32 C
Phnom Penh

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​ចោទ​ពាក់ព័ន្ធ​យុទ្ធនាការ​របស់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​គណបក្ស​ភ្លើង​ទៀន​ថា គណបក្ស​នេះ​នឹង​រង​នូវ​ការ​រំលាយ​ដើម្បី​ផ្តាច់​ឫសគល់​ក្រុម​ជ្រុល​និយម​ឱ្យ​អស់​ពី​កម្ពុជា បន្ទាប់ពី​លោក​រក​ឃើញ​ថា បក្ស​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បំផ្លាញ​ការ​បោះឆ្នោត តាមរយៈ​ក្រុម​មួយ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ឈ្មោះ​ថា «សប្បាយ» កាលពី​ចុង​ខែ​កក្កដា កន្លងទៅ​នេះ។

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា បើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ហ៊ាន​លើក​កាំបិត​កាប់​លោក​ទៅ​ហើយ​នោះ លោក​ក៏​មិន​ញញើត​លើក​កាំបិត​កាប់​អ្នកគាំទ្រ​របស់​លោក សម រង្ស៊ី វិញ​ដែរ ព្រោះ​ថា​ភស្តុតាង​មាន​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ពិតប្រាកដ​ជាមួយ​លោក សម រង្ស៊ី ដែល​លោក​មាន​ទាំង​ភស្តុតាង និង​មាន​ទាំង​អ្នក​ដែល​បាន​សារភាព​ចំពោះ​រឿង​នេះ។

មេដឹកនាំ​ខ្មែរ​ដែល​សល់​ពី​របប​ខ្មៅ​ងងឹត លោក ហ៊ុន សែន លើកឡើង​បន្ត​ថា បរទេស​នានា​មិន​ត្រូវ​បង្ខំ​លោក​ឱ្យ​ដើរ​ដល់​ផ្លូវ​ទាល់ ដែល​ត្រូវតែ​សម្រេច​ចិត្ត​រំលាយ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ព្រោះ​ថា​បរទេស​ទាំងនោះ​គួរតែ​គោរព​នូវ​អធិបតេយ្យភាព ឯករាជភាព​របស់​កម្ពុជា និង​ទទួលស្គាល់​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​នេះ។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​គួរតែ​ដឹង​ខ្លួន​ហើយ​ដែល​សមាជិក​ខ្លួនឯង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ដក​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ខណៈ​អ្នក​ខ្លះ​ទៀត​បាន​សារភាព​ទទួល​កំហុស​ទៅ​ហើយ​នោះ។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ទង្វើ​របស់​ពួកគេ​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដែល​ពួកគេ​បាន​នាំគ្នា​ទៅ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល តាម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី តាមរយៈ​គណបក្ស​ភ្លើង​ទៀន​កន្លងមក។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​បាន​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​ដែល​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កាលពី​ពេល​កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ អំឡុង​ពេល​ដែល​ការ​បោះឆ្នោត​កំពុង​ដំណើរការ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជិត ៥០​នាក់ ដោយ​ចោទប្រកាន់​ថា​ពួកគេ​បាន​ញុះញង់​ឱ្យ​មាន​ការ​បំផ្លាញ​ការ​បោះឆ្នោត​តាមរយៈ​គណបក្ស​ភ្លើង​ទៀន​ក្រោម​បញ្ជា​របស់​លោក សម រង្ស៊ី បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​ជជែក​គ្នា​នៅ​ក្នុង​គ្រុប​តេឡេក្រាម​មួយ​ឈ្មោះ​ថា «សប្បាយ» ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ថា​គណបក្ស​ភ្លើង​ទៀន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គូស​ខ្វែង​សន្លឹកឆ្នោត​នេះ គណបក្ស​ភ្លើង​ទៀន​ក៏​ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ ផង​ដែរ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​ទៅ​បោះឆ្នោត ឬ​គូស​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នោះ​ទេ។

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ខណៈ​ជំហរ​របស់​ខ្លួន គឺ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដទៃ​ទៀត ព្រមទាំង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ស្រុក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ កក្កដា កន្លងទៅ ដោយ​ទាត់​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ ដែល​គេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច ដែល​រៀបចំ​ដោយ​មេដឹកនាំ​រំលោភ​ច្បាប់​លោក ហ៊ុន សែន ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស