40.8 C
Phnom Penh

ក្រសួង​ការងារ​ស្នើ​ប្រទេស​ដៃគូ​អភិវឌ្ឍ​ជួយ​ជំរុញ​ការ​បញ្ជា​ទិញ​ទៅ​កាន់​បរទេស​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ស្នើ​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ជួយ​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព លក្ខខណ្ឌ​ការងារ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​បញ្ជា​ទិញ និង​ការ​នាំចេញ​របស់​កម្ពុជា​បន្ត​ទៀត ដើម្បី​បន្ត​វឌ្ឍនភាព​វិស័យ​ការងារ លើក​កម្ពស់​កម្មករ​និយោជិត និង​ជំរុញ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ឲ្យ​បាន​កាន់តែ​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) លោក វីល្លៀម ខន់គ្លីន (William Conklin) នៅ​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា គោលបំណង​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​មាន​ផែនការ​លើក​កម្ពស់​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​កម្មករ​និយោជិត ប្រាក់​ឈ្នួល​អប្បបរមា របប​សន្តិសុខ​សង្គម កិច្ច​គាំពារ​មាតុភាព ការ​លុប​បំបាត់​អំពើ​ហិង្សា និង​ការ​រំលោភ​សិទ្ធិ​ការងារ ជាដើម។

លោក អ៊ិត សំហេង អះអាង​ថា កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​នានា ដើម្បី​បន្ត​វឌ្ឍនភាព​វិស័យ​ការងារ លើក​កម្ពស់​កម្មករ​និយោជិត និង​ជំរុញ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​បន្ត​ទៀត ដើម្បី​រួម​ចំណែក​ជំរុញ​កំណើន​នៃ​ការ​បញ្ជា​ទិញ និង​ការ​នាំចេញ​របស់​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បន្ទាប់ពី​កម្ពុជា​រៀបចំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ រួចរាល់ ក្រសួង​ការងារ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល ACILS និង​ដៃគូ​នានា​ផ្សេង​ទៀត ដើម្បី​អនុវត្ត​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​ឱ្យ​មាន​ប្រសិទ្ធភាព។

វិស័យ​ការងារ​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រង​នូវ​ការ​ប្រឈម​ធ្ងន់ធ្ងរ​លើ​ការ​នាំចេញ​ទៅ​កាន់​បរទេស បន្ទាប់ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់។

នៅ​ដើម​ឆ្នាំ​២០២៣ នេះ មាន​រោងចក្រ​នៅ​កម្ពុជា​ប្រមាណ​ជាង ១០​កន្លែង​ហើយ​ដែល​បាន​បិទ​ទ្វារ និង​រោងចក្រ​ចំនួន ៧១ បាន​ព្យួរ​កិច្ចសន្យា​ការងារ ខណៈ​រោងចក្រ ៦០ ផ្សេង​ទៀត​បាន​កាត់បន្ថយ​បុគ្គលិក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង ៣​ម៉ឺន ២​ពាន់​នាក់ និង​កម្មករ​ច្រើន​នាក់​ទៀត​ត្រូវ​បាន​បាត់បង់​ការងារ​ទាំងស្រុង​តែម្ដង។

ទាក់ទិន​បញ្ហា​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ព្យាករ​កាលពី​ដើម​ឆ្នាំ​២០២៣ នេះ​ថា កំណើន​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ នឹង​ថយ​ចុះ​ពី ១០% មក​នៅ ៥,៥% ដោយសារ​ការ​ថមថយ​តម្រូវការ​សកល ជាពិសេស​ពី​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក កាំង ម៉ូនីកា បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា កំណើន​នៃ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​អាច​ធ្លាក់​មក​ទាប ដោយសារ​ការ​នាំចេញ​ទៅ​ទីផ្សារ​ខាងក្រៅ ជាពិសេស​ទីផ្សារ​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស កាណាដា និង​ជប៉ុន ជាដើម បាន​ថយ​ចុះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សហជីព​មួយ​ចំនួន​លើកឡើង​ថា កម្មករ​នឹង​ប្រឈម​ការ​បាត់បង់​ការងារ បើសិន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ត្រូវ​ដក​ចេញ​ពី​កម្ពុជា ខណៈ​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ និង​ព្យួរ​ការងារ​កម្មករ​ដោយសារតែ​គ្មាន​ការ​បញ្ជា​ទិញ​ទៅ​ហើយ​នោះ។

យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បាន​អះអាង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​មិន​ខ្វល់​ពី​សហភាព​អឺរ៉ុប​ដក EBA ពី​កម្ពុជា​នោះ​ទេ ពីព្រោះ​ប្រព័ន្ធ​អនុគ្រោះ​នេះ​គង់តែ​សហភាព​អឺរ៉ុប​ដកហូត​នៅ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ចាក​ផុត​ពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅ​ឆ្នាំ​២០២៧ ខាងមុខ​នេះ។

លោក ហ៊ុន សែន អះអាង​ថា ទោះបី​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏ដោយ រដ្ឋាភិបាល​របស់​លោក​មិន​យក​អធិបតេយ្យ​របស់​ជាតិ​ទៅ​ប្ដូរ​ជាមួយ EBA របស់​សហភាព​អឺរ៉ុប និង​ជំនួយ​របស់​ប្រទេស​ណា​មួយ​នោះ​ទេ ជាក់ស្តែង សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា​រយៈពេល​កន្លងមក​ពុំ​បាន​ប៉ះពាល់​ដល់​ការ​នាំចេញ​ទំនិញ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ទេ ហើយ​កម្ពុជា​ក៏​អាច​រស់​បាន​ដោយ​មិន​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ពី​អឺរ៉ុប​នោះ​ដែរ។

ទោះជា​បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ទោះបី​លោក ហ៊ុន សែន អះអាង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មិន​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ក្តី ប៉ុន្តែ​បច្ចុប្បន្ន រដ្ឋាភិបាល​របស់​លោក​នៅតែ​មិន​អាច​រស់​ដោយ​ខ្លួនឯង​បាន ក្រៅតែ​ពី​ពឹងផ្អែក​ទៅ​លើ​ការ​ខ្ចី​បុល និង​ត្រូវការ​ជំនួយ​ពី​បរទេស​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​រស់។

ចំណែក​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​វិញ​នៅតែ​រង​ផល​ប៉ះពាល់​ពី​ការ​បាត់បង់​ការងារ និង​ការ​កាត់បន្ថយ​ម៉ោង​ធ្វើការ​ជា​បន្តបន្ទាប់ ខណៈ​ផលិតផល​កសិកម្ម​របស់​កសិករ​គ្មាន​ទីផ្សារ ដែល​ធ្វើ​ឱ្យ​ពួកគេ​បង្ខំ​ចិត្ត​រស់នៅ​ក្នុង​ជីវភាព​លំបាកលំបិន​ធ្លាក់​ចូល​ទៅ​ក្នុង​បំណុល​វ័ណ្ឌក​រហូត​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​លុយ​សង​ធនាគារ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស