29 C
Phnom Penh

មេដឹកនាំ​រុស្ស៊ី​បុរស​ខ្លាំង ពូទីន ជីក​រណ្ដៅ​កប់​ខ្លួនឯង​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មក​ទល់​នឹង​ពេលនេះ សង្គ្រាម​ដែល​ប្រធានាធិបតី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ដើម្បី​គ្រប់គ្រង​ប្រទេស​អ៊ុយក្រែន ចូល​ដល់ ៥០៣​ថ្ងៃ​ហើយ គឺ​ចូល​ដល់​ខែ​ទី​១៧ ហើយ។

មហា​អំណាច​មួយ​នេះ​មើល​ទៅ​គ្មាន​លទ្ធភាព​ក្នុង​ការ​វាយ​យក​ទឹកដី​អ៊ុយក្រែន បាន​នោះ​ទេ សូម្បីតែ​ផ្នែក​មួយ​នៃ​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ក៏ដោយ​នោះ។ ផ្ទុយទៅវិញ អ៊ុយក្រែន​បែរ​ជា​មាន​ប្រៀប​ក្នុង​ការ​វាយបក​ដើម្បី​ដណ្ដើម​ទឹកដី​ពី​រុស្ស៊ី​មកវិញ។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជាច្រើន​របស់​អង់គ្លេស ដូចជា The News Week ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេលនេះ សង្គ្រាម​ដែល​អ៊ុយក្រែន​វាយបក​ដើម្បី​ដណ្ដើម​ទីតាំង​ពី​កងទ័ព​រុស្ស៊ី​មក​វិញ គឺ​អ៊ុយក្រែន​វាយ​យក​បាន​សមរភូមិ​យ៉ាង​តិច​ជាង ១០ ដោយ​ពង្រីក​ទឹកដី​ជាង ២០០​គីឡូម៉ែត្រ​ក្រឡា។

បើ​និយាយ​ពី​អ៊ុយក្រែន​វាយ​យក​ទឹកដី​ពី​រុស្ស៊ី​មក​វិញ ដែល​ចាប់តាំងពី​អ៊ុយក្រែន មាន​ប្រៀប​ជាង​រុស្ស៊ី ក្រោយពី​រុស្ស៊ី​បាក់​ទ័ព​ផ្ទួនៗ​ចំនួន ៣​ដង សរុប​ទៅ​អ៊ុយក្រែន វាយ​រំដោះ​ទឹកដី​បាន​រហូត​ដល់​ទៅ ១​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា គឺ​លើស ៥០% នៃ​ផ្ទៃដី​ដែល​រុស្ស៊ី​កំពុងតែ​កាន់កាប់។

បើ​តាម​ប្រភព​ចារកម្ម​របស់​អ៊ុយក្រែន និង​អង់គ្លេស ឲ្យ​ដឹង​ថា រុស្ស៊ី​បាត់បង់​ទ័ព​រហូត​ដល់​ទៅ​ជិត ២៤​ម៉ឺន​នាក់ ដែល​លោក ពូទីន បញ្ជា​ឱ្យ​លើក​ទ័ព​នៅ​វគ្គ​ដំបូង គឺ ២៥​ម៉ឺន​នាក់​សំដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ប្រធានាធិបតី​លោក វូឡូឌីមៀ ហ្សេឡេនស្គី ហើយ​វាយ​ចូល​កាន់កាប់​រដ្ឋធានី​គៀវ តែ​មិន​បាន​សម្រេច។

ដំណាក់កាល​ចុងក្រោយ​ទៀត​នេះ រុស្ស៊ី​រើស​ទ័ព​បន្ថែម​ទៀត​រហូត​ដល់ ៣០​ម៉ឺន​នាក់​ឲ្យ​កាន់​អាវុធ​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​ទឹកដី​ពី​អ៊ុយក្រែន មក​វិញ តែ​នៅតែ​រក​ទីតាំង​ណា​មួយ​ឈ្នះ​ពិតប្រាកដ​មិន​ឃើញ​នោះ​ទេ ហើយ​បែរ​ជា​មាន​តែ​បាត់បង់​ទីតាំង​របស់​ខ្លួន​ថែម​ទៀត។

ចំពោះ​ការ​បាត់បង់​សព្វាវុធ​វិញ រុស្ស៊ី​ត្រូវ​បាន​រាយការណ៍​មក​ថា បាត់បង់​រថក្រោះ និង​រថពាសដែក​រហូត​ដល់​ទៅ​ជិត ១​ម៉ឺន ៣​ពាន់​គ្រឿង ហើយ​កាំភ្លើង​ធំ​ជិត ៤៤០០​គ្រឿង ធ្លាក់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ប្រមាណ​ជាង ៦០០​គ្រឿង។ នៅ​មាន​សព្វាវុធ​ផ្សេងៗ​ទៀត គឺ​រុស្ស៊ី​បាត់បង់​រាប់​ពាន់​គ្រឿង។

ចុះ​ហេតុ​អ្វី​បាន​ជា​គេ​ថា​លោក ពូទីន មេដឹកនាំ​រុស្ស៊ី​ដែល​បញ្ជា​ទ័ព​ផ្ដួល​រំលំ​អ៊ុយក្រែន ដូចជា​ការ​ជីក​រណ្ដៅ​កប់​ខ្លួន​ទៅ​វិញ?

ក្រុម​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រុស្ស៊ី​កំពុង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ហើយ​នៅ​ពេលនេះ គឺ​រើ​ខ្លួន​មិន​រួច​ចេញពី​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។

គេ​ថា​មួយ​ដំណាក់កាលៗ​នៃ​សង្គ្រាម​មហា​អំណាច​មួយ​នេះ​កាន់តែ​ចុះ​ខ្សោយ​ទាំង​វិស័យ​យោធា និង​ការទូត រួម​ទាំង​សេដ្ឋកិច្ច​ទៀត​ផង ដែល​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

នៅ​ក្នុង​អំឡុង​នេះ ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ជាពិសេស​គឺ​ប្រទេស​ចិន ដែល​មើល​ឃើញ​អំពី​បរាជ័យ​របស់​រុស្ស៊ី​នៅ​ចំពោះ​មុខ ប្រទេស​នេះ​តែងតែ​ជំរុញ​ប្រទេស​លោក​ខាងលិច​គាបសង្កត់​អ៊ុយក្រែន ឲ្យ​បើក​ទ្វារ​ដើម្បី​បើក​ការ​ចរចា​វិញ តែ​ពួក​បស្ចិម​ប្រទេស និង​អ៊ុយក្រែន​ខ្លួន​គេ​ផ្ទាល់​មិន​ទទួល​យក​ការ​សម្របសម្រួល​ណា​មួយ​ពី​ចិន នោះ​ទេ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រាប់​ប្រេសិត​របស់​ចិន ក៏ដូចជា​អ្នក​សម្របសម្រួល​មកពី​ប្រទេស​អាហ្រ្វិក​ខាងត្បូង ដែល​ថា​ពេលវេលា​នៃ​ការ​ចរចា​បើ​ត្រឹមតែ​ទុក​ពេល​ឲ្យ​រុស្ស៊ី​ពង្រឹង​ទ័ព​វាយ​ពង្រីក​ទឹកដី គឺ​អ៊ុយក្រែន មិន​ស្វាគមន៍​នោះ​ទេ។ លោក​ថា ការ​ចរចា​អាស្រ័យ​ទៅ​លើ​រុស្ស៊ី​ដែល​របប​របស់​លោក ពូទីន ត្រូវ​ដក​ទ័ព​ចេញពី​ទឹកដី​អ៊ុយក្រែន​ទាំងអស់ ហើយ​ទទួលស្គាល់​អធិបតេយ្យភាព​របស់​អ៊ុយក្រែន​ឡើងវិញ រួម​ទាំង​ឧបទ្វីប​គ្រីមៀរ ផង​ដែរ។

នេះ​ហើយ​ដែល​គេ​មើល​ឃើញ​ថា ភាព​ខ្លាំង​របស់​រុស្ស៊ី គឺ​ចប់​ទៅ​ហើយ ដែល​មហា​អំណាច​នេះ​មិន​អាច​ប្រើប្រាស់​ទ័ព​ជើងគោក​មាន​ប្រៀប​ជាង​កងទ័ព​អ៊ុយក្រែន។

បើ​គេ​និយាយ​ពី​សព្វាវុធ​វិញ រុស្ស៊ី​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ​ទៅ​ហើយ​រហូត​ដល់​រុស្ស៊ី​ប្រើប្រាស់​រថក្រោះ​តម្លៃ ១​គ្រឿង​រាប់​សិប​លាន​ដុល្លារ គឺ​ប្រភេទ T-90M ក៏​ត្រូវ​បាន​អ៊ុយក្រែន​បាញ់​ឆេះ​ខ្ទេច​អស់​ដែរ។ មិន​តែប៉ុណ្ណោះ រុស្ស៊ី​រហូត​ដល់​ប្រើ​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ TU-160 និង TU-95 ទៀត​ផង ក៏​គ្មាន​សមត្ថភាព ឬ​មាន​ប្រៀប​ជាង​អ៊ុយក្រែន​នោះ​ដែរ នៅ​ខណៈ​ដែល​អ៊ុយក្រែន​មាន​លទ្ធភាព​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​ទាំងអស់​នោះ​ដែល​បាញ់​ចេញពី​យន្តហោះ ជាមួយ​នឹង​ការ​ប្រើ​ប្រព័ន្ធ​មីស៊ីល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក ដូចជា​ប្រព័ន្ធ​មីស៊ីល Patriot និង Namsam ជាដើម។

នៅ​ពេល​ដែល​អ៊ុយក្រែន​កាន់​តែ​មាន​អាវុធ​ទំនើបៗ​នៅ​ក្នុង​ដៃ​ជា​ជំនួយ​របស់​ពួក​បស្ចិម​ប្រទេស ហើយ​អាវុធ​ទាំងនោះ​ប្រយុទ្ធ​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​សមរភូមិ ដែល​ធ្វើ​ឱ្យ​រុស្ស៊ី​កាន់តែ​ទាល់ច្រក ហើយ​ចុងក្រោយ​នេះ រុស្ស៊ី​ទទូច​ទៅ​ពួក​បស្ចិម​ប្រទេស​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន នៅ​ខណៈ​ដែល​រុស្ស៊ី​បង្ហើប​ថា​ខ្លួន​គេ​ចង់​បើក​ការ​ចរចា​ជាមួយ​អ៊ុយក្រែន​ឡើងវិញ។ មិន​តែប៉ុណ្ណោះ ក្រុង​មូស្គូ ថ្លែង​ថា បើ​ក្រុម​ណាតូ ក្រុម​បស្ចិម​ប្រទេស បញ្ឈប់​ការ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន​ភ្លាម គឺ​រុស្ស៊ី​បញ្ចប់​សង្គ្រាម​ភ្លាម។ នេះ​ជា​ចំណុច​ដែល​រុស្ស៊ី​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក​នៃ​វិស័យ​ការពារ​ជាតិ។

ចំណុច​មួយ​ទៀត​ដែល​រុស្ស៊ី​កំពុងតែ​ដើរ​ដល់​ក្រឡា​ទាល់ច្រក គឺ​តម្លៃ​នៃ​ការទូត​របស់​រុស្ស៊ី បាន​រលត់​បាត់​អស់​ទៅ​ហើយ។ រុស្ស៊ី​បរាជ័យ​គ្រប់​វេទិកា​អន្តរជាតិ​ទាំងអស់ ជាពិសេស​នៅ​ឯ​អង្គការ​សហប្រជាជាតិ ហើយ​រុស្ស៊ី​មិន​ដែល​មាន​ប្រៀប​បន្តិច​ណា​ទេ​លើ​ជម្លោះ​ការទូត​ជាមួយ​នឹង​អ៊ុយក្រែន។

មិន​តែប៉ុណ្ណោះ សម្ព័ន្ធភាព​របស់​រុស្ស៊ី​កាន់តែ​ចុះ​ខ្សោយ​ទៅៗ។ គេ​សង្កេត​ឃើញ​ប្រទេស​ដែល​គាំទ្រ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​តែ ៧​ប្រទេស​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ប្រទេស​ប្រឆាំង​នឹង​រុស្ស៊ី មាន​រហូត​ដល់​ទៅ ១៥០​ប្រទេស។ មិន​តែប៉ុណ្ណោះ រុស្ស៊ី​បាត់បង់​សំឡេង​គាំទ្រ​ពី​មិត្ត​ជិតស្និទ្ធ​ថែម​ទៀត សូម្បីតែ​ចិន នៅ​ឯ​អង្គការ​សហប្រជាជាតិ ក៏​បោះឆ្នោត​អនុប្បវាទ​ផង​ដែរ។ នេះ​ជា​ជ្រុង​មួយ​ដែល​គេ​ថា​រុស្ស៊ី​ជីក​រណ្ដៅ​កប់​ខ្លួនឯង​អំពី​តម្លៃ​ការទូត​នៅ​លើ​ឆាក​អន្តរជាតិ។

បើ​និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម គឺ​រុស្ស៊ី​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ប្រទេស​យ៉ាង​តិច​ជាង ១០០ ដែល​ពួកគេ​លែង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ផ្ទាល់​ជាមួយ​នឹង​រុស្ស៊ី។

យោង​តាម​ធនាគារ​ពិភពលោក ព្យាករ​ថា នៅ​ចុង​ឆ្នាំ​២០២៣ នេះ សេដ្ឋកិច្ច​រុស្ស៊ី​នឹង​ដើរ​លើ​វិថី​មួយ​ដែល​គេ​ហៅថា​ទៅ​រក​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត ព្រោះតែ​ការ​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែល​មាន​សក្ដានុពល​ផ្នែក​វិនិយោគទុន ជាពិសេស​គឺជា​មួយ​ពួក​បស្ចិម​ប្រទេស គឺ​រុស្ស៊ី​បាត់បង់​ទាំងស្រុង នៅ​ខណៈ​ដែល​ទុន​វិនិយោគ​បរទេស​របស់​រុស្ស៊ី​នៅ​ក្រៅ​ប្រទេស​រាប់​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ពួក​បស្ចិម​ប្រទេស និង​សហរដ្ឋ​អាមេរិក​បង្កក និង​រឹបអូស​ទៅ​ឱ្យ​អ៊ុយក្រែន។

ដូចនេះ គេ​អាច​សរុប​ថា ប្រធានាធិបតី​រុស្ស៊ី បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន ដែល​ធ្វើ​ផែនទី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន កំពុង​ដើរ​លើ​វិថី​ទៅ​រក​មរណភាព​ខ្លួនឯង​ទៅវិញ​នោះ​ទេ ហើយ​ចង់​មិន​ចង់ សហព័ន្ធ​រុស្ស៊ី​បច្ចុប្បន្ន​នេះ​នឹង​ដើរ​ជាន់​ដាន​នៃ​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​ឆ្នាំ​១៩៩១ ហើយ​ខាងមុខ​ទៀត​នេះ អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​ណាតូ ទី​៣៣ គឺ​រុស្ស៊ី​ជៀស​ពុំ​រួច​ទេ​ត្រូវ​ធ្លាក់​អនុភាព​វិស័យ​យោធា​ដូច​ការ​ដួល​រលំ​សហភាព​សូវៀត​ដូច្នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស