37 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​បុរស​ខ្លាំង​ប្រើ​ល្បិច​ឱ្យ​លោក ដួង តារា ស្នើ​យក​ទំព័រ​ហ្វេសប៊ុក​របស់​លោក​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ដួង តារា បាន​ស្នើសុំ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ឱ្យ​ដំណើរការ ឬ Activated ឡើងវិញ​ហើយ​នៅ​ថ្ងៃទី​២០ កក្កដា នេះ បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​នេះ​ត្រូវ​រង​នូវ​ការ​ព្រមាន​ពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក និង​ការ​ប្រកាស​លុប​ចោល​លែង​ប្រើប្រាស់​ជា​ផ្លូវការ​ពី​សំណាក់​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន អស់​រយៈពេល​ជិត ១​ខែ​កន្លង​មក។

អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ដួង តារា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​នឹង​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​២០ កក្កដា នេះ​ថា ការ​បើក​ឱ្យ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន ដំណើរការ ឬ Activated ឡើងវិញ​នៅ​ពេលនេះ ដោយសារតែ​លោក​មិន​ចង់​ឱ្យ​បាត់បង់​នូវ​ទំព័រ​ហ្វេសប៊ុក​ដ៏​មាន​សារសំខាន់​ដែល​លោក​បាន​ប្រើ​រយៈពេល​អស់ ១៣​ឆ្នាំ​ក្នុង​ការ​ផ្សព្វផ្សាយ​សកម្មភាព​របស់​លោក ហ៊ុន សែន កន្លងមក​នោះ​ទេ។

លោក ដួង តារា លើកឡើង​ថា លោក​បាន​សម្រេច​ចិត្ត​ស្នើ​យក​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន មក​ប្រើប្រាស់​ឡើងវិញ និង​ស្នើសុំ​រក្សា​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​ទុក​បន្ត​ប្រើ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ទៅ​ថ្ងៃ​មុខ ទោះបី​លោក ហ៊ុន សែន មិន​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​ទៅ​ថ្ងៃ​ក្រោយ​ក៏ដោយ។

អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១០ មុន​លោក​ចូល​បម្រើ​ការងារ​ឱ្យ​លោក ហ៊ុន សែន លោក​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា “Samdech Hun Sen, Cambodian Prime Minister” ដើម្បី​ទុក​ជូន​គាត់​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​ចាប់តាំងពី​ពេល​នោះ​មក ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ទាក់ទង​ជាមួយ​លោក ហ៊ុន សែន។

លោក ដួង តារា បញ្ជាក់​ថា ដោយសារតែ​លោក​បាន​ឃើញ​អំពី​សារសំខាន់​នៃ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​បែប​នេះ​ហើយ ទើប​លោក​មិន​ចង់​ឱ្យ​បាត់បង់​នូវ​ទំព័រ​ហ្វេសប៊ុក​ដ៏​មាន​សារសំខាន់​មួយ​នេះ​ដោយ​ប្រការ​ណា​មួយ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ ឬ Activated ឡើងវិញ​នៅ​ថ្ងៃទី​២០ កក្កដា នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​លុប​ចោល​លែង​ប្រើប្រាស់​កាលពី​ចុង​ខែ​មិថុនា កន្លងទៅ។

ជុំវិញ​ការ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ ក៏​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​រៀងៗ​ខ្លួន ដោយ​ការ​រិះគន់​ផង និង​គាំទ្រ​ផង​ដែរ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ជាក់ស្តែង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ាង សុខឿន បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​នៃ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ដែល​ទើប​នឹង​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​ជឿ​ថា​លោក ដួង តារា ស្នើ​ឱ្យ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ឡើងវិញ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​លោក ហ៊ុន សែន នោះ​ទេ។

លោក​បាន​ចោទ​សួរ​ទៅ​កាន់​លោក ហ៊ុន សែន ថា តើ​មកពី​ខ្លាច​ខ្មាស​គេ​មែន​ទេ បាន​ជា​ប្រើ​ឱ្យ​លោក ដួង តារា ធ្វើ​ល្បិចកល​និយាយ​បែប​នេះ?

យ៉ាងណា​ក៏ដោយ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា បណ្ឌិត គិន ភា សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​របស់​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​នឹង​ដំណើរការ​ឡើងវិញ​នោះ​ថា លោក​នៅតែ​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​នេះ​ឡើងវិញ ព្រោះ​ទំព័រ​ហ្វេសប៊ុក​នេះ​មាន​សារប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច សង្គម អប់រំ និង​ទំនាក់ទំនង ជាពិសេស​អ្វីៗ​ដែល​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លងមក។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន បាន​ប្រកាស​លុប​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​ផ្លូវការ បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​ត្រូវ​រង​នូវ​ការ​ពិន័យ​ពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក​ដែល​នឹង​ត្រូវ​ព្យួរ​រយៈពេល ៦​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ តទៅ។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ត្រូវ​រង​នូវ​ការ​ព្រមាន មេដឹកនាំ​ខ្មែរ​ក្តោប​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣ ក៏​បាន​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ចំនួន ២២​នាក់​ផង​ដែរ ក្រោម​លេស​ថា ក្រុមហ៊ុន​ហ្វេសប៊ុក គឺ​មាន​ចេតនា​រារាំង​សេរីភាព​សារព័ត៌មាន​របស់​ពលរដ្ឋ​ខ្មែរ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពិត​ពី​ថ្នាក់​ដឹកនាំ​ដែល​ពួកគេ​គាំទ្រ និង​ពេញចិត្ត។

លោក ហ៊ុន សែន ចំអក​ថា តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ទាំង ២២​នាក់​នោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្រុក​ខ្មែរ​អស់​មួយ​ជីវិត ហើយ​នេះ​គឺជា​លទ្ធផល​ដែល​ពួកគេ​បង្ក​ឡើង​តាមរយៈ​នយោបាយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន ជា​មនុស្ស​ញៀន​នឹង​ហ្វេសប៊ុក លោក​មិន​អាច​រស់នៅ​ដោយ​គ្មាន​ហ្វេសប៊ុក​លេង​នឹង​គេ​បាន​ទេ ប៉ុន្តែ​ដើម្បី​លុប​ចោល​សម្ដី​ដែល​ខ្លួន​បាន​ប្រកាស​ឈប់​ប្រើ​ហ្វេសប៊ុក គាត់​មាន​តែ​រក​ល្បិច​ឱ្យ​លោក ដួង តារា ស្នើ​យក​ទំព័រ​ហ្វេសប៊ុក​នេះ​មក​វិញ​ដូច​ដែល​លោក ដួង តារា បាន​អះអាង​ខាងលើ​នេះ​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា មិន​យូរ​ទេ លោក ហ៊ុន សែន នឹង​ប្រើ​ទំព័រ​ហ្វេសប៊ុក​នេះ​វិញ ដោយ​យក​ពលរដ្ឋ​ជា​លេស ឬ​ប្រើ​ល្បិច​ដូច​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បាន​ប្រកាស​លុប​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ចោល ហើយ​ប្រកាស​ប្រើ​វិញ​ក្រោម​ហេតុផល​ថា បញ្ឈឺ​ចិត្ត​ក្រុម​ប្រឆាំង​ដែល​ជំរុញ​ឱ្យ​គាត់​លុប​ទំព័រ​ហ្វេសប៊ុក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស