28.7 C
Phnom Penh

លោក សម រង្ស៊ី ចោទ​ថា​លោក ហ៊ុន សែន ជា​ឃាតករ​ដែល​បញ្ជា​ឱ្យ​គេ​សម្លាប់​កងទ័ព​រាជា​និយម​រាប់​រយ​នាក់​កាលពី​២៦​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា កាលពី ២៦​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺជា​ថ្ងៃ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​កងទ័ព​ដែល​គាត់​ដឹកនាំ សម្លាប់​កងកម្លាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច រាប់​រយ​នាក់ ដែល​ជា​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​មួយ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដ៏​ឃោរឃៅ​នៅ​ឆ្នាំ​នោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រក​ច្រក​ចូល​ស្រុក លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ថ្ងៃ​នេះ​គឺជា​ខួប ២៦​ឆ្នាំ​នៃ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​ខ្មែរ​លើក​បន្តុប​ដោយ​វៀតណាម លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

លោក​បន្ថែម​ថា ក្នុង​រដ្ឋប្រហារ​នោះ ពលរដ្ឋ​ខ្មែរ និង​កងទ័ព​រាជា​និយម​ជាច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ក្រោម​ចុង​កាំភ្លើង​របស់​កងទ័ព​ដែល​ទទួល​បញ្ជា​ពី​លោក ហ៊ុន សែន បើ​ទោះបីជា​ទាហាន​ទាំងនោះ​បាន​សារភាព​ចុះចាញ់​ហើយ​ក៏ដោយ។

លោក សម រង្ស៊ី លើកឡើង​ថា ដោយសារតែ​ទង្វើ​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ក្នុង​អតីតកាល​សុទ្ធតែ​ជា​អំពើ​អាក្រក់ ដូច្នេះ​ហើយ​បាន​ជា​គាត់​ចេះ​តែ​សង្ស័យ​ថា​មាន​មនុស្ស​ប៉ុនប៉ង​សម្លាប់​គាត់​ជាប់​ជានិច្ច។ ជាក់ស្តែង ការ​អះអាង​ថា​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ហោះ​ចូល​ទឹកដី​កម្ពុជា​ដើម្បី​ប៉ុនប៉ង​សម្លាប់​គាត់ គ្រាន់តែ​ជា​អំពើ​អាក្រក់​ដែល​គាត់​បាន​ប្រព្រឹត្ត​តាម​លង​បន្លាច​គាត់​ប៉ុណ្ណោះ ព្រោះ​ថា​រហូត​ដល់​ពេលនេះ គ្មាន​ដ្រូន​ណា​មួយ​បាន​ហោះ​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​កាលពី​ជាង ២០​ឆ្នាំ​មុន​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ដែល​គេ​មើល​ឃើញ​ថា​ជា​ព្រឹត្តិការណ៍​ដណ្តើម​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​កងទ័ព​រដ្ឋ​កម្ពុជា​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​នៅ​ថ្ងៃ​ខួប​នៃ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​នេះ​ថា លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺ​ដើម្បី​ដណ្តើម​អំណាច​ពី​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​កម្ទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ធានា​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ ប៉ុណ្ណោះ ព្រោះ​គាត់​ខ្លាច​ចាញ់​ដូច​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​ជា​ការ​បោះឆ្នោត​លើកដំបូង​នោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ដោយសារតែ​លោក ហ៊ុន សែន ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាញ់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ បន្ត​ទៀត ដូច្នេះ​ហើយ​គាត់​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​ធ្វើ​រដ្ឋប្រហារ​ដើម្បី​កម្ទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​ទី​២ នោះ​ទេ ដើម្បី​ធានា​ថា គាត់​អាច​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ការ​បោះឆ្នោត​នោះ។

រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​មាន​លោក ហ៊ុន សែន ជា​មេខ្លោង ព្រោះ​ថា​កម្លាំង​កងទ័ព​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ឈ្លើយសឹក​ដែល​បាន​សារភាព​ចុះចាញ់​គ្មាន​អាវុធ​ក្នុង​ដៃ​យ៉ាង​ព្រៃផ្សៃ ដែល​ជា​ការ​រំលោភ​បំពាន​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តីអំពី​ច្បាប់​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង​នោះ គេ​បាន​រក​ឃើញ​សាកសព​កងទ័ព​រាជា​និយម​ដែល​ត្រូវ​គេ​សម្លាប់ ហើយ​កប់​ក្នុង​ដី​រាក់ៗ ដៃ​ទាំង​សងខាង​ត្រូវ​ជាប់​ចំណង ភ្នែក​ទាំង​គូ​ត្រូវ​គេ​ខ្វេះ និង​ដងខ្លួន​ពោរពេញ​ដោយ​ស្នាម​ជាំ​គ្រប់​កន្លែង ដែល​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​មុន​នឹង​ត្រូវ​គេ​សម្លាប់។

ជុំវិញ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នេះ លោក ហ៊ុន សែន តែង​បដិសេធ​ថា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​របស់​គណបក្ស​កាន់​អំណាច​ទេ ប៉ុន្តែ​វា​ជា​ហេតុការណ៍​មួយ​ដើម្បី​ទប់ទល់​សភាពការណ៍​ពី​កម្លាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែប៉ុណ្ណោះ ដែល​ប៉ះទង្គិច​គ្នា​នៅ​ពេល​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ ធ្លាប់​បាន​ព្រមាន​ថា មេដឹកនាំ​ខ្មែរ​បាតដៃ​ប្រឡាក់​ឈាម លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ទាំងអស់​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ ដែល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​ទាំងនោះ​គឺ​សុទ្ធតែ​មាន​ក្នុង​ដៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទាំងអស់។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​អំឡុង​ពេល​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ ដោយសារតែ​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​គាត់​បាន​សម្លាប់​ឈ្លើយសឹក​ដែល​បាន​សារភាព​ចុះចាញ់​រាប់​រយ​នាក់ ដែល​ជា​ការ​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តីអំពី​ច្បាប់​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថូម៉ាស ហាំម៉ាប៊ឺក និង​នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ទទួល​បន្ទុក​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​របាយការណ៍​របស់​ពួកគេ​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ខែ​តុលា ឆ្នាំ​១៩៩៧ ថា ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ខែ​កក្កដា គឺជា “រដ្ឋប្រហារ” ពិតៗ​ដែល​ធ្វើឡើង​ដោយ​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស