32 C
Phnom Penh

លោក សម រង្ស៊ី បង្ហាញ​ភស្តុតាង​បញ្ជាក់​ថា គ.ជ.ប លួច​បន្លំ​សន្លឹកឆ្នោត​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លាតត្រដាង​នូវ​លិខិត​របាយការណ៍​សម្រាប់​បម្រើ​ការ​ឱ្យ​ការ​បោះឆ្នោត​ទម្រង់ ១១/០២ ថា​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​អាច​បញ្ជាក់​ថា សន្លឹកឆ្នោត​ជាច្រើន​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង ២​ម៉ឺន​កន្លែង​នៅ​ទូទាំង​ប្រទេស សុទ្ធតែ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លួច​បន្លំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ទម្លាយ​នូវ​ទម្រង់​បែបបទ ១១/០២ សម្រាប់​បម្រើ​ការ​ឱ្យ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា កន្លង​ទៅ​នេះ​ថា នៅ​ក្នុង​របាយការណ៍​ដែល​បាន​កត់ត្រា​អំពី​សន្លឹកឆ្នោត​នៅ​លើ​លិខិត​នេះ​មិន​មាន​ការ​កត់ត្រា​បែងចែក​សន្លឹកឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ​នោះ​ទេ គឺ​កត់ត្រា​តែ​ចំនួន​សន្លឹកឆ្នោត​សរុប​តែប៉ុណ្ណោះ។

លោក សម រង្ស៊ី ចោទ​ថា ផ្អែក​តាម​ការ​កត់ត្រា​លើ​ទម្រង់​របាយការណ៍ ១១/០២ នេះ បង្ហាញ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពិត​ជា​បាន​លួច​បន្លំ​សន្លឹកឆ្នោត​តាម​អំពើ​ចិត្ត​ក្នុង​បំណង​បំប៉ោង​តួលេខ​សន្លឹកឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ពិតប្រាកដ ដើម្បី​កាត់បន្ថយ​ចំនួន​សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​គូស​ខ្វែង​ចោល​នៅ​ថ្ងៃ​បោះឆ្នោត​នោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​នៅ​លើ​ពិភពលោក មិន​អាច​ទទួលយក​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នៅ​កម្ពុជា​នេះ​បាន​ទេ ព្រោះ​គេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ដោយសារតែ​លោក ហ៊ុន សែន បាន​រៀបចំ​ឱ្យ​មាន​ការ​លួច​បន្លំ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ និង​គណបក្ស​នយោបាយ​ដែល​ពួកគេ​ស្រឡាញ់​ពេញចិត្ត។

កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ លោក សម រង្ស៊ី បាន​បង្ហោះ​ទម្រង់​លិខិត ១១/០២ នៃ​ការិយាល័យ​បោះឆ្នោត​ចំនួន​៣ ក្នុង​ខេត្ត​កណ្តាល រួម​មាន​ការិយាល័យ​លេខ ១៥.៨៨ ការិយាល័យ​លេខ ១៥.៨៤ និង​ការិយាល័យ​លេខ ១៥.៩៦ ជាដើម សម្រាប់​បម្រើ​ការ​ឱ្យ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ ដែល​បង្ហាញ​ថា ការិយាល័យ​ទាំងនោះ​មិន​បាន​កត់ត្រា​ចំនួន​សន្លឹកឆ្នោត​របស់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ទាំងនោះ​ទេ គ្រាន់តែ​កត់ត្រា​នូវ​ចំនួន​សន្លឹកឆ្នោត​សរុប​ប៉ុណ្ណោះ ដែល​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា សន្លឹកឆ្នោត​ទាំងនោះ​ត្រូវ​បាន​គេ​លួច​បន្លំ។

ទាក់ទិន​នឹង​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០២៣ នេះ សារព័ត៌មាន​បរទេស​ដែល​មាន​ឈ្មោះ​ថា NIKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ កក្កដា នេះ​ថា ការ​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា កន្លងទៅ គឺជា​ដំណើរការ​មួយ​ដែល​នៅ​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ខ្លាំង ដោយសារតែ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​ត្រូវ​បាន​ដកហូត​សិទ្ធិ​មិន​ឱ្យ​ចូលរួម ដូច្នេះ​ដំណើរការ​ទាំងមូល​ជុំវិញ​ការ​បោះឆ្នោត​នេះ​គ្មាន​អ្វី​ក្រៅពី​ការ​រំលោភ​អំណាច​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ។

សារព័ត៌មាន​បរទេស​ខាងលើ​លើកឡើង​ថា ការ​បង្ក្រាប​ឥត​ឈប់​ឈរ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើ​គូប្រជែង​នយោបាយ ត្រូវ​បាន​គេ​យល់​ថា​ជា​ការ​ខិតខំ​ឱ្យ​គ្រួសារ​របស់​គាត់​អាច​បន្ត​កាន់​អំណាច​ទៅ​ថ្ងៃ​មុខ ហើយ​បើ​ផ្អែក​តាមរយៈ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ ដោយ​គិត​តាំងពី​កម្ពុជា​មាន​ការ​បោះឆ្នោត​សកល​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣ មក កម្ពុជា​នៅតែ​មិន​ទាន់​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៩១ នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស