្គល​ទាំង ២២​នាក់​នេះ​រួម​ទាំង​លោក Ronaldo Lemos លោក Khaled Mansour និង​លោក Nicolas Suzor ជាដើម បើ​មាន​អ្នក​ណា​ម្នាក់​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​ចាកចេញ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​របស់​ពួកគេ​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន ដែល​មាន​លក្ខណៈ​ជា​ហេតុផល​នយោបាយ។

ប្រភព​ដដែល​លើកឡើង​ថា ក្នុង​ស្មារតី​នៃ​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អធិបតេយ្យភាព និង​ដើម្បី​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២​នាក់​នេះ មិន​អាច​ឲ្យ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា​ទៀត​បាន​ឡើយ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ការ​ព្យួរ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ពី​ក្រុមហ៊ុន​ហ្វេសប៊ុក គឺជា​ចេតនា​រារាំង​សេរីភាព​សារព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពិត​ពី​ថ្នាក់​ដឹកនាំ​ដែល​ពួកគេ​គាំទ្រ និង​ពេញចិត្ត។

ការ​បណ្ដេញ​សមាជិក​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នេះ ធ្វើឡើង​ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​សងសឹក​ទៅ​កាន់​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​បាន​អំពាវនាវ​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន រយៈពេល ៦​ខែ ដោយ​អះអាង​ថា វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បាន​រំលោភ​វិធានការ​របស់​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ធ្ងន់ធ្ងរ ជុំវិញ​ការ​គំរាមកំហែង​ដោយ​ហិង្សា។

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​បញ្ជាក់​ថា ការ​ព្យួរ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បែប​នេះ​ក្រោយ​ពេល​មាន​បណ្តឹង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​បន្តបន្ទាប់​ពី​ការ​គំរាមកំហែង​ដែល​អាច​នាំ​ទៅ​ដល់​ការ​ស្លាប់​ពី​សំណាក់​លោក ហ៊ុន សែន តាមរយៈ​សុន្ទរកថា​លើ​វេទិកា​របស់​គាត់ ដែល​បាន​បំពាន​លើ​គោលការណ៍​របស់​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ក្រោយពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ព្យួរ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ហើយ​នោះ មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​ប្រកាស​លុប​ចោល​នូវ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​មាន​អ្នក​តាមដាន​ជាង ១៤​លាន​នាក់។

បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​លុប​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​សម្រេច​កាលពី​ថ្ងៃទី​៣០ មិថុនា បណ្តេញ​តំណាង​ក្រុមហ៊ុន Facebook ចេញពី​ប្រទេស​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាព ដូចជា​ភាព​ជា​តំណាង​របស់​ក្រុមហ៊ុន ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​តទៅ​ផង​ដែរ។

បុរស​ខ្លាំង​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​បែប​ផ្ចាញ់ផ្ចាល​នៅ​ក្រោយ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ថា មុខ​មនុស្ស​ទាំងនេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​ខ្មែរ​អស់​មួយ​ជីវិត ហើយ​នេះ​គឺជា​លទ្ធផល​ដែល​ពួក​អ្នក​បង្ក​ឡើង​តាមរយៈ​នយោបាយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស