39 C
Phnom Penh

បុរស​ខ្លាំង​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ១៣៣៧២៩​ម៉ែត្រ​ក្រឡា​ប្រគល់​ឱ្យ​ប្អូន​ថ្លៃ​របស់​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ១៣៣៧២៩​ម៉ែត្រ​ក្រឡា​បន្ថែម​ទៀត ដើម្បី​ប្រគល់​ទៅ​ឲ្យ​អ្នកឧកញ៉ា ឡាញ់ ភារ៉ា ដែល​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន សេងនី។

ក្នុង​អនុក្រឹត្យ​ចេញ​កាលពី​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២៣ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​នៅ​ទីតាំង ៣​កន្លែង ដោយ​មាន​ទំហំ​ចំនួន ១៣៣៧២៩​ម៉ែត្រ​ក្រឡា ក្នុង​សង្កាត់​គោករកា និង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

ផ្ទៃដី​ទាំង ៣​ទីតាំង​ដែល​លោក ហ៊ុន សែន បន្ត​កាត់​ចេញពី​ផ្ទៃ​បឹង​តាមោក ដើម្បី​ប្រគល់​ទៅ​ឲ្យ​អ្នកឧកញ៉ា ឡាញ់ ភារ៉ា ធ្វើជា​កម្មសិទ្ធិ ដោយ​ពន្ធអាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ។

កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃដី​ចំនួន ៧​ទីតាំង​សរុប​ទំហំ​ជាង ២​សែន​ម៉ែត្រ​ក្រឡា ស្ថិត​នៅ​សង្កាត់​ពញាពន់ និង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ប្រគល់​ឲ្យ​ប្អូនស្រី​របស់​លោក គឺ​អ្នកស្រី ហ៊ុន សេងនី ដែល​ត្រូវ​ជា​ភរិយា​របស់​អ្នកឧកញ៉ា ឡាញ់ ភារ៉ា ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ។

អ្នកឧកញ៉ា ឡាញ់ ភារ៉ា ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន ហ្គ្រីន ខេមបូឌាន ប្រផឹធី អេន ខនស្ក្រាក់សិន គ្រុប ឯ.ក និង​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន សេងនី ដែល​ជា​ប្អូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លើស​ពី​នេះ កន្លងមក ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​រូប​នេះ​ធ្លាប់​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ចំនួន ៧៧​គ្រួសារ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ ពាក់ព័ន្ធ​នឹង​រឿង​ក្រុមហ៊ុន​អ្នកឧកញ៉ា ឡាញ់ ភារ៉ា ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​របស់​ពួកគាត់​នៅ​ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដែល​មាន​ទំហំ​ចំនួន ៣២៣៩​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​ដាក់​ជា​សម្បត្តិ​របស់​រដ្ឋ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ បឹង​នេះ​ស្ថិត​នៅ​ក្នុង ៥​សង្កាត់ ក្នុង​នោះ​មាន​សង្កាត់​ពន្សាំង សង្កាត់​ព្រែកព្នៅ សង្កាត់​ពញាពន់ សង្កាត់​សំរោង និង​សង្កាត់​ឃ្មួញ ក្នុង​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែនសុខ ដោយ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​នោះ​បាន​អាស្រ័យ​ផល​ពី​បឹង​មាន​ដូចជា ការ​ធ្វើ​ស្រែ រក​ត្រី និង​ដាំ​ដំណាំ ជាដើម។

ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹង​តាមោក​ជាង ២០០០​ហិកតារ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​កាត់​បន្ត​ទៀត​ដោយ​មិន​ខ្វល់​ពី​សំណើ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ខណៈ​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ​ជា​ទីតាំង​សម្រាប់​បង្ហូរ​ទឹក​ស្អុយ និង​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​ទីក្រុង​ភ្នំពេញ។

លើស​ពី​នេះ ប្រជាពលរដ្ឋ​ខ្លះ​ដែល​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី ដែល​បង្ក​ផល​ប៉ះពាល់​ដោយសារ​ការ​លុប​បឹង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ពួកគេ​ទៅ​តុលាការ​ផង​ដែរ។ ផ្ទៃ​បឹង​ជាង ២០០០​ហិកតារ​ដែល​លោក ហ៊ុន សែន បាន​កាត់​បន្តបន្ទាប់​នេះ ដើម្បី​ប្រគល់​ឲ្យ​កូន និង​សាច់ញាតិ រួម​ទាំង​ឧកញ៉ា ក្រុមហ៊ុន ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស