32 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​វើលដ៍​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​សម្រាប់​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹង​កើតឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​សង្គម​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​មាន​បញ្ហា​បន្ត​កន្ទុយ​គ្នា មិនមែន​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ថា​ជំងឺ​សង្គម​ទាំងនោះ​នឹង​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ ខណៈ​ប្រជាពលរដ្ឋ​ក៏​នឹង​ត្រូវ​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់​ពី​វិបត្តិ​សង្គម​ទាំងនេះ​ផង​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា វិវាទ​ការងារ​នៃ​ក្រុម​ណាហ្គា​វើលដ៍​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់​រង​នូវ​ភាព​អយុត្តិធម៌ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ ដូច្នេះ​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ជម្លោះ​នេះ នឹង​ក្លាយ​ជា​គំរូ​ដ៏​អាក្រក់​មួយ​នៅ​កម្ពុជា​សម្រាប់​ថៅកែ​ក្រុមហ៊ុន​ដែល​មាន​ចេតនា​កេងប្រវ័ញ្ច​ញើស​ឈាម​កម្លាំង​កម្មករ​ដទៃ​ទៀត​យក​តម្រាប់​តាម ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ខូច​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​គេចវេះ​មិន​ដោះស្រាយ​ដោយ​ទុក​ឱ្យ​បញ្ហា​អូស​បន្លាយ​បែប​នេះ មិនមែន​ជា​រឿង​ល្អ​ឡើយ​សម្រាប់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ព្រោះ​ថា​បើ​មិន​ចង់​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន ឬ​ថៅកែ​រោងចក្រ​ទេ គ្មាន​វិធី​ណា​ល្អ​ជាង​យក​បញ្ហា​ទាំងនោះ​មក​ដាក់​លើ​តុ ហើយ​ជជែក​វែកញែក​ដើម្បី​ដោះស្រាយ​បញ្ចប់​វិបត្តិ​ទាំងនោះ​ឡើយ។

កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប្រមាណ ២០​នាក់ បាន​បន្ត​ធ្វើ​កូដកម្ម​ក្រោម​តំណក់​ទឹកភ្លៀង​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើ​ការងារ​វិញ និង​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​សមាជិក​សហជីព​របស់​ពួកគេ​ផង​ដែរ។

ក្រុម​កូដករ​ទាំងនោះ​ចេញ​តវ៉ា​ដោយ​មាន​កាន់​បដា​ដែល​សរសេរ​ពាក្យ​ថា “មាន​លុយ​សង់​ណាហ្គា​៣ យក​លេស​កូវីដ ដើម្បី​រំលាយ​សហជីព” “មាន​លុយ​សង់​ណាហ្គា​៣ តែ​គ្មាន​លទ្ធភាព​រក្សា​បុគ្គលិក ក្នុង​ចេតនា​ពិត​ចង់​រំលាយ​សហជីព LRSU” និង​ពាក្យ​ថា “យក​លេស​កូវីដ ដើម្បី​រំលាយ​សហជីព” ជាដើម ខណៈ​សន្តិសុខ​របស់​ក្រុមហ៊ុន​ជាង ១០​នាក់ បាន​ឈរ​ជា​ជួរ និង​ដាក់​បារ៉ាស់​បិទ​នៅ​ខាងមុខ​ក្រុមហ៊ុន​នៅ​អំឡុង​ពេល​នោះ​ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ប្រកាស​បញ្ឈប់​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ ក្រោម​មូលហេតុ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​កម្មករ​និយោជិត​ទាំងនោះ​អះអាង​ថា ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​លេស​របស់​ក្រុមហ៊ុន​ក្នុង​ចេតនា​ចង់​រំលាយ​ក្រុម​សហជីព​ដែល​តែងតែ​ជួយ​ការពារ​សិទ្ធិ​កម្មករ​កន្លងមក​ប៉ុណ្ណោះ។

បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ដោយ​រំលោភ​បំពាន​ច្បាប់​ការងារ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ១៣០០​នាក់ នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​នេះ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ទាំង ៣៦៥​នាក់ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ ឱ្យ​ចូល​បម្រើ​ការងារ​វិញ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ចោទ​ថា ពួកគេ​បាន​ធ្វើ​ចលនា​បដិវត្ត​ពណ៌​ដែល​មាន​ការ​រៀបចំ និង​បណ្តុះបណ្តាល​ដោយ​ពួក​បរទេស។

ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ពេលនេះ​មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ ប៉ុន្តែ​វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សាជាថ្មី​ម្តង​ទៀត​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ និង​ក្រុម​កូដករ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​រង​នូវ​បណ្តឹង​នានា​តាម​ផ្លូវ​តុលាការ ខណៈ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី បែរ​ជា​ចោទ​ថា ពួកគេ​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស