30 C
Phnom Penh

ថ្នាក់​ដឹកនាំ​និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រមទាំង​អ្នក​វិភាគ​ជាង​១០​នាក់​ត្រូវ​បាន​លុប​ឈ្មោះ​និង​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ពី​២០-២៥​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ សម្រេច​លុប​ឈ្មោះ និង​ដក​សិទ្ធិ​ឈរឈ្មោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រួម​ទាំង​អ្នកវិភាគ​នយោបាយ​ចេញពី​បញ្ជី​បោះឆ្នោត​រយៈពេល​ពី ២០-២៥​ឆ្នាំ។

ក្នុង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ (PEC) ចេញ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​លុប​ឈ្មោះ​លោក សម រង្ស៉ី ចេញពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ចំនួន ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀល ខណៈ​មន្ត្រី​ជាន់ខ្ពស់ រួម​ទាំង​សកម្មជន​ផង​សរុប​ចំនួន ១៣​នាក់។

មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​រួម​មាន​អ្នកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក គង់ សភា និង​សកម្មជន​ជាង ១០​នាក់​ទៀត​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ម្នាក់ ១០​លាន​រៀល។

ក្រៅពី​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ក៏​បាន​លុប​ឈ្មោះ​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ និង​ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក ឆឺយ ឧត្តមរស្មី ចេញពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់ៗ ១០​លាន​រៀល​ផង​ដែរ។

បើ​តាម​សេចក្ដី​សម្រេច​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ អះអាង​ថា ការ​លុប​ឈ្មោះ និង​ដក​សិទ្ធិ​ឈរឈ្មោះ​ថ្នាក់​ដឹកនាំ សកម្មជន​បក្ស​ប្រឆាំង រួម​ទាំង​លោក គឹម សុខ និង​លោក ឆឺយ ឧត្តមរស្មី ក្រោម​លេស​ថា អ្នក​ទាំងអស់​នេះ​ធ្វើ​សកម្មភាព​ណែនាំ និង​ញុះញង់​ឲ្យ​អ្នក​បោះឆ្នោត​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូច​សន្លឹកឆ្នោត។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​បាន​នៅឡើយ ជុំវិញ​វិធានការ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ដែល​បាន​លុប​ឈ្មោះ និង​ដក​សិទ្ធិ​ឈរឈ្មោះ​ពួកគាត់​នោះ។

តែ​យ៉ាងណា​ក៏ដោយ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ថា ការ​គូស​សន្លឹកឆ្នោត​ចោល​មិន​រំលោភ​ច្បាប់​ណា​មួយ​នោះ​ទេ ពីព្រោះ​វា​ជា​កាយវិការ​ដ៏​ត្រឹមត្រូវ​របស់​អ្នក​បោះឆ្នោត​ដែល​មិន​សប្បាយ​ចិត្ត។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន ខ្លួនឯង​ទេ​ដែល​ជា​អ្នក​បំផ្លាញ​ការ​បោះឆ្នោត ដោយ​គាត់​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នេះ​គ្មាន​ន័យ​អ្វី​ទាល់តែសោះ ពីព្រោះ​គាត់​មិន​ឲ្យ​បក្ស​ភ្លើង​ទៀន​ដែល​ជា​គូប្រកួត​ពិតប្រាកដ​ចូលរួម។

លោក សម រង្ស៊ី អះអាង​ថា ការ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​នេះ វា​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន ជា​ឃាតករ​ដែល​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ពិតប្រាកដ។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក​មិន​ស្ដាយ​ចំពោះ​វិធានការ​បំពាន​ច្បាប់​របស់​លោក ហ៊ុន សែន ក្នុង​ការ​លុប​ឈ្មោះ​លោក​ចេញពី​បញ្ជី​បោះឆ្នោត ពីព្រោះ​គោលដៅ​របស់​លោក​មិន​មែន​ដើម្បី​ធ្វើ​តំណាងរាស្ត្រ​នោះ​ទេ។

លោក​បញ្ជាក់​ថា គោលបំណង និង​ឆន្ទៈ​របស់​លោក គឺ​ផ្លាស់ប្ដូរ​អំណាច​ផ្ដាច់ការ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បច្ចុប្បន្ន​ចេញ ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ និង​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ។

លោក គឹម សុខ អះអាង​ថា តួនាទី និង​តំណែង​ជា​តំណាងរាស្ត្រ ឬ​រដ្ឋមន្ត្រី ឬ​មន្ត្រី​នោះ វា​មិន​សំខាន់​សម្រាប់​លោក​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ហើយ​លោក​ចង់​បាន​នោះ គឺ​ការ​ចូលរួម​ចំណែក​ក្នុង​ចលនា​ប្រជាធិបតេយ្យ ពលិកម្ម ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ជាតិ​ឆាប់​ផ្លាស់ប្ដូរ​ទៅ​ជា​រក​ប្រជាធិបតេយ្យ​វិញ​តែប៉ុណ្ណោះ។

ការ​ចាត់​វិធានការ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ក្រោម​បញ្ជា​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់ សកម្មជន​បក្ស​ប្រឆាំង អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​មួយ​ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ធម្មតា ប៉ុន្តែ​គូស​សន្លឹក​ចោល ដោយសារ​គ្មាន​គណបក្ស​ពួកគេ​ពេញ​ចិត្ត និង​ដើម្បី​ប្រឆាំង​អំពើ​អយុត្តិធម៌​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ធ្វើ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នេះ បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​ក៏​បាន​បញ្ជា​ទៅ​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា នេះ ឲ្យ​ចូលរួម​សហការ និង​ជួយ​បង្រៀន​ដល់​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។

ការ​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត​ទៅ​ដល់​ផ្ទះ និង​ដល់​ក្នុង​មុង​របស់​ពលរដ្ឋ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ជា​ការ​ស្ទង់មតិ​ចំពោះ​អ្នកគាំទ្រ ដោយ​លាយឡំ​នឹង​ការ​គំរាមកំហែង​លើ​ពលរដ្ឋ​ផង​ដែរ។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ បណ្ដា​ប្រទេស​លោក​សេរី ក្នុង​នោះ​ប្រទេស​អូស្ត្រាលី អាមេរិក ជប៉ុន និង​បារាំង ជាដើម មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​នោះ​ទេ ខណៈ​គេហទំព័រ ឬ​វេបសាយ​កំណត់ត្រា ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បង្ហាញ​ថា អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា នេះ​ចំនួន ៨០% មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​កាន់​អំណាច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស