39 C
Phnom Penh

ចិន​ព្យាយាម​បង្ហាញ​តួនាទី​អព្យាក្រឹត្យ​ចំពោះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ខណៈ​ចិន​នៅតែ​ផ្ដល់​ដង្ហើម​សេដ្ឋកិច្ច​ទៅ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ចិន ដែល​កំពុង​បរាជ័យ​ក្នុង​ការ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឱ្យ​មាន​ការ​ចរចា​ឡើងវិញ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ប្រាប់​ពិភពលោក​ថា ក្រុង​ប៉េកាំង មិន​បាន​លម្អៀង​ទៅ​ភាគី​ណា​មួយ​នោះ​ទេ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត តំណាង​ប្រទេស​ចិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​អំពី​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ចំពោះ​វិបត្តិ​នៃ​ប្រទេស​អ៊ុយក្រែន។

ការ​ប្រកាស​របស់​ចិន ដែល​បង្ហាញ​ជំហរ​ដូចនេះ​ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​នាំ​ឱ្យ​តំណាង​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ជំហាន​ថ្មី​ដ៏​ល្អ​ប្រសើរ។

ប្រទេស​ចំនួន ៤០ មាន​ទាំង​សហរដ្ឋ​អាមេរិក ចិន ឥណ្ឌា ព្រមទាំង​ប្រទេស​នៅ​អឺរ៉ុប មាន​អង់គ្លេស អាល្លឺម៉ង់ បារាំង បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​អ៊ុយក្រែន ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មក​នេះ តំណាង​រដ្ឋាភិបាល​ចិន គឺ​ប្រមុខ​ការទូត​លោក វ៉ាង យី បង្ហាញ​ជំហរ​ចង់​ឃើញ​សន្តិភាព​ឆាប់​កើតមាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ថា​ចិន​នៅតែ​មាន​ឆន្ទៈ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឱ្យ​ភាគី​រុស្ស៊ី និង​អ៊ុយក្រែន ទៅ​រក​តុ​ចរចា​ជា​ថ្មី។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុង​ប៉េកាំង ក៏​បាន​សាទរ​ផង​ដែរ​ដោយ​ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​ហៅ​វត្តមាន​របស់​ចិន​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ ប្រៀប​បាន​ជា​ការ​បំបែក​ភាព​អាថ៌កំបាំង ហើយ​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ។

សម្រាប់​អ៊ុយក្រែន ចាត់ទុក​ជំនួប​ពិភពលោក​នេះ​បាន​ឈាន​ឆ្ពោះ​ទៅ​រក​ការ​សម្របសម្រួល​អន្តរជាតិ​មួយ​លើ​គោលការណ៍​គ្រឹះ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម។

តែ​យ៉ាងណា រុស្ស៊ី​ដែល​គ្មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នេះ បាន​ហៅ​ថា​ជា​រឿង​បរាជ័យ​ចំពោះ​អ៊ុយក្រែន ដែល​ប៉ុនប៉ង​ចង់​បាន​ការ​គាំទ្រ​ពី​ប្រទេស​ដែល​មាន​កម្លាំង​សេដ្ឋកិច្ច​ខ្លាំងក្លា។ នៅ​ក្នុង​ជំនួប​តាម​ទូរសព្ទ​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​សីហា ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​ប្រាប់​សមភាគី​រុស្ស៊ី លោក សែកហ្គៃ ឡារ៉ូវ ថា​ចិន​នៅតែ​រក្សា​ជំហរ​អព្យាក្រឹត្យ​ជានិច្ច​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន។ ចំណែក​លោក ឡារ៉ូវ បាន​សាទរ​ជំហរ​របស់​ចិន ដោយ​ជូនពរ​ចិន​ឱ្យ​កាន់តែ​ជោគជ័យ​ធំធេង​ថែម​ទៀត។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN។

តើ​ចិន​ពិត​ជា​មាន​ជំហរ​អព្យាក្រឹត្យ​មែន​ទេ?

ចិន​ជា​ប្រទេស​ធំ​មួយ​នៅតែ​គាំទ្រ​នយោបាយ​ការទូត​រុស្ស៊ី ដោយ​មិន​បាន​ចូលរួម​ជាមួយ​អន្តរជាតិ​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ ហើយ​ផ្ទុយ​ទៅវិញ ចិន​បាន​បង្កើន​កិច្ច​ខំ​ប្រឹងប្រែង​ការទូត​ជា​ខ្លាំង​ជាមួយ​ក្រុង​មូស្គូ ដោយ​មាន​មហិច្ឆតា​ស្រូប​ផល​ប្រយោជន៍​ដែល​បាន​ពី​ស្ថានភាព​សង្គ្រាម​នៅ​អ៊ុយក្រែន។

ផល​ប្រយោជន៍​ដែល​ចិន​កំពុង​ទាញ​បាន​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន ដូចជា​ការ​ទទួល​បាន​ការ​ទិញ​ឧស្ម័ន និង​ប្រេង​ពី​រុស្ស៊ី​ដោយ​តម្លៃ​ថោក និង​ទាញ​រុស្ស៊ី​ឱ្យ​បង្ហាញ​កម្លាំង និង​ឥទ្ធិពល​រួម​ជាមួយ​ចិន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូចជា​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​ញឹកញាប់​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ជា​ការ​គំរាម​ប្រទេស​ជប៉ុន ហើយ​រហូត​ដល់​ក្រុង​ប៉េកាំង សាទរ​រុស្ស៊ី​បញ្ជូន​នាវាចម្បាំង​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ទៀត​ផង។

អ្នកវិភាគ និង​អ្នក​តាមដាន​ស្ថានភាព​ពិភពលោក បាន​ហៅ​ការ​បង្ហាញ​ជំហរ​របស់​ចិន ដែល​ខ្លួន​តាំងចិត្ត​អព្យាក្រឹត្យ គឺ​មិនមែន​ជា​ការ​ប្តូរ​ផ្លាស់​ជំហរ​ងាក​ចេញពី​រុស្ស៊ី​នោះ​ទេ។ ក្រុម​អ្នកវិភាគ​នៅតែ​គិត​ថា ក្រុង​ប៉េកាំង មិន​មាន​ភាព​ស្មោះត្រង់​ដូច​នឹង​ការ​បង្ហាញ​ជំហរ​របស់​ខ្លួន​នោះ​ទេ។ គេ​ថា​ចិន​ត្រូវការ​ផល​ប្រយោជន៍​នៅ​ពេល​ដែល​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​រឹងមាំ ហើយ​មាន​ឥទ្ធិពល។

ដូច​គេ​ដឹង​ហើយ​ថា នៅ​ពេល​ពិភពលោក​រួម​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​រុស្ស៊ី បែរ​ជា​ក្រុង​ប៉េកាំង ពង្រីក​ពាណិជ្ជកម្ម​តាម​ព្រំដែន​ជាមួយ​រុស្ស៊ី​កាន់តែ​ធំ​ជាង​មុន​ទៀត។ គេ​ថា​ចិន​នៅតែ​ផ្ដល់​ដង្ហើម​សេដ្ឋកិច្ច​ទៅ​ឱ្យ​រុស្ស៊ី ដើម្បី​បន្ត​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន រហូត​ដល់​ដំណាក់កាល​ចុងក្រោយ។

ដូច​នេះ​ហើយ​បាន​ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Matthew Miller នៅតែ​បន្ត​ទាមទារ​ឱ្យ​ចិន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​ជំរុញ​រុស្ស៊ី​ត្រូវ​គោរព​បូរណភាព និង​អធិបតេយ្យភាព​របស់​អ៊ុយក្រែន ហើយ​ត្រូវ​ដក​ទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស