32 C
Phnom Penh

ហ្វីលីពីន​នៅតែ​មិន​ព្រម​អូស​ខ្មោច​នាវាចម្បាំង​នៃ​សង្គ្រាម​លោក​លើក​ទី​២​តាម​ការ​ទាមទារ​របស់​ពី​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​៨ សីហា មហាយក្ស​ចិន​បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន អូស​នាវា​ខ្មោច​របស់​ខ្លួន​ចេញពី​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ មិន​តែប៉ុណ្ណោះ ហ្វីលីពីន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន នៅ​ម៉ានីល ដើម្បី​តវ៉ា​ប្រឆាំង​ឆ្មាំ​សមុទ្រ​ចិន​ដែល​បាន​បាញ់​ទឹក​រារាំង​មិន​ឲ្យ​ទូក​ហ្វីលីពីន​ដឹក​ស្បៀង​ទៅ​ផ្គត់ផ្គង់​ទ័ព​ជើងទឹក​ដែល​កំពុង​ប្រចាំការ​នៅ​លើ​ខ្មោច​នាវាចម្បាំង​នោះ។

មក​ដល់​ថ្ងៃទី​១០ ខែ​សីហា នេះ ហ្វីលីពីន ប្រកាស​ថា​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​នៃ​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas របស់​ហ្វីលីពីន គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​តាម​ការ​គាបសង្កត់​របស់​ក្រុង​ប៉េកាំង នោះ​ទេ។ បច្ចុប្បន្ន​នេះ ហ្វីលីពីន​លែង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន​ដូច​សម័យ​លោក រ៉ូឌ្រីងហ្គូ ឌូទើតេ ទៀត​ហើយ។

ក្រសួង​ការបរទេស​ចិន បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន អូស​ខ្មោច​នាវាចម្បាំង​របស់​ខ្លួន​ចេញពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ ដោយ​ក្រុង​ប៉េកាំង​អះអាង​ថា ខ្មោច​នាវាចម្បាំង​របស់​ហ្វីលីពីន​ឈ្មោះ BRP Sierra Madre ត្រូវ​បាន​ហ្វីលីពីន​យក​ទៅ​ចត​ចោល​នៅ​តំបន់​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​របស់​ចិន ដែល​មាន​ឈ្មោះ​ថា Ren’ai ដែល​ថា​ទីនោះ​ជា​ដែនទឹក​របស់​ចិន។

ក្រុង​ប៉េកាំង​បាន​បញ្ជាក់​ថា ហ្វីលីពីន​បាន​សន្យា​ថា​នឹង​សណ្ដោង​អូស​ខ្មោច​នាវាចម្បាំង​នោះ​ចេញពី​តំបន់​កោះ​ថ្ម​ប៉ប្រះ​ទឹក​នោះ។ តែ​ផ្ទុយទៅវិញ ហ្វីលីពីន​បង្កើន​សកម្មភាព​របស់​ខ្លួន​ដើម្បី​ជួសជុល​នាវា​នោះ គឺ​ក្នុង​គោលដៅ​ចាប់​យក​តំបន់​នោះ​ជា​ដែនទឹក​របស់​ខ្លួន។ ចិន​ទាមទារ​ឱ្យ​ហ្វីលីពីន​គោរព​កិច្ចសន្យា​របស់​ខ្លួន។

ចិន​បាន​ទាមទារ​ឲ្យ​ហ្វីលីពីន​ត្រូវតែ​ចេញ​មុខ​ធានា​ថា​គ្មាន​វត្តមាន​សំណង់​អ្វី​ទាំងអស់​​នៅ​លើ​កូន​កោះ​ដែល​ជា​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ Spratley។ ក្រុង​ប៉េកាំង​អះអាង​ថា ខ្លួន​មាន​កម្មសិទ្ធិ​ស្ទើរ​ទាំងអស់​គឺ​មាន​ដល់​ទៅ ៩០​ភាគរយ​នៃ​ផ្ទៃ​ទឹក​សរុប ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ចិន​ព្យាយាម​ពង្រីក​ដែនទឹក​ហៀ​ចូល​ទៅ​ដែនទឹក​ប្រទេស​ក្នុង​តំបន់​មាន​ដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ដោយ​សំអាង​លើ​តំបន់​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និង​ផែនទី​របស់​ខ្លួន។ ក្រុង​ប៉េកាំង​បាន​យក​ផែនទី​របស់​ខ្លួន​តាំងពី​ឆ្នាំ​១៩៤០ ដែល​មាន​គំនូស ៩​ឆ្នូត​ជា​សំអាង ហើយ​វាត​យក​ទឹកដី​ប្រទេស​ជិតខាង។

តាមរយៈ​ការ​គូស​ផែនទី​ថ្មី ចិន​បង្កើត​សំណង់​យោធា កំពង់ផែ និង​កន្លែង​ចូល​សំចត​យន្តហោះ​ចម្បាំង រហូត​ចិន​ដាក់​ពង្រាយ​កាំភ្លើង​ធំ និង​ដំឡើង​ប្រព័ន្ធ​មីស៊ីល​នៅ​លើ​កូន​កោះ​តូច​ធំ​ទាំងនោះ ដោយ​ឈាន​ដល់​ការ​បំពាន​ដែនទឹក​នៃ​ប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ហើយ​ចុងក្រោយ​គឺ​ប្រទេស​ឥណ្ឌូនេស៊ី។

តែ​មក​ដល់​ពេលនេះ ប្រធានាធិបតី​ហ្វីលីពីន ដែល​មិន​មែន​លោក ឌូទើតេ ដែល​គេ​ហៅ​ថា​អាយ៉ង​របស់​ចិន គឺ​លោក ហ្វីឌឺណង់ ម៉ាកូសជ័រ មិន​បាន​ធ្វើ​តាម​ការ​ទាមទារ​របស់​ចិន​ឡើយ។

ប្រធានាធិបតី​ថ្មី​នេះ​ហើយ​បាន​សម្រេច​ប្រឈមមុខ​នឹង​ចិន។ នៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ លោក​សច្ចា​ថា នឹង​មិន​ដក​ខ្លួន​ចេញពី​ការ​ប្រឈមមុខ​នឹង​ចិន​ដាច់ខាត ទោះ​ជា​ចិន​លើក​ទ័ព​មក​គំរាម​ក៏ដោយ។ លោក​ថា សាលដីកា​ឆ្នាំ​២០១៦ របស់​តុលាការ​មជ្ឈិត្តការ​អន្តរជាតិ បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន​ចូល​ទៅ​កាន់កាប់​ឡើងវិញ​នៅ​តំបន់​សមុទ្រ​ដែល​ធ្លាប់​ជា​ដែនទឹក​របស់​ហ្វីលីពីន។ លោក​បាន​អំពាវនាវ​ឱ្យ​ចិន គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ និង​សាលក្រម​របស់​តុលាការ​អន្តរជាតិ​នេះ។

ឥឡូវ​នេះ កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​លោក ម៉ាគូសជ័រ បាន​ចុះហត្ថលេខា​ឱ្យ​មក​តាំង​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​ហ្វីលីពីន ក៏​មាន​នៅ​លើ​កោះ​ដែល​ស្ថិត​ក្នុង​ដែន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។ វត្តមាន​កងទ័ព​មហា​អំណាច​នេះ​ហើយ​ដែល​នាំ​ឱ្យ​ហ្វីលីពីន​សព្វថ្ងៃ​នេះ​ហ៊ាន​ប្រឈមមុខ​នឹង​ចិន​ជា​មហាយក្ស​ក្នុង​តំបន់។

តើ​ខ្មោច​នាវាចម្បាំង BRP Sierra Madre ជា​របស់​ប្រទេស​ណា?

BRP Sierra Madre គឺជា​នាវាចម្បាំង​របស់​សហរដ្ឋ​អាមេរិក។ វា​ជា​នាវា​សម្រាប់​ដឹក​កងទ័ព​ទៅ​ប្រយុទ្ធ​នឹង​កងទ័ព​សត្រូវ​កាលពី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ អាមេរិក​ប្រើ​នាវា​នោះ​រហូត​ដល់​សម័យ​សង្គ្រាម​ត្រជាក់ គឺ​សង្គ្រាម​នៅ​ឥណ្ឌូចិន ឬ​សង្គ្រាម​វៀតណាម​ខាងត្បូង តែ​អាមេរិក​បាន​ប្រគល់​នាវា​នោះ​ទៅ​ឲ្យ​កងទ័ព​ជើងទឹក​ហ្វីលីពីន ខណៈ​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​យោធា​ជាមួយ​មហា​អំណាច​នេះ។

ក្រោយពី​នាវា​នោះ​ប្រើ​លែង​បាន គឺ​នៅ​ឆ្នាំ​១៩៩៩ ហ្វីលីពីន​ក៏​បាន​អូស​វា​ទៅ​ចត​នៅ​តំបន់​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas ប្រជុំ​កោះ Spratley។ ទីនោះ​ហើយ​ជា​ភស្តុតាង​ដែល​ទ័ព​ហ្វីលីពីន​ចាត់ទុក​ជា​ដែនទឹក​របស់​ខ្លួន។

ខ្មោច​នាវាចម្បាំង​នេះ​មាន​ប្រវែង ១០០​ម៉ែត្រ។ បច្ចុប្បន្ន​មាន​ទ័ព​ជើងទឹក​ហ្វីលីពីន​ជាង ១០​នាក់​កំពុង​ស្ថិត​នៅ​លើ​នាវា​នោះ ហើយ​វា​ជា​ប៉ុស្តិ៍​យាម​របស់​កងទ័ព​ជើងទឹក​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​គោលដៅ​ការពារ​ដែនទឹក​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស