40 C
Phnom Penh

លោក ហ៊ុន សែន៖ ជំនន់​ទឹកភ្លៀង​នៅ​អាមេរិក​និង​អឺរ៉ុប​អត់​មាន​អ្នក​និយាយ បែរ​នាំគ្នា​វាយប្រហារ​រឿង​ទឹក​លិច​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន បង្ហាញ​ការ​ហួសចិត្ត​ដែល​ពលរដ្ឋ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​នាំគ្នា​រិះគន់​រឿង​ទឹក​លិច​រាជធានី​ភ្នំពេញ។ លោក​លើក​ជា​សំណួរ​ថា នៅ​ពេល​មាន​ជំនន់​ទឹកភ្លៀង​នៅ​អាមេរិក និង​អឺរ៉ុប ហេតុ​អ្វី​មិន​មាន​អ្នក​និយាយ បែរជា​នាំគ្នា​វាយប្រហារ​តែ​រដ្ឋាភិបាល​នៅ​កម្ពុជា​ទៅវិញ?

លោក ហ៊ុន សែន សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាលពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​ភ្ជាប់​ជាមួយ​នឹង​រូប​របស់​លោក​នៅ​ឈរ​កណ្ដាល​ទឹក​ថា ជំនន់​ទឹកភ្លៀង​កំពុង​វាយប្រហារ​យ៉ាង​ខ្លាំង​នៅ​អាមេរិក និង​អឺរ៉ុប ប៉ុន្តែ​បែរជា​អ្នក​អត់​មាន​អ្នក​និយាយ​នោះ​ទេ។ លោក​ថា ចម្លែក​តែ​នៅ​ស្រុក​ខ្មែរ​ភ្លៀង​ធ្លាក់​កម្រិត ១៥៣​មិល្លីម៉ែត្រ​មិន​ធ្លាប់​មាន​សោះ បែរជា​នាំគ្នា​ធ្វើ​ជា​ប្រធានបទ​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅវិញ។

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​មួយ​ម៉ោង​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​កក្កដា បណ្ដាល​ឲ្យ​លិចលង់​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ចំនួន​៥ នៅ​ទីក្រុង​ភ្នំពេញ។

ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​នៅ​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ពលរដ្ឋ និង​សកម្មជន​ការពារ​បរិស្ថាន​អះអាង​ថា បណ្ដាល​មកពី​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​យកចិត្ត​ទុកដាក់​ការពារ​ប្រព័ន្ធ​រំដោះ​ទឹក និង​លុប​បឹង​ធំៗ​ដែល​ជា​ទីតាំង​សម្រាប់​រំដោះ​ទឹក​ចេញពី​ទីក្រុង​អស់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ជាក់ស្ដែង បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក ហ៊ុន សែន កាត់ ឬ​ដោះដូរ​ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋ កូនៗ និង​សាច់ញាតិ​របស់​លោក រួម​ទាំង​ក្រុមហ៊ុន​ឧកញ៉ា​មួយ​ចំនួន​អស់​ជាង ២០០០​ហិកតារ​ហើយ​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ជាដើម ខណៈ​បឹងទំពុន​វិញ រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ជាច្រើន​គ្រឿង​កំពុង​សម្រុក​ចាក់​ដី​លុប​យ៉ាង​សកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស