35 C
Phnom Penh

លោក​មេធាវី ជូង ជូងី ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​មេធាវី​កម្ពុជា​លោក ជូង ជូងី សម្រេច​ដាក់​ពាក្យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើងវិញ ស្រប​ពេល​ដែល​កូនក្ដី​របស់​លោក​កំពុង​មាន​បញ្ហា​សុខភាព​ជាច្រើន​មុខ ដើម្បី​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ។

លោក ជូង ជូងី បាន​ដាក់​ពាក្យ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​២៧ កក្កដា នេះ ដោយ​ស្នើ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ពី​មន្ទីរ​ឃុំឃាំង​ដើម្បី​ឱ្យ​លោក​មាន​សេរីភាព​ឡើងវិញ ព្រោះ​ថា​តាម​គោលការណ៍​ច្បាប់ នៅ​ពេល​ដែល​មិនទាន់​មាន​សាលក្រម​ស្ថាពរ​ណា​មួយ​សម្រេច​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ទេ នោះ​កូនក្ដី​របស់​លោក​នៅតែ​ជា​ជន​គ្មាន​ទោស​ដដែល។

លោក ជូង ជូងី លើកឡើង​ថា ចាប់តាំងពី​លោក ថាច់ សេដ្ឋា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​មក ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​ស៊ើបសួរ​អស់​ហើយ ដូច្នេះ​នីតិវិធី​ក្នុង​រឿងក្ដី​នេះ​គឺ​នៅ​សល់​តែ​សវនាការ​វិនិច្ឆ័យ​សេចក្តី​តែប៉ុណ្ណោះ ដូចនេះ​មិន​មាន​ភាព​ចាំបាច់​ត្រូវ​រក្សា​លោក ថាច់ សេដ្ឋា ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ទៀត​ទេ។

មេធាវី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា អំឡុង​ពេល​ដែល​លោក ថាច់ សេដ្ឋា កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាការ​នៅ​ពេលនេះ គាត់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​ប្រភេទ ដូចជា​ខ្លាញ់​រុំ​បេះដូង លើស​ឈាម ឡើង​ជាតិ​ស្ករ ឡើង​ជាតិ​អាស៊ីត ដែល​ត្រូវការ​ការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត​ជា​ប្រចាំ ហើយ​បញ្ហា​សុខភាព​ទាំងនេះ​ក៏​មិន​អាច​ឱ្យ​លោក​រត់​គេច​ខ្លួន​ពី​ប្រព័ន្ធ​ច្បាប់​បាន​ដែរ។

ការ​ស្នើសុំ​តុលាការ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​កំពុង​ញាំញី​ដោយ​ជំងឺ​អំឡុង​ពេល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ដែល​ធ្វើ​ឱ្យ​សុខភាព​របស់​លោក​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជា​លំដាប់។

កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​សម្រេច​ប្រគល់​សិទ្ធិ​ជូន​សមាជិក​គណៈមេធាវី​កម្ពុជា​លោក ជូង ជូងី ឱ្យ​រៀបចំ​ដាក់​ពាក្យ​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​ឱ្យ​ដោះលែង​រូបលោក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​នីតិវិធី​ច្បាប់។

កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នូវ​បទល្មើស​ចំនួន​ពីរ​បន្ថែម​ទៀត គឺ​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» បន្ថែម​ពី​លើ​សំណុំរឿង​ចាស់​ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចេញ​សែក​ស្អុយ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​សវនាការ​ដែល​តុលាការ​ដេញដោល​លើ​បទ​ចោទ​ថ្មី​នេះ អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​ស្នើ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​ទម្លាក់​បទ​ចោទ​ទាំងនេះ ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​នេះ ត្រូវ​បាន​តុលាការ​អះអាង​ថា ធ្វើឡើង​ជុំវិញ​ការ​លើកឡើង​របស់​លោក ថាច់ សេដ្ឋា អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​បេសកកម្ម​ជួប​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន កាលពី​ចុង​ឆ្នាំ​២០២២ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ដើម​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ លោក ថាច់ សេដ្ឋា ធ្លាប់​បាន​លើកឡើង​នៅ​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង ថា ប្រទេស​ដែល​ដឹកនាំ​ដដែល​យូរ​ឆ្នាំ​មិន​បាន​ធ្វើ​ឱ្យ​ជាតិ​រីកចម្រើន​ឡើយ។ ជាង​នេះ​ទៀត លោក​ក៏​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី និង​កែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ផង​ដែរ។

គិត​មក​ទល់​នឹង​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ លោក ថាច់ សេដ្ឋា ត្រូវ​បាន​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស (ម​១) អស់​រយៈពេល ១៩៣​ថ្ងៃ ឬ​ជាង ៦​ខែ​ហើយ ប៉ុន្តែ​ប្រសិនបើ​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក​លើ​សំណុំរឿង​ថ្មី​នេះ នោះ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​នឹង​ត្រូវ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ០៦​ខែ​ទៅ ២​ឆ្នាំ​ឯណោះ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ថាច់ សេដ្ឋា បាន​ប្ដេជ្ញា​ថា លោក​នៅតែ​បន្ត​ឆន្ទៈ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដដែល ទោះ​ត្រូវ​ស្ថិត​ក្នុង​កាលៈទេសៈ​ដូច​ពេលនេះ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស