28.7 C
Phnom Penh

អតីត​អ្នកទោស​នយោបាយ៖ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្ន​នយោបាយ​ការទូត​ជាមួយ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា កូនប្រុស​ច្បង​ត្រៀម​ស្នង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​បន្ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រយ័ត្នប្រយែង​នយោបាយ​ការទូត​ជាមួយ​បរទេស​ជិតខាង ជាពិសេស​គឺ​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ចិន ជុំវិញ​អធិបតេយ្យ​ជាតិ និង​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា អ្នក​បន្ត​វេន​បក្ស​កាន់​អំណាច​ដែល​កំពុង​ត្រៀម​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ ត្រូវ​ប្រកាន់​នយោបាយ​ការទូត​ដែល​អព្យាក្រឹត ដោយ​មិន​លម្អៀង​ទៅ​លើ​មហាអំណាច​ណា​មួយ​នោះ​ឡើយ ជាពិសេស​មហាអំណាច​ចិន​ដែល​កំពុង​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​បក្ស​ខ្លួន​រហូត​មក​នោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ដាស់តឿន​នេះ គឺ​ដោយសារ​តែ​កម្ពុជា​បាន​ជំពាក់​បំណុល​ចិន​តាំងពី​ជំនាន់​លោក ហ៊ុន សែន ជា​ឪពុក ដែល​នឹង​ត្រូវ​បន្ត​ទៅ​ដល់​កូន​របស់​គាត់​ក្នុង​រង្វង់​ជិត ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​សព្វថ្ងៃ​នេះ ដូច្នេះ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ត្រូវតែ​ព្យាយាម​រុញ​កម្ពុជា​ចេញ​ឱ្យ​ផុត​ពី​បំណុល​របស់​បរទេស​ដែល​គ្មាន​តម្លាភាព​នេះ ទោះបីជា​រដ្ឋាភិបាល​ចិន​បាន​លើក​សរសើរ​ថា កម្ពុជា​ល្អ​បែប​នេះ ឬ​ល្អ​បែប​នោះ​ក៏ដោយ ព្រោះ​ថា​ចិន​ដែល​ហ៊ាន​ឱ្យ​កម្ពុជា​ខ្ចី​បុល​ដូច​សព្វថ្ងៃ​នេះ ក៏​ដោយសារតែ​ពួកគេ​សម្លឹង​ឃើញ​ប្រយោជន៍​ធំ​ពី​កម្ពុជា​ដែរ។

លោក​អះអាង​ថា ក្រៅពី​បំណុល​រវាង​កម្ពុជា-ចិន ក៏​នៅ​សល់​បញ្ហា​ជុំវិញ​តំបន់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​សម្រាប់​អ្នក​បន្ត​វេន​ត្រូវ​ដោះស្រាយ​ដែរ ដើម្បី​បង្ហាញ​ពី​តម្លាភាព​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ និង​មហាអំណាច​ជិតខាង​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ចៀសវាង​កម្ពុជា​នាំ​ទុក្ខ​ដាក់​ខ្លួន​ដោយសារតែ​លង់​ខ្លួន​នឹង​នយោបាយ​ការទូត​មិន​ស្មោះត្រង់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ។

កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​កម្ពុជា ដោយ​លើកឡើង​ថា លោក​មាន​ជំនឿ​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ថ្ងៃ​មុខ នឹង​នាំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា-ចិន កាន់តែ​រីកចម្រើន​ឡើង និង​កាន់តែ​ធំធាត់​ឡើង​ថែម​ទៀត។

ក្រោយ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក វ៉ាង យី រួម​ទាំង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ខែ​សីហា ថា លោក វ៉ាង យី បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ចិន ក្នុង​ការ​គោរព​អធិបតេយ្យ​របស់​កម្ពុជា និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី និង​មាគ៌ា​អភិវឌ្ឍ​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ក្នុង​ជំនួប​នេះ​ក៏​បាន​ពិភាក្សា​ពី​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ រួម​មាន​ទំនាក់ទំនង​នយោបាយ​ការទូត ការ​ពង្រីក​ពាណិជ្ជកម្ម ការ​សម្របសម្រួល​ការ​វិនិយោគ ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ការ​ផ្លាស់ប្ដូរ​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ផង​ដែរ ដើម្បី​បង្ហាញ​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា ក្រោម​ការ​ជ្រោមជ្រែង​របស់​ចិន ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ឯករាជ្យ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន ខុស​ពី​ប្រទេស​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ធ្វើ​ទៅ​តាម​ការ​ចង់បាន​របស់​ពួកគេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជភាព​ក្នុង​នាម​ជា​រដ្ឋ​ដែល​មាន​អធិបតេយ្យ​ពេញលេញ។

យ៉ាងណា​ក៏ដោយ ទំនាក់ទំនង​កម្ពុជា-ចិន​បាន​បង្ហាញ​នូវ​ក្តី​កង្វល់​ធំ​ពីរ​សម្រាប់​កម្ពុជា ទី​១ គឺ​បំណុល ទី​២ គឺ​កងទ័ព​ចិន​នៅ​មូលដ្ឋាន​យោធា​រាម។

ជាក់ស្តែង កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ជា​លក្ខណៈ​ទ្វេភាគី​មាន​រហូត​ដល់​ទៅ ៧០% ហើយ​ក្នុង​បំណុល​ទ្វេភាគី ៧០% នេះ កម្ពុជា​បាន​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ដល់​ទៅ​ជាង ៤២% ផង​ដែរ ដែល​ជា​តួលេខ​ខ្ពស់​មួយ​នៃ​បំណុល​កម្ពុជា​ដែល​កំពុង​ជំពាក់​ប្រទេស​ដទៃ​ទៀត​ក្នុង​ពេល​ដំណាល​គ្នា​នេះ។

ក្រៅពី​បំណុល​ចិន កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២២ កងទ័ព​ជើងគោក​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​មេបញ្ជាការ​កងទ័ព​ជើងគោក​ចិន លោក លីវ ចេន លី (Liu Zhen Li) បាន​សម្រេច​ចុះហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី «កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន» ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ជិតស្និទ្ធ​យូរ​អង្វែង​រវាង​កងទ័ព​ជើងគោក​ទាំង​ពីរ​ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព និង​ផល​ប្រយោជន៍​ទៅវិញ​ទៅមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស