39 C
Phnom Penh

សាលា​ឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​បណ្តឹង​សុំ​ដោះលែង​របស់​មេធាវី​លោក ថាច់ សេដ្ឋា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា បដិសេធ​បណ្តឹង​សុំ​ដោះលែង​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចេញ​សែក​អត់​ប្រាក់។

ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បើក​សវនាការ​បណ្ដឹង​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា ដែល​ស្នើសុំ​ដោះលែង​កូនក្ដី​នា​រសៀល​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣។

មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​បក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី លើកឡើង​ថា លោក​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនក្ដី បន្ទាប់ពី​សម្រេច​បដិសេធ​ដោះលែង​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​នេះ។

ភរិយា​របស់​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ចាត់ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ថា​ជា​រឿង​នយោបាយ ដោយ​កន្លងទៅ គ្រួសារ​លោកស្រី​បាន​អះអាង​នៅ​ចំពោះ​មុខ​ចៅក្រម​ដោយ​សុខចិត្ត​តម្កល់​ប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ ប្រសិនបើ​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ ប៉ុន្តែ​តុលាការ​នៅតែ​មិន​ព្រម។ លោកស្រី​ហៅ​ការ​សម្រេច​របស់​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​របស់​គាត់។

កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ក្នុង​សំណុំរឿង​ចេញ​សែក​ស្អុយ​ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន រិនឆាយ ផនសប។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន រិនឆាយ ផនសប នេះ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្លូវការ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម កាលពី​ខែ​តុលា ឆ្នាំ​២០១៥។ ម្ចាស់​ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​កាន់កាប់​ក្រុមហ៊ុន រិនឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Dynith Commercial ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ថែម​ទៀត។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០១៤។

សព្វថ្ងៃ ក្រុមហ៊ុន Dynith Commercial នេះ​គ្រប់គ្រង​ដោយ​អ្នកស្រី ឌី សុខឃី ជា​កូនស្រី​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ហុក ឡង់ឌី ហើយ​ក៏​ត្រូវ​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន។

លោក ថាច់ សេដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ក្រោយពី​តុលាការ​ភ្នំពេញ​ចោទប្រកាន់​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន រិនឆាយ ផនសប។

គិត​ចាប់តាំងពី​ខែ​មករា ដល់​ខែ​កញ្ញា នេះ លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ​រយៈពេល​ជាង ៨​ខែ​ហើយ ខណៈ​លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍» បន្ថែម​ទៀត​ដែរ បន្ទាប់ពី​លោក​និយាយ​អំពី​នយោបាយ និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ដើម​ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស