28.7 C
Phnom Penh

កម្ពុជា​ទំនង​ស្ថាបនា​រួច​ហើយ​ប៉ម​ទឹក​ជ្រៅ​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​របស់​ជប៉ុន Asia Times បាន​ចុះផ្សាយ​នូវ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​សមុទ្រ​រាម​កម្ពុជា ដែល​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន ដែល​ថា​ការ​ស្ថាបនា​ប៉ម​ទឹក​ជ្រៅ​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​ចិន សង្ស័យ​ថា​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ហើយ។

បើ​ដូច​ដូច្នេះ​មែន កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ទី​ពីរ​ដែល​មាន​មូលដ្ឋាន​ទ័ព​ចិន បន្ទាប់ពី​ប្រទេស Djibouti នៅ​ទ្វីប​អាហ្វ្រិក។

កាលពី​ពេល​ថ្មីៗ​នេះ កាសែត​ជប៉ុន Nikkei Review បាន​ឱ្យ​ដឹង​ថា មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា​ដែល​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​សង្ស័យ​ថា​ស្ថាបនា​ដើម្បី​កងទ័ព​ចិន នៅ​ពេលនេះ​ជិត​រួចរាល់​ហើយ។

យោង​តាម​ការ​បញ្ចេញ​រូបភាព​ដោយ​ផ្កាយរណប ហើយ​ចាប់​បាន​ដោយ​ក្រុមហ៊ុន​ផ្កាយរណប​អាមេរិក BlackSky បាន​បង្ហាញ​ពី​រូបភាព​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា និង​ប៉ម​របស់​វា​ក៏​ស្ថាបនា​ជិត​រួចរាល់​ហើយ​ដែរ។ វា​មាន​ទម្រង់​ដូចជា​ប៉ម​យាម​របស់​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នៅ​ប្រទេស Djibouti ក្នុង​ទ្វីប​អាហ្វ្រិក​ដែរ។

សម្រាប់​កម្ពុជា ជា​ប្រទេស​ទី​មួយ​នៅ​អាស៊ី​ដែល​ផ្ដល់​ឱ្យ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​នៃ​ប្រទេស​មហាអំណាច​នេះ​នៅ​កម្ពុជា។

កាលពី​ខែ​មេសា Asia Times បាន​រាយការណ៍​ថា សំណង់​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​ក៏​ជា​មជ្ឈមណ្ឌល​ការពារ​ដែនអាកាស​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​រ៉ាដា។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រគល់​ដី ១៥៧​ហិកតារ និង​បន្ថែម ៣០​ហិកតារ​ទៀត​សម្រាប់​ស្ថាបនា​មូលដ្ឋាន​ទ័ព​ចិន។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​និយាយ​ថា ការ​ស្ថាបនា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា​នេះ មិនមែន​ជា​ជំនួយ​ផ្ដាច់មុខ​របស់​ចិន​នោះ​ទេ ហើយ​វា​ក៏​មិន​អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​របស់​ចិន​ផ្ដាច់មុខ​នោះ​ដែរ។

ប៉ុន្តែ​គេ​ដឹង​ថា ចិន​ពង្រីក​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ចិន​ពង្រឹង​អំណាច​យោ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដែល​ចិន​មាន​ជម្លោះ​ដែនទឹក​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែល​មាន​វៀតណាម​ជាប់​នឹង​ប្រទេស​កម្ពុជា​មួយ​ដែរ។

Asia Times បាន​ឱ្យ​ដឹង​ថា កំពង់ផែ​ទឹក​ជ្រៅ​នេះ​អាច​ផ្ដល់​ឱ្យ​នាវា​ធំៗ​ដូចជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​ចិន ក៏​អាច​ចូល​ចត​បាន​ដែរ។ តែ​ជាមួយ​គ្នា មន្ត្រី​កម្ពុជា​អះអាង​ថា ចិន​មាន​គម្រោង​របស់​ខ្លួន​ពិត​មែន​នៅ​សមុទ្រ​រាម ប៉ុន្តែ​ចិន​មិន​មាន​សិទ្ធិ​ទូលំទូលាយ​ពេក​នោះ​ទេ។

កាសែត Nikkei Review បន្ត​ថា ការ​ស្ថាបនា​ប៉ម​នៅ​សមុទ្រ​រាម​មាន​ភាព​ជឿនលឿន​ខ្លាំង ដែល​បាន​ចាប់ផ្ដើម​តាំងពី​ខែ​កក្កដា ឆ្នាំ​២០២២ ហើយ​រហូត​មក​ទល់​ពេលនេះ​គឺ​រយៈពេល​មួយ​ឆ្នាំ​គត់​ដែល​បាន​ស្ថាបនា។

ប៉ម​នៅ​សមុទ្រ​រាម​នេះ​មាន​បណ្ដោយ ៣៣៥​ម៉ែត្រ គឺ​ដូច​នឹង​ប៉ម​សមុទ្រ​ទឹក​ជ្រៅ​នៅ​ប្រទេស Djibouti ដែល​ទ័ព​របស់​ចិន​បាន​កំពុង​ប្រើប្រាស់​វា​ទៅ​ហើយ។

តាម​កាសែត Nikkei Review មាន​ការ​ប្រឆាំង​ពី​សំណាក់​អាមេរិក ដែល​មើល​ឃើញ​ចិន​អាច​គំរាម​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន បើ​ចិន​មាន​ទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា ព្រោះ​ជា​មធ្យោបាយ​មួយ​ដែល​ចិន​ពង្រីក​អានុភាព​យោធា​ក្នុង​តំបន់ ខណៈ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងតែ​ឡើង​កម្ដៅ។

ដោយសារតែ​បារម្ភ​ពី​វត្តមាន​ទ័ព​របស់​ចិន​នៅ​កម្ពុជា អាមេរិក​តែងតែ​ជជីក​សួរ​កម្ពុជា​រហូត​មាន​ការ​សួរនាំ​ទៅ​កាន់​លោក ហ៊ុន សែន ផ្ទាល់​ផង​ដែរ​អំពី​ការ​ស្ថាបនា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។

ទាំង​មន្ត្រី​ជាន់​ទាប និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា យោង​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ទ័ព​បរទេស​ណា​មួយ​មាន​នៅ​លើ​ទឹកដី​កម្ពុជា​ជា​អចិន្ត្រៃយ៍​នោះ​ទេ។ មន្ត្រី​កម្ពុជា​អះអាង​ថា វត្តមាន​របស់​ទ័ព​ចិន​ដែល​មក​កម្ពុជា​ម្ដងម្កាល គឺ​មក​ពង្រឹង​សមត្ថភាព​របស់​ទ័ព​កម្ពុជា​ផង​ដែរ។

ជាមួយ​គ្នា​នេះ ASIA TIMES បាន​ចុះផ្សាយ​ថា ចិន​កំពុងតែ​រៀបចំ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​លើ​ទឹកដី​ភូមា ដែល​ភូមា​ធ្លាក់​ក្នុង​របប​សឹក ហើយ​ប្រទេស​នេះ​មាន​សមុទ្រ​របស់​ខ្លួន​មួយ​ឈ្មោះ​ថា អាន់ដាម៉ាន។

សមុទ្រ​នេះ​វា​តភ្ជាប់​ដល់​ច្រក​សមុទ្រ​ម៉ាឡាកា នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​មើល​ទៅ​ចិន​អាច​ហ៊ុមព័ទ្ធ​នាវាចរ​របស់​ប្រទេស​ណា​ទាំងអស់​ក៏​បាន​ដែរ ឲ្យ​តែ​ឆ្ពោះ​ទៅ​ឈូង​សមុទ្រ​ថៃ ឬ​ទៅ​ច្រក​សមុទ្រ​ម៉ាឡាកា នៃ​ប្រទេស​ម៉ាឡេស៊ី។

កាលពី​ខែ​សីហា ASIA TIMES បាន​ឲ្យ​ដឹង​ថា កោះ​មួយ​របស់​ភូមា​កំពុងតែ​រៀបចំ​ឲ្យ​ទៅ​ជា​មូលដ្ឋាន​ទ័ព​របស់​ចិន ហើយ​ទីតាំង​នោះ​វា​អាច​ជា​ផ្លូវ​ចុះចត​របស់​យន្តហោះ​ចម្បាំង​ចិន​ផង​ដែរ។

ចាប់តាំងពី​ឆ្នាំ​២០១៤ មក​នោះ​មាន​ការ​សង្ស័យ​ជាច្រើន​ថា អគារ​ចារកម្ម​របស់​ចិន​មាន​នៅ​សមុទ្រ​អាន់ដាម៉ាន រួម​មាន​នៅ​កោះ Manaung, កោះ Hainggyi, Zadetkyi និង​កោះ Coco Islands ដែល​នៅ​ទីនោះ​មាន​ក្រុម​អ្នក​បច្ចេកទេស​រ៉ាដា​របស់​ចិន​ប្រតិបត្តិការ ហើយ​ក្បែរ​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ភូមា​តែម្ដង។

បើ​និយាយ​ពី​ឆ្នេរ​រាម​កម្ពុជា​វិញ ចិន​អាច​ប្រើប្រាស់​វា​ដើម្បី​ទប់ទល់​វត្តមាន​នាវា​ចម្បាំង​អាមេរិក​នៅ​ច្រក​សមុទ្រ​ម៉ាឡាកា ដែល​តភ្ជាប់​មក​នឹង​ឈូង​សមុទ្រ​ថៃ ហើយ​វា​ធ្លាយ​ដល់​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​ដែល​មាន​ជម្លោះ​តានតឹង​រវាង​ចិន និង​សមាជិក​អាស៊ាន។

យ៉ាងណា កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​នៅ​អាស៊ី​អាគ្នេយ៍​ពឹងផ្អែក​ខ្លាំង​ជាងគេ​ទៅ​លើ​ការ​បន្តក់​ដង្ហើម​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន ហើយ​មិន​តែប៉ុណ្ណោះ ឥឡូវ​នេះ​កម្ពុជា​កំពុងតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពឹងផ្អែក​លើ​ចិន​ដើម្បី​ការពារ​សន្តិសុខ​របស់​ខ្លួន​ក្នុង​ការ​ប្រឈមមុខ​ជាមួយ​ថៃ និង​វៀតណាម។

បើ​និយាយ​ពី​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា និង​វិស័យ​សន្តិសុខ​ជាតិ​កម្ពុជា គឺ​រាជាណាចក្រ​កម្ពុជា​នេះ​មិន​ដែល​អះអាង​ថា​ខ្លួន​គេ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ចិន​នោះ​ទេ។

កម្ពុជា​តែងតែ​អះអាង​ថា គោលនយោបាយ​របស់​ខ្លួន​ប្រែប្រួល​តាម​ស្ថានភាព​ជាក់ស្ដែង​ដែល​គេ​មើល​ឃើញ​ពេល​ខ្លះ​កម្ពុជា​ងាក​បន្តិច​ទៅ​រក​ពួក​បស្ចិម​ប្រទេស ដូចជា​កម្ពុជា​នៅ​ធ្វើជា​ប្រធាន​សមាគម​អាស៊ាន កម្ពុជា​បើក​ចំហ​ទំនាក់ទំនង​មួយ​ប្រាវ​ធំ​ជាមួយ​នឹង​ពួក​បស្ចិម​ប្រទេស ហើយ​ពេល​នោះ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បញ្ចេញ​នយោបាយ​ការបរទេស​របស់​ខ្លួន​ជាមួយ​នឹង​ការ​រុញ​ឲ្យ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក ហ៊ុន សែន ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួក​បស្ចិម​ប្រទេស។ ប៉ុន្តែ​ចុងក្រោយ​បំផុត លោក ហ៊ុន សែន នាំ​លោក ហ៊ុន ម៉ាណែត ទៅ​ទីក្រុង​ប៉េកាំង ដើម្បី​គោរព​ប្រតិបត្តិ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន។

ចំពោះ​រឿង​ភូមា គឺ​លោក ហ៊ុន សែន អួត​ចុះ​អួត​ឡើង​ថា​នឹង​រុញ​ឲ្យ​ភូមា​ទៅ​រក​ប្រជាធិបតេយ្យ​វិញ តែ​ទីបំផុត​បរាជ័យ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​បរាជ័យ​ដោះស្រាយ​រឿង​ភូមា​មិន​បាន កម្ពុជា​ក៏​ចូលរួម​ថ្កោលទោស​រុស្ស៊ី​ដែល​ឈ្លានពាន​អ៊ុយក្រែន។

ពេល​នោះ កម្ពុជា​ទទួល​បាន​ការ​សរសើរ​ពី​ពួក​បស្ចិម​ប្រទេស ប៉ុន្តែ​មក​ដល់​ពេលនេះ គេ​ថា​កម្ពុជា​មិន​អាច​ដក​ដៃ​ចេញពី​ចិន​បាន​ឡើយ ដោយសារតែ​កម្ពុជា​ធ្លាក់​ក្នុង​បំណុល​ចិន​ពាន់​លាន​ដុល្លារ​ទៅ​ហើយ។ ម្យ៉ាង​ទៀត សូម្បីតែ​អំណាច​របស់​បក្ស​ប្រជាជន​កម្ពុជា និង​អំណាច​បុគ្គល ក៏​កម្ពុជា​ពឹងពាក់​ចិន​ឱ្យ​ជួយ​ផង​ដែរ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស