ក្រុមយុវជនបរិស្ថាន និងតំណាងអង្គការក្រៅរដ្ឋាភិបាល លើកឡើងថា ឈាមក្រហមឆ្អិនឆ្អៅដែលបានហូរចេញពីខ្លួនបណ្ឌិត កែម ឡី គឺជាឈាមនៃការពិត តំណាងឲ្យយុត្តិធម៌សង្គម និងបានដាស់ស្មារតីយុវជនឱ្យចេះស្រឡាញ់ជាតិ បើទោះបីជារូបលោកបានឃ្លាតឆ្ងាយពីជនរួមជាតិខ្មែរទៅហើយក្តី។
ក្រុមយុវជនបរិស្ថាន រួមជាមួយអង្គការសង្គមស៊ីវិល បានប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅស្តុបស្តារម៉ាត កាល់តិច ក្រោមប្រធានបទ «ឈាមនៃការពិត» ដោយអាននូវលិខិតចំហរបស់ពួកគេជាសាធារណៈនៅថ្ងៃទី១០ កក្កដា នេះថា កាលពី ៧ឆ្នាំមុន បណ្ឌិត កែម ឡី ត្រូវឃាតករអប្រិយបាញ់សម្លាប់ឱ្យដេកដួលក្នុងថ្លុកឈាមដាបធរណី សូម្បីតែនិយាយពាក្យលាទៅកាន់ក្រុមគ្រួសារ ទៅកាន់មិត្តភ័ក្ដិ ទៅកាន់ជនរួមជាតិមួយម៉ាត់ក៏មិនបានបន្លឺឡើងដែរ។
ខ្លឹមសារក្នុងលិខិតចំហខាងលើលើកឡើងថា ឈាមក្រហមឆ្អៅរបស់បណ្ឌិត កែម ឡី ដែលបានហូរចេញមកដោយសារគ្រាប់កាំភ្លើងរបស់ឃាតករចិត្តខ្មៅ ពិតជាមិនអាចឱ្យពលរដ្ឋខ្មែរបំភ្លេចបានឡើយ ហើយឈាមដ៏ក្រហមឆ្អៅនេះ គ្មានទឹកអ្វីអាចលាងជម្រះបានទេ ក្រៅតែទឹកភ្នែកប្រជាពលរដ្ឋខ្មែរដែលបានហូរស្រក់ចុះមក ព្រោះតែស្តាយស្រណោះចំពោះការឃ្លាតឆ្ងាយរបស់លោកពីមាតុភូមិដ៏កម្សត់ និងជនរួមជាតិដែលធ្លាប់ទទួលនូវការបំភ្លឺផ្លូវក្នុងភពងងឹតពីរូបលោកកន្លងមក។
បទវិយោគកថាខាងលើបញ្ជាក់ថា នៅកម្ពុជាមានបណ្ឌិតរហូតដល់រាប់ពាន់នាក់ ប៉ុន្តែបណ្ឌិតដែលហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបើកបង្ហាញការពិត ដើម្បីយុត្តិធម៌សង្គម និងដើម្បីសេរីភាពសម្រាប់ពលរដ្ឋខ្មែរ មិនមានច្រើនទេ ប៉ុន្តែបណ្ឌិតដែលហ៊ានលះបង់ជីវិតដើម្បីសង្គមជាតិទាំងមូលក៏រឹតតែមិនមានច្រើនទៀត។
ក្រុមយុវជនបរិស្ថានខាងលើគូសបញ្ជាក់ថា ឈាមដ៏ក្រហមឆ្អិនឆ្អៅដែលហូរចេញពីខ្លួនបណ្ឌិត កែម ឡី នឹងហូរមិនអស់ឡើយ ហើយឈាមនេះនឹងធ្វើឱ្យលិចលង់ជនអប្រិយទុរយសដែលមានគំនិតបំផ្លាញជាតិ បំផ្លាញប្រជាពលរដ្ឋខ្មែរ ដោយការទទួលរងនូវបាបកម្មដែលពួកគេបានសាងលើជាតិមាតុភូមិកម្ពុជាដ៏កម្សត់នេះ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗនៅវេលាម៉ោងប្រមាណ ៩ព្រឹកនៅក្នុងហាងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ត្រង់ចំណុចស្តុបបូកគោខណ្ឌចំការមន រាជធានីភ្នំពេញ។ ឃាតកម្មនេះកើតឡើងពីរថ្ងៃក្រោយពីបណ្ឌិត កែម ឡី បានលាតត្រដាងផែនការលក់ជាតិ និងការគ្រប់គ្រងជំនួញក្នុងប្រទេសកម្ពុជាស្ទើរតែទាំងអស់ដែលមានទឹកប្រាក់រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិករបស់បក្ខពួកក្រុមគ្រួសារត្រកូល «ហ៊ុន» តាមរបាយការណ៍អង្គការ គ្លប៊ល វីនេស (global witness)។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន មិនបានចាប់ឃាតករពិតមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ ខណៈឃាតករដែលអាជ្ញាធរចាប់ឃុំខ្លួនឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ក្នុងព្រឹត្តិការណ៍នៃការបាញ់សម្លាប់នោះ ត្រូវគេដឹងថាគ្រាន់តែជាឃាតករសិប្បនិមិត្តដែលគេបានរៀបចំទុកប៉ុណ្ណោះ។
នៅថ្ងៃខួប ៧ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រុមអង្គការសង្គមស៊ីវិល អ្នកវិភាគ អ្នកឃ្លាំមើលសង្គម ក្រុមអ្នកតស៊ូមតិ និងយុវជនបរិស្ថាន ជាដើម នាំគ្នាធ្វើពិធីរំលឹកព្រឹត្តិការណ៍ដែលលោកត្រូវគេបាញ់សម្លាប់ និងនាំគ្នាចេញទស្សនៈ គំនិត ជុំវិញករណីនៃឃាតកម្មនេះព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក។

ក្នុងនោះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា អ្នកដែលបានសម្លាប់បណ្ឌិត កែម ឡី និងអ្នកពាក់ព័ន្ធផ្សេងទៀត ពួកគេកំពុងរស់នៅក្នុងស្រមោលអន្ទោលតាមប្រាណជាប់ដិតដាមទៅដោយអំពើខ្មៅកខ្វក់មិនអាចលាងជម្រះពេញមួយជីវិត។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ពិតមែនតែបណ្ឌិត កែម ឡី ត្រូវបានគេបាញ់សម្លាប់អស់រយៈពេល ៧ឆ្នាំហើយក៏ដោយ ប៉ុន្តែវីរភាពរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សេរីភាព ស្រឡាញ់យុត្តិធម៌គ្រប់ៗរូបជានិច្ច។
ចំណែកនាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា លើកឡើងដែរថា រយៈពេល ៧ឆ្នាំនៃការឃ្លាតឆ្ងាយពីបណ្ឌិត កែម ឡី មិនមែនតិចតួចទេ ប៉ុន្តែដោយសារវីរភាពដើម្បីជាតិមាតុភូមិ បណ្ឌិត កែម ឡី នៅតែឋិតនៅក្នុងការចងចាំ និងស្ថិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជានិច្ច។
ដោយឡែកអ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីឃាតកម្មបណ្ឌិត កែម ឡី ឡើងវិញ ដើម្បីឱ្យប្រាកដថា តើជាការពិតដែរទេដែលអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី គឺឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហ៊ានផ្តាច់ជីវិតរបស់លោកក្រោមហេតុផលជំពាក់លុយ ៣ពាន់ដុល្លារអាមេរិកនោះ។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា នៅមានចម្ងល់ច្រើនណាស់ដែលពាក់ព័ន្ធនឹងឃាតកម្មនេះ ដូចជាមានភស្តុតាងអ្វីដែលអាចបញ្ជាក់បានថា បណ្ឌិត កែម ឡី បានជំពាក់លុយឃាតករនោះ។ ជាងនេះទៀត អង្គចងចាំជុំវិញករណីឃាតកម្មនោះក៏មិនត្រូវបានបង្ហាញជាសាធារណៈ ការស៊ើបអង្កេតមិនត្រូវបានធ្វើឡើង ដោយគ្រាន់តែមានបុគ្គលម្នាក់អះអាងថាខ្លួនជាឃាតករនោះ។
រហូតមកទល់ពេលនេះមានរយៈពេល ៧ឆ្នាំហើយដែលក្រុមគ្រួសារ និងសាច់ញាតិរបស់បណ្ឌិត កែម ឡី មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ខណៈតុលាការក្រុងភ្នំពេញបានកាត់ទោសឃាតករសិប្បនិមិត្តឲ្យជាប់ទោសអស់មួយជីវិតជំនួសឃាតករពិតទៅហើយនោះ៕