39 C
Phnom Penh

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ផ្ដល់​តំណែង​ដល់​មេដឹកនាំ​បក្ស​តូចៗ​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ផ្តល់​តំណែង​ដល់​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​មន្ត្រី​រដ្ឋាភិបាល​បន្ត​ទៀត​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បន្ទាប់ពី​មេដឹកនាំ​បក្ស​នយោបាយ​ទាំងនោះ​បារម្ភ​ពី​ការ​បាត់បង់​តំណែង​របស់​ខ្លួន​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ក្រោយ​នេះ។

លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​មួយ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ថា បន្ទាប់ពី​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​តំណែង​ជា​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក្រោយ​ការ​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​ត្រូវតែ​ប្រកាស​ទុក​មុន​ឱ្យ​ហើយ​ថា ពួកគេ​នៅតែ​ត្រូវ​បាន​តែងតាំង​ឱ្យ​បន្ត​តំណែង​របស់​ខ្លួន​ដដែល​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត ចំណែក​គណបក្ស​ដែល​មិន​បាន​ចូលរួម​ការ​បោះឆ្នោត គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​នាយករដ្ឋមន្ត្រី​ថ្មី។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​បន្ត​សុពលភាព​ដល់​មេដឹកនាំ​នយោបាយ​ទាំងនោះ ដោយសារ​តែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ចូលរួម​ក្នុង​ការ​កសាង​សង្គម​ជាតិ​ទៅ​ថ្ងៃ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​រក្សា​តំណែង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​លោក​ធ្លាប់​បាន​តែងតាំង​ទាំងអស់​កាលពី​ពេល​ថ្មីៗ​នេះ អំឡុង​ពេល​ដែល​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ប្រកាស​ទុក​តំណែង​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ស៊ីវិល និង​យោធា ឱ្យ​រក្សា​នៅ​ដដែល ក្នុង​នោះ​មន្ត្រី​នយោបាយ ដូចជា​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ ជាដើម ក៏​ត្រូវ​រក្សា​តំណែង​ទុក​ដដែល​ដែរ ប៉ុន្តែ​សម្រាប់​អ្នក​មាន​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ត្រូវតែ​ជ្រើសរើស​តំណែង​តែ​មួយ​ប៉ុណ្ណោះ ព្រោះ​អ្នក​ខ្លះ​មាន​តំណែង​ជា​រដ្ឋលេខាធិការ​ផង និង​មាន​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ផង​ដែរ។

យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​អគ្គនាយក​ពន្ធដារ និង​អគ្គនាយក​គយ ត្រូវ​បាន​រក្សា​តំណែង​ទាំង​ពីរ​ដដែល គឺ​តំណែង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ផង និង​តំណែង​ជា​អគ្គនាយក​ផង ព្រោះ​ថា​ពួកគេ​ត្រូវ​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ផង និង​ត្រូវ​ធ្វើការ​ជាមួយ​នាយករដ្ឋមន្ត្រី​ផង​ដែរ ដែល​ត្រូវ​រាយការណ៍​ដោយ​ផ្ទាល់​ពី​ថវិកា​ប្រចាំ​ថ្ងៃ និង​ប្រចាំ​ខែ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ការ​ប្រកាស​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ពី​សំណាក់​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ក្នុង​អន្តរកាល​នៅ​ពេលនេះ គឺជា​ទង្វើ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ មាន​តែ​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​កើតឡើង​ពី​ការ​បោះឆ្នោត​ដោយ​ស្រប​ច្បាប់​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ផ្គូផ្គង​សមាជិក​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី ដើម្បី​ស្នើសុំ​ការ​យល់ព្រម​ពី​រដ្ឋសភា។

លោក គឹម សុខ ត្អូញត្អែរ​ថា បើ​សរុប​អំពី​ដំណើរការ​ទាំងមូល​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​ត្រៀម​ផ្ទេរ​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត នា​ពេល​ខាងមុខ​នេះ ទោះ​លោក ហ៊ុន ម៉ាណែត តែងតាំង​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​ក៏​នៅតែ​ខុស​ច្បាប់​ដែរ ព្រោះ​ពួកគេ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​រួច​ទៅ​ហើយ ដូច្នេះ​រដ្ឋាភិបាល​ដែល​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​កងកម្លាំង​ឧទ្ទាម​ដែល​គ្រប់គ្រង និង​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន​តែប៉ុណ្ណោះ មិនមែន​ជា​រដ្ឋាភិបាល​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​នោះ​ទេ។

ក្រោយ​ការ​ប្រកាស​ផ្ទេរ​តំណែង​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត និង​ការ​ប្រកាស​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​ពី​សំណាក់​លោក ហ៊ុន សែន មាន​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​លើកឡើង​ថា ពួកគេ​ចង់​បាន​នាយករដ្ឋមន្ត្រី​បន្ត​វេន មិនមែន​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស